កងទ័ពជើងទឹកអាម៉េរិកជម្លៀស ទាហានចេញពីនាវាផ្ទុកយន្តហោះ Roosevelt ដែលញាំញីដោយ ជំងឺកូវីដ១៩

254
ចែករម្លែក

កងទ័ពជើងទឹកអាម៉េរិកកំពុងជម្លៀសកងនាវិករាប់ពាន់នាក់ចេញពីនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Theodore Roosevelt នៅកោះក្វាម បន្ទាប់ពីមេបញ្ជាការនាវានេះបានព្រមានថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាកំពុង គំរាមកំហែងដល់អាយុជីវិតរបស់នាវិក។

យោងតាមកងទ័ពជើងទឹកអាម៉េរិកបានឱ្យដឹងថា រហូតមកទល់ពេលនេះមានករណីឆ្លង កូវីដ១៩ចំនួន ៩៣ នាក់ ត្រូវបានរកឃើញក្នុងចំណោមក្រុមនាវិកមានចំនួន ៤.៨០០ នាក់។

ក្រុមមន្រ្តីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធទី១មេសាថា ពួកគេបានរៀបចំ បន្ទប់សណ្ឋាគារយ៉ាងលឿននៅលើកោះសមុទ្រប៉ាស៊ីហ្វិកនេះសម្រាប់នាវិកជាច្រើន នាក់ ខណៈរៀបចំក្រុមការងារដែលមិនមានជំងឺដើម្បីរក្សានាវានេះឱ្យដំណើរការ។

លោក ចន មេណូនី មេបញ្ជាការតំបន់ម៉ារីយ៉ាណា បានប្រាប់អ្នកយកព័ត៌មាន នៅកោះក្វាមកាលពីថ្ងៃពុធថា “ផែនការនាពេលនេះគឺត្រូវដកមនុស្សជាច្រើនចេញពី នាវា Teddy Roosevelt តាមដែលយើងអាចធ្វើបាន ដោយដឹងថាយើងត្រូវទុកមនុស្ស មួយចំនួននៅលើនាវាផ្ទុកយន្តហោះនេះដើម្បីបំពេញមុខងារឃ្លាំមើលជាធម្មតា ដើម្បីរក្សាកប៉ាល់ឱ្យនៅដំណើរការ”។

ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីប្រធានស្តីទីនៃកងទ័ពជើងទឹក លោក ថូម៉ាស់ ម៉ូដលី បាននិយាយថា នាវិកជិត ១.០០០ នាក់ត្រូវបានជម្លៀសចេញ ហើយចំនួននៃ អ្នកជម្លៀសចេញនឹងកើនឡើងដល់ ២.៧០០ នាក់ក្នុងរយៈពេលពីរបីថ្ងៃទៀត។

ប៉ុន្តែពួកគេត្រូវការរក្សាទុកទាហាននៅលើនាវាប្រហែល ១.០០០ នាក់គ្រាន់ដើម្បី ថែរក្សាកប៉ាល់ ព្រោះវាត្រូវឆ្លងកាត់លាងសម្អាតមេរោគយ៉ាងហ្មត់ចត់។

លោកម៉ូដលីបាននិយាយថា “យើងមិនអាចហើយនឹងមិនត្រូវដកនាវិកទាំងអស់ ចេញពីកប៉ាល់នោះឡើយ”។

លោកបាននិយាយថា “នាវានេះមានអាវុធច្រើន មានគ្រាប់បែកនៅលើនោះ មាន យន្តហោះតម្លៃថ្លៃ និងមានរោងចក្រថាមពលនុយក្លេអ៊ែរ”៕ ដោយ៖ កញ្ញាដាលីស/Ha

ទាហានខ្ទង់ ២.៧០០ នាក់នៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt នឹងត្រូវជម្លៀសចេញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ