រថយន្តកុងតឺនរ័មួយគ្រឿងប្រល័យអ្នកជិះម៉ូតូពីរគ្រឿងផ្សេងគ្នា ស្លាប់ទាំងពីរនាក់ លើផ្លូវជាតិ លេខ៤

195
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរស២នាក់ជិះម៉ូតូផ្សេងគ្នាបានស្លាប់ជាមួយគ្នា នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្ត កុងតឺនរ័មួយគ្រឿងបើកបុករះ។

ករណីនេះកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ខែមេសាឆ្នាំ២០២០។

សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរនេះបង្កដោយរថយន្តកុងតឺនរ័១គ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9299 មានទិសដៅពី រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃបុកម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GQ- 3090 មានទិសដៅផ្ទុយគ្នា បង្កឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែង(អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ) ហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បណ្តាលឲ្យអ្នកជិះម៉ូតូទី២នេះស្លាប់នៅនឹង កន្លែងផងដែរ។

បច្ចុប្បន្ន សាកសពទាំងពីរ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាម​ប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះ អាសន្ននៅ​អធិការដ្ឋាននគរ​បាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម