ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង យកអំណោយជា​ជែល​(GEL) លាងដៃសម្លាប់មេរោគ ៨កេស ស្មើនឹង ៣៨៤ដប ជូនអភិ​បាល​ខេត្តស្វាយរៀង

271
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងកាលពី ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមទទួលយកអំណោយជាជែល(GEL) លាងដៃសម្លាប់មេរោគ ៨កេស ស្មើនឹង ៣៨៤ដប ដែលឧបត្ថម្ភដោយលោក ស៊ីង ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ស្វាយរៀង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានឧបត្ថម្ភជាជែលលាងដៃសម្លាប់មេរោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ អំណោយជាជែលលាងដៃរបស់តំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនដូច្នេះដែរ ដែលឯកឧត្ដមនឹងចាត់ចែងជែលនេះសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង ។

លោកអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនក្នុងដំណើរការវិនិយោគរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលកន្លងមក ដែលការរីកចម្រើនទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត នឹងនៅតែបន្តការការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អប្រសើរ គាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន ។

លោក ម៉ែន វិបុល ក៏បានស្នើដល់លោកប្រធានតំបន់បន្តចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ជាពិសេសយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការនានាដែលណែនាំដោយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពល្អប្រសើរជូនបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម