ប្រធាន​មន្ទីរ​សង្គម​កិ​ច្ចៈ រាជរដ្ឋាភិបាល​កម្ពុជា​មិន​បំភ្លេច​គុណបំណាច់​អ​តី​យុទ្ធជន​ឡើយ​

239
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ថ្លែង​អំពី​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង ស្ថាប័ន​ពាក់ព័ន្ធ ចំពោះ​អតីតយុទ្ធជន កម្ពុជា ថា មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ គឺជា​ផ្នែក​មួយ នៃ ក្រសួង​សង្គមកិច្ច ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល កម្ពុជា ពិតជា​មិន​បំភ្លេច​សោះឡើយ នូវ​គុណបំណាច់​របស់​អតីតយុទ្ធជន ដែលជា​អ្នកមានគុណ​ដ៏​ធំធេង​ចំពោះ​ប្រទេសជាតិ​មាតុភូមិ និង ប្រជាជន ហើយ​ស្តែង​ចេញពី​ការមិន​បំភ្លេច​គុណ​នេះ អតីតយុទ្ធជន និង ក្រុមគ្រួសារ ត្រូវបាន​យកចិត្តទុកដាក់​ជា​បន្ត​បន្ទាប់ ដែលជា​កម្មវិធី​ថ្នាក់ជាតិ ។​

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ ( រូបៈ មេសា )


​លោកស្រី មុំ ចាន់​ដា​នី ថ្លែង​ប្រកបដោយ​ភាពកក់ក្តៅ​បែបនេះ នៅក្នុង​ពិធី​ប្រគល់​ថវិកា​មរណ​សង្គ្រោះ​ដល់​គ្រួសារ​អតីតយុទ្ធជន​ចំនួន ៣៨ គ្រួសារ នៅឯ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នេះ ។


​លោកស្រី មុំ ចាន់​ដា​នី បាន​បន្ថែមថា កា​ប្រគល់​ថវិកា​មរណ​សង្គ្រោះ​នាពេលនេះ មិនមែនជា​ពេល​ចុងក្រោយ​ដែល​គ្រួសារ​របស់​អតីតយុទ្ធជន​ទទួល​បានឡើយ ពោលគឺ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ នឹង​នៅតែ​បន្ត​តាមដាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​នូវ​រាល់​ក្តី​លំបាក​របស់​គ្រួសារ​អតីតយុទ្ធជន​ប្រដាប់អាវុធ​ជា​បន្តទៅទៀត ហេតុនេះ សូម​បងប្អូន​ទាំងអស់​មេត្តា​កុំ​មាន​អារម្មណ៍​ឯកោ​ឡើយ ។​


​លើសពីនេះទៅទៀត នៅក្នុង​ដំណាក់​កាលដែល​រាជរដ្ឋាភិបាល និង ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល នៃ ជំងឺ​ខូវ​ដី ១៩ នេះ លោកស្រី មុំ ចាន់​ដា​នី បាន​ក្រើនរំឭក​ដល់​គ្រួសារ​អតីតយុទ្ធជន​ទាំងអស់ ដែលមាន​វត្តមាន​នាឱកាស​ខាងលើនេះ ថា សូមមេត្តា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួង​ស្ថាប័ន​ជំនាញ មាន​ក្រសួងសុខាភិបាល ជាដើម ដូចជា​អនុវត្ត​នូវ​ការលាង​សម្អាត​ដៃ អនាម័យ និង សុវត្ថិភាព​ចំណីអាហារ ពេល​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ កុំ​នៅ​ជួបជុំ​ប្រមូលផ្តុំ​គ្នាច្រើន ត្រូវ​នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ពី ១ ទៅ ២ ម៉ែត្រ ជាដើម ធ្វើយ៉ាងណា​ការពារ​ខ្លួន ក្រុមគ្រួសារ និង សហគមន៍ ឱ្យមាន​សុវត្ថិភាព​ពី​ការឆ្លង​ជំងឺ​ខូ​វីដ ១៩ ៕Kh

ទីតាំងផ្សាយពាណិជ្ជកម្ម