​ប្រាសាទអកយំ​ទទួលបាន​ការជួសជុល​ជា​លើកដំបូង​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា

436
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ដំណើរការ​ជួសជុល​ប្រាសាទអកយំ​មកដល់​ឆ្នាំ​២០២០​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​ដែល​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រឹងប្រែង​សង្គ្រោះ​ឱ្យ​រួចផុត​ពី​ហា​នី​ភ័យ​។​ដើម្បីឱ្យ​បុរាណ​ដ្ឋា​ន​មួយ​នេះ​មាន​ភាពរឹងមាំ​ស្រស់ស្អាត​និង​ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​សម្រាប់​ទទួល​ស្វាគមន៍​ទេសចរ​គ្រប់ទិសទី​មក​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​។

​លោក​បណ្ឌិត ជា​សុជាតិ​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​បានឱ្យដឹងថា​ប្រាសាទអកយំ​រង​នូវ​ការខូចខាត​តាំងពី​មុន​បារាំង​រកឃើញ​មកម្ល៉េះ (​ឆ្នាំ​១៩៣២)​។​ដោយសារ​រចនា​សម្ពន្ធ​មួយផ្នែក​នៃ​ប្រាសាទ​ត្រូវបាន​កប់​ក្រោម​ខ្នង​ទំនប់​បារាយណ៍​។

​មិនតែប៉ុណ្ណោះ​ដើមឈើ​និង​ឫស​ឈើ​ក៏បាន​ដុះ​ចាក់ឫស​បំផ្លាញ​ប្រាសាទ​កម្សោយ​រចនា​សម្ព​ន្ធ​គ្រឹះ​មិនអាច​ទ្រ​ទម្ងន់​សង្កត់​របស់​តួ​ប្រាសាទ​ទាំងមូល​ការ​លួច​ជីក​រក​វត្ថុ​បុរាណ​ឥដ្ឋ​ពុកផុយ​ការបំផ្លាញ​ដោយ​បរិស្ថាន​មាន​រុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ​លំ​ញ័រ​យានយន្ត​ដែល​បរ​កាត់​បុរាណ​ដ្ឋា​ន បាយអរ​អស់​គុណភាព និង​កង្វះ​ការថែទាំ​ជាដើម​។​

​លោក​បន្តថា​ដើម្បី​សង្គ្រោះ​ប្រាសាទ​នេះ​ឱ្យ​ផុតពី​គ្រោះថ្នាក់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ទៅតាម​ដំណាក់កាល​។​ដំណាក់កាល​ទី​១​សម្អាត​ប្រាសាទ​ត្រួស​ត្រាយព្រៃ​សម្អាត​កំណក​ដី​សម្រង់​ប្លង់​ជុំវិញ​ប្រាសាទ​និង​ពង្រឹង​ខឿន​ខាងត្បូង​នៃ​ប្រាង្គ​កណ្តាល​។​ដំណាក់កាល​ទី​២​ក្រុមការងារ​បន្ត​ពង្រឹង​ប្រាង្គ​កណ្តាល ពង្រឹង​និង​ជួសជុល​ខឿន​ផ្នែក​ខាងត្បូង ខាងលិច ខាងកើត និង​ខាងជើង​។

​នៅ​ផ្នែក​ខាងជើង​ក្រុមការងារ​បាន​ដំឡើង​ស៊ុមទ្វារ​ដែល​ធ្វើ​ពី​ថ្មភក់​ឱ្យ​ឈរ​ឡើងវិញ​ដែល​គេ​បានធ្វើ​បន្ថែម​លើ​សំណង់​ចាស់​កាល​ពីស​.​វ​.​ទី​១០​ឱ្យ​ដូចដើម​។​បន្ត​ពី​នោះ​ក្រុមការងារ​បាន​ដក​ដើម​ពោ​ធ៍​រើ​រាន​ព្រះ​ភូមិ​នៅ​ផ្នែក​ខាងកើត​ដែលជា​ច្រកចូល​ដ៏​សំខាន់​ហើយ​ពង្រឹង​ខឿន​ទី​៣​។​កម្រាល​ខឿន​ដែល​ឫស​ពោធិ៍​បាន​ចាក់​ចូល​ធ្វើឱ្យ​ខូចខាត​។​ពង្រឹង​និង​ជួសជុល​ខឿន​ប្រាង្គ​ដំឡើង​កាំជណ្តើរ​ថ្មភក់​និង​ដាក់​បង្កាន់ដៃ​ឥដ្ឋ​សងខាង​។​ចំណែក​នៅ​កណ្តាល​ប្រាង្គ​ក្រុមការងារ​បានរៀបចំ​ព​ង្រឹ​ង​ជើង​ទម្រ​និង​លើក​បំណែ​កជើង​ទម្រម​កដា​ក់នៅ​ទីតាំង​ដើម​វិញ​។

​ប្រធាន​គម្រោង​រូបនេះ​បាន​បញ្ជាក់ថា​គោលបំណង​នៃ​ការជួសជុល​ប្រាសាទអកយំ​គឺ​ដើម្បី​រួមចំណែក​លើក​តម្លៃ​ប្រាសាទ​នេះ​ឱ្យ​ផុតពី​ការបំផ្លាញ​របស់​ធម្មជាតិ​បរិស្ថាន​និង​មនុស្ស​ឱ្យ​សម​តម្លៃ​ជា​បេតិកភណ្ឌ​ពិភពលោក​។​លោក​សុជាតិ​បង្ហាញ​ក្តី​នូវ​សង្ឃឹមថា​ក្រោយ​បញ្ចប់​គម្រោង​ជួសជុល​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ស្គាល់​ច្រើន​មក​ទស្សនា​ច្រើន​ដូច​បារាយណ៍​ដែរ​។​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​បរិស្ថាន​ការជួសជុល​សំណង់​ប្រាសាទភ្នំ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ