តម្លៃ​ប្រេងសាំង​បន្ត​ធ្លាក់​ថ្លៃ​នៅសល់​ត្រឹមតែ ២.៣៥០​រៀល ក្នុង​មួយ​លីត្រ

583
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: គិត​ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ តម្លៃ​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ​ធំៗ បាន​ធ្លាក់​ថ្លៃ​ត្រឹមតែ​ចំនួន​២.៣៥០​រៀល (​ប្រេងសាំង​ធម្មតា​) ក្នុង​មួយ​លីត្រ​។ ដោយឡែក ប្រេងម៉ាស៊ូត​ធ្លាក់​ត្រឹមតែ ២.៤៥០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​លីត្រ​។

​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍ របស់​ក្រសួងពាណិជ្ជកម្ម ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា​នេះ​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៥ មេសា​ខាងមុខ នឹងត្រូវ​លក់​២,៥៣៤​រៀល ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​២,៦១៣​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។ ក្នុងនោះ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​០៤​សេន ស្មើ​២០០​រៀល ក្នុង​មួយ​លីត្រ​។​

​គួររម្លឹកថា កាលពីពេល​កន្លងទៅ ក្នុង​ចន្លោះ​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​៣១ ខែមីនា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ ៣,០៥០​រៀល ក្នុង​១​លីត្រ​។ ចំណែក​ប្រេងម៉ាស៊ូត​ថ្លៃ​៣,១៥០​រៀល ក្នុង​១​លីត្រ​។ ជុំវិញ​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ​ខាងលើនេះ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រសួង​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​បង្ហាញ​ស្រាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម