ឃាត់ខ្លួនបក្ខពួកចោរឆក់ប្រាំមួយនាក់

170
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ កម្លាំងល្បាតរបស់នគរបាលខេត្ត បានឃាត់ខ្លួនក្រុមចោរ ឆក់កាបូបនៅតំបន់អង្គរ បន្តបន្ទាប់៦នាក់។

លោកវរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែមេសានេះថា កាលថ្ងៃទី១ ខែមេសា បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ តាមបណ្តឹងស្ត្រីរងគ្រោះ ដែលត្រូវជនសង្ស័យឆក់កាបូបនៅតាមផ្លូវក្នុងតំបន់អង្គរ។បន្ទាប់ពីសាកសួរ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូត ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀត ដែលជាបក្សពួកនិងជនដៃដល់ខាងលើ ។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបន្ថែមទី១ ឈ្មោះ សេង ដាវី ភេទប្រុសអាយុ១៦ ឆ្នាំស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ។ទី២ឈ្មោះ ចាន់សុធា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ។ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុសអាយុ១៦ ឆ្នាំនៅភូមិតា ភុល សង្កាត់ស្វាយដង្គំ។ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ ឆ្នាំ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ។ទី៥ឈ្មោះ ឆោម រតនា ភេទប្រុសអាយុ២៨ ឆ្នាំនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម។ ជនសង្ស័យខាងលើ ជាប់ពាក់ពន្ធ័ករណីឆក់កាបូប។

លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ប័ណ្ណបសសចំនួន១សម្ភារៈនិងលុយមួយចំនួនទៀត។ ដកហូតជាក់ស្ដែងមកវិញមានដូចជា៖១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿង កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយ ដែលជារបស់ជនរងគ្រោះ។លោកបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ ឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។ ជន សង្ស័យទាំង៦នាក់ បានបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់នៅថ្ងៃទី២ខែមេសានេះ។ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះត្រូវបាន ប្រគល់ជូនជនរងគ្រោះវិញហើយ៕/B