​Hodo Group ប្រគល់​ម៉ាស​១​លាន ជូន​កាកបាទក្រហមកម្ពុជា​

207
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ម៉ាស់​ចំនួន​១​លាន​ម៉ាស់​ដែលជា​ជំនួយ​សប្បុរសធម៌​រប​ស់​ក្រុមហ៊ុន​ចិន​ហូ​ដូ​គ្រុប (HODO GROUP) បានប្រគល់​ជូនទៅ​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០២០​។

​លោក​CAOJIANJIANG​អគ្គនាយក​ក្រុមហ៊ុន​តំបន់​សេស​ដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ប្រគល់ជូន​លោកស្រី​អា​នី​សុខ​អាន​អនុប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​។​លោក​WUGUOQUAN​ទីប្រឹក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អម​ស្ថានទូត​ចិន និង​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​នេះ​ផងដែរ​។​


​នៅក្នុង​ពិធី​ប្រគល់​ទទួល​នេះ​លោកស្រី​អា​នី​សុខ​អាន​បានប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រុមហ៊ុន​HODOGROUP​ដែល​ផ្ញើ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​ក្នុង​លិខិត​ថ្លែងអំណរគុណ​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បានសរសេរថា​«​កាកបាទក្រហមកម្ពុជា​នឹង​ប្រើប្រាស់​សម្ភារ​ទាំងនេះ​ក្នុង​សកម្មភាព​មនុស្សធម៌​ឱ្យអស់​លទ្ធភាព​។​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដូចដែល​យើង​បាន​និយាយ​ហើយ​ថា​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ចិន​និង​កម្ពុជា​រួមចិត្ត​តែមួយ​»​។​

​លោក​CAOJIANJIANG​អគ្គនាយក​ក្រុ​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍ថា​៖​កន្លងមក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​តែងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​និង​ការគាំទ្រ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រីរ​កម្ពុជា​រាជរដ្ឋាភិបាល​និង​ប្រជាជន​ក្នុង​តំបន់​។​

លោក​បាន​គូសបញ្ជាក់ថា ការឧបត្ថម្ភ​ម៉ាស់​មិន​គ្រាន់តែ​បានបង្ហាញ​ពី​ការគោរព​ដ៏​ឧត្តុង្គឧត្តម​ពី​ក្រុមហ៊ុន HODO GROUP និង​ក្រុ​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប៉ុណ្ណោះ​ទេ​។​តែ​ថែមទាំង​បានបង្ហាញ​ឱ្យឃើញ​នូវ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង​។​

​លោក​អគ្គនាយក​បន្តថា​នៅ​ថ្ងៃក្រោយ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ឈ្នះៗ​ក្នុងការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ឱ្យមាន​ដំណើរការ​ល្អប្រសើ​ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​។​រួមចំណែក​កាន់តែច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​ជំ​រុញឱ្យ​ចំណងមិត្តភាព​កម្ពុជា​និង​ចិន​ឈានទៅដល់​កំរិត​ថ្មីៗ​បន្ថែមទៀត​។​

​លោកស្រី​អា​នី​សុខ​អាន​បាន​ថ្លែងអំណរគុណ​ដោយស្មោះ​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​និង​ក្រុមហ៊ុន​HODOGROUP​ដែល​បាន​ផ្តល់ជំនួយ​ជូន​ដល់​ប្រទេស​កម្ពុជា​។​លោកស្រី​បានលើកឡើង​ថា​ប្រទេស​កម្ពុជា​និង​ចិន​ជា​មិត្ត​ល្អ​មិត្ត​ពិតប្រាកដ​។​លោកស្រី​បាន​កត់សម្គាល់ថា​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​កម្ពុជា​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​បានផ្តល់​ជំនួយ​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ដោយបាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​មកកាន់​ប្រទេស​កម្ពុជា​និង​ឧបត្ថម្ភ​សម្ភារ​វេជ្ជសាស្ត្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​លោកស្រី​អនុប្រធាន​កាកបាទក្រហមកម្ពុជា បាន​គូសបញ្ជាក់ថា ម៉ាស់​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន HODO GROUP គឺជា​សម្ភារ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការ​បន្ទាន់​នាពេល​បច្ចុប្បន្ន ហើយ​រាជ រដ្ឋាភិបាល​កម្ពុជា​នឹង​ចងចាំ​ទុក​ក្នុង​ចិត្ត​ជានិច្ច​។​លោក​WUGUOQUAN​ទីប្រឹក្សា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អម​ស្ថានទូត​ចិន​បានលើកឡើង​ក្នុងឱកាស​នោះ​ថា ចិន និង​កម្ពុ​ជាមាន​ចំណងមិត្តភាព​ដូចជា​គ្រួសារ គឺជា​បងប្អូន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​និង​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​។​

​លោក​បាន​រំលឹកថា​កាលពី​ថ្ងៃទី​៥​ខែកុម្ភៈ​ពេល​ប្រទេស​ចិន​ស្ថិតក្នុង​ដំណាក់កាល​លំបាក​បំផុត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ជាបន្ទាន់ នេះ​គឺជា​អំណោយ​ថ្លែ​ថ្លា​ជាងគេ​ដែល​ប្រជាជន​ចិន​ទទួលបាន​នៅពេលនោះ​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​ចិន​និង​សង្គម​ស៊ីវិល​ចិន​បានផ្តល់​ការគាំទ្រ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​តាម​មធ្យោបាយ​ផ្សេងៗ​ជា​បណ្តើរៗ ក្នុងនោះ រួមមាន​សហគ្រាស​ចិន មាន​សមត្ថភាព​ដូចជា​ក្រុមហ៊ុន HODO GROUP ជាដើម បាន​ជួយ​ដល់​កម្ពុជា​។​

​លោក​យល់ឃើញថា​កាកបាទក្រហមកម្ពុជា​ជា​អង្គការ​សប្បុរសធម៌​ដែលមាន​ឥទ្ធិពល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​លោក​ជឿជាក់ថា ម៉ាស់​ចំនួន​មួយ​លាន​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន HODO GROUP ពិតជា​អាច​ដើ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​ប្រជាជន​កម្ពុជា​។​
​លោក​WUGUOQUAN​ក៏​ជឿជាក់​យ៉ាង​មុតមាំ​ដែរ​ថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា ពិតជា​អាច​យកឈ្នះ​លើក​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ជាក់​ជាមិនខាន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ