អភិបាលរាជធានីភ្នំពេញជំរុញការស្តារប្រឡាយ ការដាក់លូនៅប្រ​ឡាយត្រពាំងជ្រៃឲ្យបានលឿន ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

222
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដីនាព្រឹកថ្ងៃទី០១ មេសានេះបានចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយ ការដាក់លូនៅចំណុចប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឱ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈអោយបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ៖ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងមហាវិថីសហព័ន្ធរុស្ស៊ីនេះ គឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចម្ការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយ អូរ អាគុជ ដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រ ក្នុងនោះមានការងារដាក់លូជ្រុលមួយជួរ មានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង៧០០ ម៉ែត្រមួយចំហៀង ចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់លូមានប្រវែង៥០០ម៉ែត្រ ទទឹង ៣ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ ទទឹង៧ម៉ែត្រនិងប្រវែង៧០០ម៉ែត្រទទឹង១០ម៉ែត្រ ដែលមានផ្ទៃ

ក្រឡាសរុប១៣៦៥០ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុងមួយទីតាំងឆ្លងកាត់ប្រឡាយទួលសំពៅ(ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខរាជធានីភ្នំពេញជំហានទី២។

ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពប្រឡាយខាងលើនេះ លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស លោកហែម ដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យធ្វើយ៉ាងណាចុះធ្វើការសម្របសម្រួលនិងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះអោយបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុក ដោយហេតុថា ប្រឡាយខាងលើនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពីភូមិឋានរបស់ពួកគាត់ពិសេសនៅតំបន់ខាងជើងព្រលានយន្តហោះភ្នំពេញ។

បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការរាជធានីភ្នំពេញ ស្តារក៏ដូចជាស្ថាបនាប្រឡាយនេះឲ្យបានលឿន ហើយចំពោះផលប៉ះពាល់យើងនឹងធ្វើការដោះស្រាយ តាមក្រោយ សំខាន់គឺការស្ដារប្រឡាយនេះឲ្យរួចរាល់ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ ។

ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួលខេត្តកណ្តាលនិងតំបន់ជុំវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម