ការសិក្សារបស់ CDC ៖ អ្នកជំងឺកូរ៉ូណាអាចដើរចម្លងដល់អ្នកដទៃបាន២ទៅ៣ថ្ងៃ មុនពេលចេញរោគសញ្ញា

282
ចែករម្លែក

យោងតាមការសិក្សាចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) បានឱ្យដឹងថា មនុស្សដែលមានវីរុសកូរ៉ូណាអាចចម្លងមេរោគទៅអ្នកដទៃបានពីរទៅបីថ្ងៃមុនពេលរោគសញ្ញាចាប់ផ្តើមលេចឡើង។

ការសិក្សា ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នានៅក្នុងសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានពិនិត្យលើករណីជំងឺកូវីដ១៩ ចំនួន ២៤៣ ករណី ដែលបានរាយការណ៍នៅក្នុងប្រទេសសិង្ហបុរីនៅចន្លោះថ្ងៃទី ២៣ មករា និង ថ្ងៃទី ១៦ ខែមីនា។

ការសិក្សានេះបានកំណត់ឃើញ “ចង្កោម” ចំនួន ៧ ដែលចម្លងមេរោគទៅអ្នកដទៃ មុនពេលលេចចេញរោគសញ្ញា និង នៅក្នុងក្រុមបែបនេះចំនួន ៤ គេរកឃើញថាបានចម្លងរោគទៅអ្នកដទៃពីមួយថ្ងៃទៅបីថ្ងៃរួចជាស្រេច មុនពេលរោគសញ្ញាលេចឡើងពីអ្នកជំងឺ។

ក្នុងចំណោមករណីទាំងអស់នោះនៅក្នុងប្រទេសសិង្ហបូរី មាន ១៥៧ ករណីត្រូវបានរកឃើញនៅក្នុងស្រុក ហើយ ១០ ករណីក្នុងចំណោមនោះទំនងជាបានចម្លងមេរោគដល់អ្នកដទៃ មុនពេលរោគសញ្ញាចាប់ផ្តើមលេចឡើង។

វីរុស ដែលបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនេះ បានសម្លាប់មនុស្សជាង ៤៣.០០០ នាក់នៅទូទាំងពិភពលោក ខណៈស្លាប់ជាង ៤.០០០ នាក់នៅសហរដ្ឋអាម៉េរិកគិតត្រឹមថ្ងៃពុធទី១មេសា៕ ដោយ៖ កញ្ញាដាលីស

អ្នកកើតកូរ៉ូណាអាចចម្លងទៅអ្នកដទៃបាន២ទៅ៣ថ្ងៃ មុននឹងរោគសញ្ញាលេចឡើង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ