កូ​វីដ​១៩ អាចជា​ម៉ែត្រ​វាស់​សមត្ថភាព​សុខាភិបាល​របស់​កម្ពុជា​

289
ចែករម្លែក

កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​បុរស​ជនជាតិចិន​ម្នា​ក់កើត​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្ត​ព្រះសីហនុ​។ បន្តម​កនៅ​ថ្ងៃទី​១០​កុម្ភៈ បុរស​ជនជាតិ​ចិន​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ក្រោយ​ព្យាបាល​ជាសះស្បើយ​។​
​ ​
​រហូតដល់​ថ្ងៃទី​៧​ខែមីនា ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ទី​២ នៅ​កម្ពុជា​គឺ​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប​ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​។ បុរសជនជាតិ​ជប៉ុន​នោះ​ត្រូវបាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​នៅពេល​ទៅដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​៥​មីនា​។​
​ ​
ជា​បន្តបន្ទាប់​នៅ​កម្ពុជា​បាន​រកឃើញ​ជនបរទេស​និង​ជនជាតិខ្មែរ​ដែល​ធ្វើដំណើរ ពី បរទេសចូលមក​កម្ពុជា ហើយ​ក៏មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​
​ ​
យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែមីនា ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១​មីនា​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​មាន​ចំនួន​១០៩​នាក់ ។ មាន​អ្នក​ព្យាបាលជាសះស្បើយ​សរុប​២៣​នាក់​ដែលជា​បុរស​ជនជាតិ​ចិន​ម្នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​ពីរ​នាក់ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បុរស​ជនជាតិ​បារាំង​ម្នាក់ និង​បុរស​ជនជាតិខ្មែរ​១៨​នាក់​។ ចំណែក​អ្នក ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៨៦​នាក់ ដែលមាន​ស្ត្រី ២៨​នាក់ និង​បុរស ៥៨​នាក់​។ អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ពុំមាន​ឡើយ​។​

​បុរស​ជនជាតិខ្មែរ អាយុ ៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប បាន​ចំណាយពេល​ព្យាបាល​យូរថ្ងៃ​ជាងគេ ព្រោះបានធ្វើ​តេស្ត ៧-៨​ដង នៅតែមាន​វីរុស​កូ​វីដ​១៩ ដោយសារតែ​បុរស​នេះ មាន​ជំងឺ​រលាកថ្លើម​។​

​ក៏ប៉ុន្តែ​ទោះបីជា​យ៉ាង​ក៏ដោយ នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ មកដល់​ថ្ងៃទី​៣១​មីនា គឺ​មិនមាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​ដោយសារតែ​ជំងឺឆ្លង​ដ៏​កាច​សាហាវ នេះ​ទេ​។ ផ្ទុយទៅវិញ​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ខ្មែរ និង​បរទេស​បានជា​សះស្បើយ ជា​បន្តបន្ទាប់ រហូតដល់ ២៣​នាក់​ហើយ​។ ចំណែក​អ្នកជំងឺ​ដែល​បន្ត​សម្រាក​ព្យាបាលចំនួន ៨៦​នាក់ ទាំង​ខ្មែរ និង​ទាំង​អ្នកជំងឺ​បរទេស ក៏មាន​សុខភាព​ល្អប្រសើរ ហើយក៏​នឹង​ឈាន​ទៅជាសះស្បើយ​ពី​ជំងឺ​កូ​វីដ ជា​បន្តបន្ទាប់​ផងដែរ​។​

​ក្រៅពី​ការយកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ កម្ពុជា​តាមរយៈ​សម្តេច​ប្រមុខ​រាជរដ្ឋា ភិបាល ក៏បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់ មិន​ឲ្យ​ជំងឺ​កូ​វីដ ឆ្លង​រាលដាល​ពិសេស​នៅតាម​ស្រុក ភូមិ​ឡើយ​។ ក្នុងនោះ​មាន​ទាំង​ការអនុវត្ត​ន៍វិធាន​ការបិទ​សាលា រៀន ហាម​ការជួបជុំ​មនុស្ស​ច្រើន និង​បិទ​ហាង​ម៉ាស្សា​ខារ៉ាអូខេ រោងកុន ព្រមទាំង​កាស៊ីណូ ជាដើម​។​

​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ជំងឺ​កូ​វីដ​១៩ ក៏ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច គ្រូពេទ្យ ក្រុមយុវជន ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ភូមិ​ឃុំ​ព្រមទាំង​ចែក​ម៉ាស ក្រមា ទឹក​អាល់កុល​លាងដៃ​និង​ជេ​ល​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​។ សកម្មភាព​នេះ​ត្រូវបានធ្វើ​នៅ ទូទាំងប្រទេស ហើយ​តាម​ក្រសួង​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ក៏បាន​អនុវត្ត​វិធានការ​អនាម័យ ដោយ​វាស់​កម្តៅ និង​ដាក់​ទឹក​អាល់កុល​លាងដៃ​សម្លាប់​មេរោគ ជាដើម​ផងដែរ​។​

​ជារួម ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា មិន​ភ្លេច​នឹង​វិធានការ​ការពារ​ជំងឺឆ្លង​នេះ ដោយ​ការធ្វើ​អនាម័យ លាងដៃ ពាក់​ម៉ាស់​ជាប់​ជាប្រចាំ នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​នៅ​ថ្ងៃទី​៣០​មីនា ពី​ការបញ្ជាទិញ​ម៉ាស ៥,២​លាន​ម៉ាស និង​សម្ភារឧបករណ៍​ខោអាវ​ពេទ្យ ៥.០០០ សម្រាប់ ដើម្បី​ត្រៀម​បម្រុង និង​សម្រាប់​ក្រុមគ្រូពេទ្យប្រើប្រាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​។​

​សូម​បងប្អូន បន្ត​អនាម័យ និង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ តែ​កុំ​ឲ្យ​ក្លាយជា​ការរើសអើង​រវាង​បង ប្អូន​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ ដោយសារតែ​ការភ័យខ្លាច​ជ្រុល​ហួសហេតុ​។​

​អ្វីដែល​កម្ពុជា​ធ្វើបាន​នាពេលនេះ​ក្នុង​វិស័យ​សុខាភិបាល​ដែល​ធ្លាប់តែ​មានការ​រិះគន់​ពី​គុណភាព ពី​សេវា ពី​ជំនឿ​ជាក់​នោះ លទ្ធផល​ពេលនេះ​អាចជា​ម៉ែត្រ​វាស់​បាន​ពី​គ្រូពេទ្យ​និង​វិស័យសុខាភិបាល​របស់​កម្ពុ​ជា ក្នុងពេលដែល​ប្រទេស​រីកចម្រើន​ជាច្រើន​លើ​លោក​ក្នុងនោះ​មាន​ទាំងអាម៉េរិក​ផង មាន​អ្នកជំងឺ​ជាច្រើន​បាន​ស្លាប់​និង​រាប់ម៉ឺន​នាក់​បាន​ឆ្លង​ដោយសារ​វីរុស​កូ​វីដ​១៩​នេះ​៕ ដោយៈ ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ