បុរស​ម្នាក់​ដែល​ត្រូវបាន​រកឃើញ​ស្លាប់​នៅលើ​រថភ្លើង​នៅ​ថៃកើត​កូវី​ដ​១៩

569
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​ខែ​មេសា​ថា​បុរស​ម្នាក់​ដែល​ត្រូវបាន​រកឃើញ​ស្លាប់ នៅលើ​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​នៅ​ប្រទេស​ថៃ បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ខណៈ​ដែល​ចំនួន​អ្នកស្លាប់​​ដោយសារ​វីរុស​នៅ​ប្រទេស​នេះ​កើន​ឡើង​ជាង​៣​ដង​កាលពី មួយ​សប្តាហ៍​មុន​។​

​ក្រុមមន្ត្រី​អយស្ម័យយាន​ថៃ បាន​និយាយថា បុរស​អាយុ​៥៧​ឆ្នាំនេះ ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន​និង​បាន​ធ្វើដំណើរ​ពី​ទីក្រុង​បាងកក​ទៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ត្រូវបាន​គេ​ឃើញ​ក្អក​និង​ក្អួត​​នៅ​មុនពេល​ឡើង​ជិះ​រថភ្លើង​នេះ​កាលពី​ថ្ងៃ​ចន្ទ ។​

​សាកសព​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ខាង​មុខ​បន្ទប់ទឹក​ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ​នេះ​។ អ្នកដំណើរ​ផ្សេង​ទៀត​ត្រូវបាន​គេ​ជម្លៀស​ចេញពី​ទូរ​រថភ្លើង​នេះ ហើយ​បន្ទាប់មក​ទូរ​រថភ្លើង​នេះ ត្រូវ​​បាន​ផ្តាច់ចេញ​ពី​ខ្សែ​រថភ្លើង​វែង​នោះ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​ការ​ពិនិត្យ​និង​ធ្វើតេស្តិ៍​សាកសព បានបង្ហាញ គាត់​មាន​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងពេល​ជាមួយគ្នា ឈ្មោះ​នៃ​អ្នកដំណើរ​១៥​នាក់ ដែល​អង្គុយ​ជិត​គាត់ ត្រូវបាន​ប្រគល់​ទៅ​ក្រុម​អាជ្ញាធរ​សុខាភិបាល​ដើម្បី​តាមរក​ពួកគេ​ទាំងនោះ​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​បុរស​នេះ​បាន​មកដល់​ប្រទេស​ថៃ​នៅពេល​ណា​នោះ​ទេ​។ គាត់​មាន​លិខិតបញ្ជាក់​សុខភាព​ដែល​ចេញ​ដោយ​គ្រូពេទ្យ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​២៦​ខែ​មីនា​ដែល​បាន​​បញ្ជាក់ថា​គាត់​មិន​មាន​មេរោគ​នេះ​ទេ​និង​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​បាន​។​

​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បាន​ហាម​ចូល​ប្រទេស​ថៃ លើកលែង​តែ​ក្រុម​អ្នក​ការទូត​និង​ជនជាតិ​ថៃ​។ តែ​អ្នក​ដែល​មក​ដល់​ប្រទេស​ថៃ​ត្រូវ​មាន​លិខិត​​បញ្ជាក់​សុខភាព​និង​ដាក់​ខ្លួន​នៅ​ដោយឡែក​ចំនួន​១៤​ថ្ងៃ​។​

​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​ថៃ គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ខែ​មេសា​នេះ គឺ​មាន​ចំនួន​១.៨៧៥​នាក់ និង​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ ចំនួន​១៥​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​មន្ត្រី​សុខាភិបាល បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​ទូរ​រថភ្លើង​មួយ​នៅ​ប្រទេស​ថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម