ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​កើន​ជិត​៥​ម៉ឺន និង​ឆ្លង​ជិត​១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​

211
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា​ថា ខ្លួន​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដែល​រហូត​ដល់​ពេល​នេះ​វា​បាន​ចម្លង​មនុស្ស​ជិត​១​លាន​នាក់​(​ជាង​៩៣០.០០០​នាក់​) ហើយ​ចំនួន​មនុស្ស​ស្លាប់​កើន​ទ្វេដង​ក្នុង​រយៈពេល​១​សប្តាហ៍​កន្លងមក​។​

​ដោយ​អំពាវនាវ​ដល់​ប្រជាជន​លើ​ពិភពលោក​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ត​១៩ ប្រធាន​អង្គការ​WHO​លោកថេ​ដ្រូ​ស អា​ដា​ណូម ហ្គេ​ប្រេយ​រ​ស៊ូស បាន​និយាយថា​« នៅពេល​យើង​ឈាន​ចូល​ខែ​ទី​៤​ ចាប់​​តាំង​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩​នេះ​បាន​ចាប់ផ្តើម ខ្ញុំ​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​ល្បឿន​ឆ្លង​រាលដាល​របស់​វា​នៅ​ទូទាំង​ពិភពលោក​។​នៅ​៥​សប្តាហ៍​មក​នេះ យើង​បានឃើញ​កំណើន​ករណី​ឆ្លង​ថ្មី​នៅ​ស្ទើរ​គ្រប់​​ប្រទេស​។​ចំនួន​អ្នក​ស្លាប់​ក៏​កើន​ទ្វេ​នៅ​មួយ​សប្តាហ៍​កន្លងមក ហើយ​នៅ​ពីរ​បី​ថ្ងៃ​ខាងមុខ ពិភពលោក​នឹង​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ទី​១​លាន និង​អ្នកស្លាប់​ឡើងដល់​៥០.០០០​នាក់​»​។​

​ចាប់តាំងពី​បង្ហាញខ្លួន​នៅ​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩ កូវី​ដ​១៩​បាន​ចម្លង​រាលដាល​ទៅ​ពាសពេញ​ពិភពលោក ដោយ​ឆក់យក​ជីវិត​មនុស្ស​ជិត​៤៧.០០០​នាក់ និង​ចម្លង​ទៅ​មនុស្ស​ប្រមាណ​៩៣០.០០០​នាក់​។​​វា​សម្លាប់​មនុស្ស​ជាង​៣០.០០០​នាក់​នៅ​អឺរ៉ុប​តែមួយ ដោយ​អ៊ីតាលី​និង​អេ​ស្ប៉ាញ​តំណាង​ឲ្យការស្លាប់​៣​ភាគ​៤​នៃ​ទ្វីប​នេះ​។​

​ទោះជា​យ៉ាងណា ប្រធាន​អង្គការ​WHO​បាន​ព្រមាន​ថា​វីរុស​នេះ​នឹង​បន្ត​រាតត្បាត​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ដូចជា​អាហ្វ្រិក អាម៉េរិក​កណ្តាល​និង​អាម៉េរិក​ខាងត្បូង ដែល​នឹង​បង្ក​ផលវិបាក​សេដ្ឋ​​កិច្ច​និង​សង្គម​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​ទាំងនេះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ