សម្តេចក្រឡាហោម ស ខេងៈ ជនជាប់ឃុំក្នុងពន្ធនាគារមាន ជិតបួនម៉ឺននាក់

219
ចែករម្លែក
សម្តេចក្រឡាហោម ស ខេងៈ ជនជាប់ឃុំក្នុងពន្ធនាគារមានជិតបួនម៉ឺននាក់ 

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ស្ថានភាពរួមរបស់ជនជាប់ឃុំ មានជនជាប់ឃុំសរុបចំនួន៣៨.៩៩០នាក់ (ស្ត្រី ២.៥៩៣នាក់)។ ជនត្រូវចោទ និងជនជាប់ចោទ មានចំនួន ១៤.៧៩១នាក់ ក្នុងនោះជនជាប់ចោទ ៤.៧២៥នាក់ ។ ពិរុទ្ធជនមានចំនួន ១៣.៤០២នាក់ (ស្ត្រី ៩០៣នាក់)។ ពិរុទ្ធជនជាប់បណ្តឹងនៅឧទ្ធរណ៍មានចំនួន ៩៩៦នាក់ និងពិរុទ្ធជនជាប់បណ្តឹងនៅតុលាការកំពូលមានចំនួន១៣១នាក់។ ពិរុទ្ធជនមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរមានចំនួន ១២.៣០៥នាក់។ទណ្ឌិតចំនួន ១០១៩៧នាក់ (ស្ត្រី ៧២៦នាក់)។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរ តំណែងលោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ជំនួសលោកអង្គ វង្ស វឌ្ឍានា កាល ពីរសៀលថ្ងៃទី១ខែមេសា ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ពាក់ព័ន្ធស្ថានភាពជនជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន គិតត្រឹមថ្ងៃទី៣០ ខែមីនាមានចំនួន ២២.១៧៦នាក់ (ស្ត្រី ១.៩០២នាក់) ស្មើនឹង៧៥,៧ភាគរយនៃចំនួនជាប់ឃុំសរុប៣៨.៩៩០នាក់។ ក្នុងនោះជន ត្រូវចោទ និងជនជាប់ចោទចំនួន ៩.១២៣នាក់ (ស្ត្រី ៧២៦នាក់)។ ពិរុទ្ធជនចំនួន ៧៨១៨នាក់(ស្ត្រី ៦៦២នាក់)។ទណ្ឌិតមានចំនួន ៥.២៣០នាក់ (ស្ត្រី ៥១៤នាក់)។

សម្តេចក្រឡាហោមបានលើកឡើងថា វឌ្ឍនភាពនៃការពន្លឿននីតិវិធីជំនុំជម្រះ និងចេញសាលក្រម ឬសាលដីកាស្ថាពរ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ជនជាប់ឃុំមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរចំនួន ១១.១៨៣ ។ បន្ទាប់ពីដំណើរការជំរុញពន្លឿននីតិវិធីជំនុំជម្រះនិងចេញសាលក្រម  ឬសាលដីកាស្ថាពរ គិតរហូតមកដល់ខែមករា ឆ្នាំ២០២០ ជនជាប់ឃុំទទួលបានសាលក្រម ឬសាលដីកាស្ថាពរមានចំនួន ៧.៤១២នាក់ នាំឲ្យជនជាប់ឃុំមិនទាន់ទទួលបាន សាលក្រម ឬសាលដីកាស្ថាពរមាននចំនួន ៣.៧៧១នាក់៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ