ក្រុមហ៊ុន Fujifilm របស់ជប៉ុនចាប់ផ្តើមសាកល្បងថ្នាំ Avigan ដើម្បីព្យាបាលជំងឺកូវីដ១៩

383
ចែករម្លែក

ក្រុមហ៊ុន Fujifilm របស់ជប៉ុនបានចាប់ផ្តើមសាកល្បងព្យាបាលដើម្បីតេស្តមើលប្រសិទ្ធភាពនៃថ្នាំប្រឆាំងនឹងជំងឺផ្តាសាយរបស់ខ្លួន គឺថ្នាំ Avigan ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីមានរបាយការណ៍អំពីលទ្ធផលគួរជាទីរំពឹងនៅក្នុងប្រទេសចិន។

ការសាកល្បងព្យាបាលនៅក្នុងប្រទេសចិនបានបង្ហាញថា ថ្នាំ Avigan អាចដើរតួក្នុងការពន្លឿនពេលវេលាឱ្យឆាប់ជាសះស្បើយសម្រាប់អ្នកជំងឺកូរ៉ូណា។

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធទី១មេសានេះថា “ការសាកល្បងព្យាបាលនឹងត្រូវធ្វើឡើងលើអ្នកជំងឺ ១០០ នាក់រហូតដល់ដំណាច់ខែមិថុនា”។

លោកបានបន្ថែមថា “យើងនឹងប្រមូលទិន្នន័យ ធ្វើវិភាគ និង រៀបចំឯកសារសម្រាប់ការអនុម័តបន្ទាប់ពីការសាកល្បងព្យាបាល”។

អ្នកនាំពាក្យរូបនោះបាននិយាយថា ថ្នាំនេះនឹងអនុញ្ញាតឱ្យលេបរយៈពេលអតិបរមា ១៤ ថ្ងៃចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាយុចន្លោះពី ២០ ទៅ ៧៤ ឆ្នាំ ដែលមានរោគសញ្ញារលាកសួតកម្រិតស្រាល។

គាត់បានបន្ថែមទៀតថា ការស្រាវជ្រាវនេះនឹងមិនរាប់បញ្ចូលស្ត្រីមានផ្ទៃពោះទេ ដោយសារតែផលប៉ះពាល់ដែលបង្ហាញនៅក្នុងការធ្វើតេស្តចំពោះសត្វ។

ការសាកល្បងព្យាបាលដែលមាន៣ដំណាក់កាលនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាល “នឹងចាប់ផ្តើមដំណើរការចាំបាច់ដើម្បីអនុម័តជាផ្លូវការនូវថ្នាំ Avigan សម្រាប់ព្យាបាលជំងឺកូវីដ១៩”។

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាចិនបាននិយាយកាលពីខែមុនថា ចិនបានសម្រេចរួចរាល់នូវការសាកល្បងលើឱសថ Favipiravir ដែលជាគ្រឿងផ្សំសំខាន់នៅក្នុងថ្នាំ Avigan។

ការសាកល្បងចំនួនពីរនៅក្នុងប្រទេសចិនបានរកឃើញថាថ្នាំនេះបានពន្លឿនពេលវេលាឆាប់ជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ១៩ ប៉ុន្តែក្រុមហ៊ុន Fujifilm មិនបានចូលរួមក្នុងកម្មវិធីសាកល្បងព្យាបាលទាំងនោះទេ។

បច្ចុប្បន្នថ្នាំ Avigan ត្រូវបានអនុម័តឱ្យផលិតនិងលក់នៅប្រទេសជប៉ុនជាថ្នាំប្រឆាំងជំងឺផ្តាសាយ៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Avigan កំពុងសាកល្បងព្យាបាលលើអ្នកជំងឺកូវីដ១៩នៅជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម