សេត​វិមាន​ប៉ាន់ស្មាន​ថា ១​សែន​ទៅ​ជាង​២​សែន​នាក់​ស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​អាម៉េរិក​

241
ចែករម្លែក

​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មីនា បាន​ប៉ាន់ស្មាន​ថា​មនុស្ស​១០០.០០០​ទៅ​២៤០.០០០​នាក់ នឹង​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​អាម៉េរិក ​ប្រសិនបើ​ការ​​ណែនាំ​ឲ្យ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​នា​ពេលបច្ចុប្បន្ន​ត្រូវបាន​អនុវត្ត​។​

​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខិតខំ​ពន្យឺត​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដោយសារ​វា​ជា​«​បញ្ហា​ស្លាប់​រស់​»​និង​បាន​ទទូច​ដល់​​សាធារណជន​ឲ្យគោរព​ការណែនាំ​ស្តីពី​ការ​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ក្នុងសង្គម​និង​កុំ​បះ​ពាល់​វត្ថុ​សង្ស័យថា​មាន​វីរុស​។​លោក​ប្រធានាធិបតី បាន​អំពាវនាវ​​ឲ្យជនជាតិ​អាម៉េរិក​តស៊ូ​ជម្នះ​«​ពេលវេលា​ដ៏​លំបាក​២​សប្តាហ៍​»​តែ​បាន​ព្យាករណ៍​ថា​ប្រទេស​នឹង​«​ឃើញ​ពន្លឺ​នៅ​ទី​បញ្ចប់​»​នៃ​មហន្តរាយ​សកល​នេះ​​ដែល​រហូតទល់​ពេល​នេះ​បាន​ឆក់យក​ជីវិត​ពលរដ្ឋ​អាម៉េរិក​ជាង​៣.៨០០​នាក់ និង​ចម្លង​ជាង​១៨៥.០០០​នាក់​។​

​លោក​ត្រាំ បាន​និយាយ​ដូច្នេះ​ថា​«​ខ្ញុំ​ចង់ឲ្យ​ជនជាតិ​អាម៉េរិក​គ្រប់​គ្នា​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ដ៏​លំបាក​ដែល​កំពុង​រង់ចាំ​ខាងមុខ​។​យើង​នឹង​ឆ្លងកាត់​ពេល​លំ​​បាកនេះ​២​សប្តាហ៍​»​។​

​ត្រាំ ព្រមាន​ពលរដ្ឋ​អាម៉េរិក​អំពី​ពេលវេលា​លំបាក​២​សប្តាហ៍​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩

​ការអំពាវនាវ​នេះ​កើត​ឡើង​ក្រោយ​ពី​លោក​ត្រាំ​កាលពី​ថ្ងៃអាទិត្យ​បានប្រកាស​បន្ត​ការណែនាំ​ឲ្យនៅ​ឆ្ងាយ​ពីគ្នា​ក្នុងសង្គម​រហូត​ដល់​ថ្ងៃ​៣០​មេសា ដោយ​​សុំ​ឲ្យពលរដ្ឋ​អាម៉េរិក​ឈប់​ការជួបជុំ​គ្នា ធ្វើការ​ចេញពីផ្ទះ ផ្អាក​ការសិក្សា​រៀនសូត្រ​នៅ​តាម​សាលារៀន​និង​ខិតខំ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​វី​​រុស​កូរ៉ូណា​។​

​ការប៉ាន់ស្មាន​របស់​សេត​វិមាន​កើតឡើង​ចំពេល​ទីក្រុង​ញូវយ៉ក​បាន​រាយការណ៍​អំពី​ការស្លាប់​មនុស្ស​ជាង​៣០០​នាក់​ពី​វីរុស​កូរ៉ូ​ណានៅ​២៤​ម៉ោង​កន្លងមក​​ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ពី​វីរុស​នេះ​នៅ​ញូវយ៉ក​កើន​ដល់​១.៥៥០​នាក់ និង​៧៥.៧៩៥​នាក់​ឆ្លង ​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ទិដ្ឋភាព​សោកសៅ​នៅក្រៅ​មន្ទីរពេទ្យ​ក្រុង​ញូវយ៉ក នៅ​ពេល​កម្មករ​ប្រើ​រថយន្ត​ចូក​លើក​សាកសព​អ្នក​ជំងឺ​កូវី​ដ​១៩​ចូល​ក្នុង​កុងតឺន័រ​ក្លាស្សេ​