ត្រាំព្រមានអ៊ីរ៉ង់កុំឱ្យវាយទ័ពអាម៉េរិកនៅអ៊ីរ៉ាក់

293
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃពុធទី១មេសាថារបបក្រុងតេហេរ៉ង់គួររំពឹងអំពីការឆ្លើយតបដ៏អង់អាចក្លាហានពីសហរដ្ឋអាម៉េរិក ប្រសិនបើអ៊ីរ៉ង់ឬក្រុមដែលគាំទ្រដោយអ៊ីរ៉ង់វាយប្រហារទៅលើកងកម្លាំងឬទីតាំងរបស់អាម៉េរិកនៅអ៊ីរ៉ាក់។

ភាពតានតឹងរវាងអ៊ីរ៉ង់និងអាម៉េរិកបានកើនឡើងខ្លាំងបន្ទាប់ពីការវាយប្រហារដោយផ្ទាល់ដឹកនាំដោយរបបវ៉ាស៊ីនតោនកាលពីថ្ងៃទី ៣ មករាបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី នៅខាងក្រៅអាកាសយានដ្ឋានបាកដាដ។

លោកត្រាំថ្លែងនៅឯសន្និសីទកាសែតមួយនៅឯសេតវិមាននាល្ងាចថ្ងៃពុធថា រដ្ឋបាលរបស់លោកបានទទួលព័ត៌មានស៊ើបការណ៍សម្ងាត់ថា អ៊ីរ៉ង់គ្រោងធ្វើការវាយប្រហារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ អ៊ីរ៉ង់ត្រូវបានគេស្តីបន្ទោសចំពោះការកើនឡើងនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតសំដៅទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលទទួលកងទ័ពអាម៉េរិក។ ការវាយប្រហារចំនួនបីដាច់ដោយឡែកពីគ្នាក្នុងរយៈពេលមួយសប្តាហ៍បានវាយចំជំរំទ័ពខេមតាជីនិងបាស់ម៉ាយ៉ា ដោយសម្លាប់ទាហានរបស់កងទ័ពចម្រុះ ៣ នាក់ រួមទាំងទ័ពអាម៉េរិក ២ នាក់ និង បង្ករបួសដល់មនុស្សជាច្រើននាក់ទៀត។

កាលពីព្រឹកថ្ងៃពុធដដែល លោកត្រាំបានសរសេរលើ Twitter ថា “ផ្អែកលើព័ត៌មាននិងជំនឿ អ៊ីរ៉ង់ឬក្រុមប្រូកស៊ីរបស់ខ្លួនកំពុងរៀបចំផែនការវាយលុកលើកងទ័ពអាម៉េរិក និង/ឬទីតាំងនានានៅអ៊ីរ៉ាក់។ ប្រសិនបើរឿងនេះកើតឡើង អ៊ីរ៉ង់នឹងបង់ថ្លៃខាតបង់យ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាន!”។

លោកត្រាំបានដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មរបស់អាម៉េរិកជាថ្មីលើអ៊ីរ៉ង់ ដែលត្រូវបានបន្ធូរបន្ថយឬដកចេញក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ។ កាលពីសប្តាហ៍មុនរដ្ឋបាលត្រាំបានដាក់ទណ្ឌកម្មថ្មីទៅលើមនុស្សនិងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន ២០ សម្រាប់ការគាំទ្ររបស់ពួកគេដល់កងជីវពលនិកាយស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារទៅលើមូលដ្ឋាននានាដែលមានកងកម្លាំងអាម៉េរិក។ បច្ចុប្បន្នមានកងទ័ពចម្រុះប្រហែល ៧.៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងជួយនិងផ្តល់ការបណ្តុះបណ្តាលដល់សមភាគីសន្តិសុខអ៊ីរ៉ាក់របស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំព្រមានឆ្លើយតបយ៉ាងអង់អាចក្លាហាន បើអ៊ីរ៉ង់ហ៊ានវាយលើទ័ពអាម៉េរិកនៅអ៊ីរ៉ាក់

ទីតាំងផ្សាយពាណិជ្ជកម្ម