ក្រុមមន្ត្រីអតីតបក្សប្រឆាំងដាក់ពាក្យសុំចុះបញ្ជីគណបក្សខ្មែរស្រឡាញ់ជាតិនៅក្រសួងមហាផ្ទៃ

376
ចែករម្លែក
លោក ជីវ កក្តា

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រុមមន្ត្រីអតីតគណបក្សប្រឆាំងបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺភ្ជាប់ជាមួយស្នាមមេដៃជាង ៤ពាន់ស្នាមមេដៃ និងរចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ រួមទាំងឯកសាររដ្ឋបាលផ្សេងៗ។ 

ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យ ស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករាឆ្នាំ២០២០។ 

គណបក្ស ខ្មែរស្រឡាញ់ជាតិ “អក្សរកាត់ គ.ខ.ស.ជ “ បាវចនា សេរីភាព យុត្តិធម៌ប្រជាធិបតេយ្យ ឈ្មោះជាភាសាបរទេស Cambodian Nation Love Party (CNLP)។

រចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជាប្រធានគណបក្ស។ ២. លោក តាន់ ទីន អនុប្រធានប្រចាំការ។ ៣. លោក កង កឹមហាក់អនុប្រធាន។ ៤. លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក។ ៥. លោកសៀវ សុត សមាជិក។ ៦. លោកស៊ឹម សុវណ្ណី សមាជិក។ ៧. លោក សុខ វិបុល សមាជិ ។៨. លោក អាន សុភារ៉ា សមាជិក។

លោក ខឺយ សុីនឿន

លោក ជីវ កក្តា ជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាគណបក្សខ្មែរស្រឡាញ់ជាតិ បានយកស្នាមមេដៃចំនួន ៤៥១៦មេដៃ មកដាក់នៅក្រសួងមហាផ្ទៃដើម្បីសុំចុះបញ្ជីគណបក្សនយោបាយថ្មី។ ហើយលោកសូមថ្លែងអំណរគុណសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្រឹងប្រែងប្រមូលស្នាមមេដៃគ្រប់ទិសទីនៅទូទាំងប្រទេស។ហើយយើងបានចាប់ផ្តើមនៃការចុះបញ្ជី បន្ទាប់មកយើងនឹងរៀបចំរចនាសម្ព័ន្ធនៅមូលដ្ឋាន និងរៀបចំលើកផ្លាសកគណបក្សនៅតាមខេត្ត ស្រុក ឃុំ សង្កាត់។ 

លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក បានថ្លែងបញ្ជាក់ថា ក្រោយពីដាក់ស្នាមមេដៃចំនួន ៤៥១៦មេដៃ ទៅការិយាល័យកិច្ចការនយោបាយ គឺគេបានពិនិត្យមើលថាត្រឹមត្រូវហើយ។ ចំពោះឯកសារពាក់ព័ន្ធរដ្ឋបាលមួយចំនួន គេក៏បានពិនិត្យមើលត្រឹមត្រូវ។

លោកបានបញ្ជាក់ថា ការបង្កើតគណបក្សថ្មីនេះ ត្រូវបានបង្កើតឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិដែលយើងខ្ញុំទាំងអស់គ្នាបានចុះតាមមូលដ្ឋានបានជួបពួកគាត់អស់រយៈពេលកន្លងមក។ ដោយយល់ឃើញថា ស្ថានភាពនយោបាយ នាពេលបច្ចុប្បន្នមានការធ្លាក់ចុះនូវសម្លេងដែលមាននិន្នាការប្រឆាំងជាមួយគណបក្សកាន់អំណាចនិងការបែកបាក់យ៉ាងខ្លាំងរវាងអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់យើងទាំងអស់គ្នា។

លោកខឺយ ស៊ីនឿន បានបញ្ជាក់ថា ការបង្កើតគណបក្សថ្មីគឺ គណបក្ស ខ្មែរស្រឡាញ់ជាតិ មានគោលបំណងដើម្បី៖ ១. បន្តគោលដៅស្មារតីសង្គ្រោះជាតិ ២. បង្កើតវប្បធម៌នយោបាយថ្មី ៣. បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ៤. ផ្សះផ្សារជាតិ (ខ្មែរតែមួយ) និង៥. តស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

    គួរបញ្ជាក់ថា ស្ថាបនិកបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សមានដូចជាៈ ១. លោកកងគឹមហាក់ អតីតតំណាងរាស្ត្រ ២. លោកជីវ កត្តា អតីតតំណាងរាស្ត្រ ៣. លោកស៊ឹម សុវណ្ណនីអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ៤. លោកខឺយ ស៊ីនឿនអតីតបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ៥. លោកតាន់ ទីន អតីតក្រុមការងារខេត្តព្រៃវែង ៦. លោកសៀវ មុត អតីតក្រុមការងារខេត្តកណ្តាល ៧. លោកសុខ វិបុល អតីតក្រុមការងារខេត្តសៀមរាប ៨. លោកអាន ធារ៉ា យុវជននៅរាជធានីភ្នំពេញ។ 

ស្ថាបនិកគណបក្សថ្មីនេះ មានដូចជា លោកកង គឹមហាក់ លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ លោកស៊ឹម សុវណ្ណនី អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានជម្រាបជូនលោកខឺយ ស៊ីនឿន តំណាងស្ថាបនិក គណបក្សខ្មែរស្រឡាញ់ជាតិ ថា ក្រសួងមហាផ្ទៃអនុញ្ញាត ឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ឈ្មោះសរសេរ ជាអក្សរកាត់(គ.ខ.ស.ជ) មានតីស្នាក់ការតាំងនៅផ្ទះ លេខ១៧ បេ១០ ផ្លូវលំ ភួមិទួលរកាសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ស្របតាម បទប្បញ្ញត្តិដូចមានចែងកក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បី ទទួល បានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម