ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ មក២,៣ភាគរយ ដោយសារ​កូវីដ១៩

207
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ បន្ទាប់ពីមានសន្ទុះខ្លាំងក្នុងពីរទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងធ្លាក់មកត្រឹម ២,៣ភាគរយ សម្រាប់ ឆ្នាំ២០២០។ និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា(កូវីដ១៩ – COVID-19) ការថមថយនៃសេដ្ឋកិច្ចប្រទេសធំៗ ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន ដែលរងប៉ះពាល់ដោយសារជំងឺនេះ និងការធ្លាក់ចុះទីផ្សារនាំចេញ។ នេះជាការព្យាករណ៍​ក្នុងរបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហៅថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook – ADO) ២០២០ ចេញផ្សាយថ្ងៃនេះ។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ២០២១ ប្រសិនបើជំងឺរាតត្បាតនេះត្រូវបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ចនឹង វិលមករកប្រក្រតីភាពវិញ។”

លោកស្រីបន្ថែមថា“រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការត្រឹមត្រូវដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការ​គាំទ្របៀវត្សដល់កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធនិង បំណុលដល់​អាជីវកម្មនានា។រាជរដ្ឋាភិបាលក៏រៀបចំថវិកាបម្រុងសម្រាប់អន្តរាគមន៍ចាំបាច់​ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅលើ ប្រជាពលរដ្ឋដែលងាយរងគ្រោះ”។

ADB បានឱ្យដឹងទៀតថា៖ក្នុងឆ្នាំ២០២០ផ្នែកសេវាកម្មរបស់កម្ពុជានឹងធ្លាក់ចុះប្រមាណ ១,៧ភាគរយដោយសារឱនភាពវិស័យទេសចរណ៍ និងការថមថយ នៃកំណើនអចលនទ្រព្យ។កំណើននៃវិស័យឧស្សាហកម្ម បានត្រូវព្យាករថា នឹងចុះដល់៦,៥ភាគរយដោយសារកម្រិតទាបនៃផលិតកម្មសម្លៀកបំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ដែលបន្ថយល្បឿន។ អតិផរណាត្រូវបានរំពឹងថា នឹងនៅតែមានអត្រាទាបដែលជាមធ្យម ត្រឹម ២,១ភាគរយ ក្នុងឆ្នាំ២០២០ ខណៈដែលកំណើនសេដ្ឋកិច្ច ថយចុះ ហើយអត្រាអតិផរណានឹងនៅតែ ទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេងអន្តរជាតិទាប។ របាយការណ៍ ADO រំលេច ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុ ក្រៅពីប្រព័ន្ធធនាគារ ព្រមទាំងការបង្កើតផ្សារ មូលធនក្នុងស្រុកដើម្បីផ្តល់​ហិរញ្ញប្បទាន​ដែលត្រូវការសម្រាប់ពិពិធកម្មការវិនិយោគ និងការរីកចម្រើន។

លោកស្រី Durrani-Jamal មានប្រសាសន៍ថា រាជរដ្ឋាភិបាល គួរផ្តោតជាសំខាន់​លើការទប់ស្កាត់ជំងឺកូវីដ១៩ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរណ៍​និងសេវាកម្ម នឹងមានការលំបាក ។ រាជរដ្ឋាភិបាល អាចប្រើថវិកា ពីក្នុងកញ្ចប់របស់ ADB ដែលសរុបមានចំនួន ៦,៥ពាន់លានដុល្លាអាម៉េរិក ត្រូវបានប្រកាស កាលពីថ្ងៃទី១៨ ខែមីនា សម្រាប់ឆ្លើយតបនឹង កូវីដ១៩។ ថវិកានេះ ADB បម្រុងសម្រាប់តម្រូវការបន្ទាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម។

ក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍​អាស៊ីនឹងផ្តល់ថវិកាចំនួន១,៤៥ ពាន់លានដុល្លារក្នុងទម្រង់ជាឥណទានសម្បទាន​ហិរញ្ញប្បទានឥតសំណងនិងជំនួយបច្ចេកទេស សម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌ ជីវភាពរស់នៅក្នុងតំបន់ទីក្រុងនិង​តំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញនិងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួល បានសេវាកម្ម និង គុណភាពសេវាកម្មសម្រាប់ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាស​ធុរកិច្ចផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាកសាងនូវតំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកដែលប្រកបដោយ​វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ហើយក្នុងពេលជាមួយគ្នា នៅតែបន្តកិច្ច​ខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍​អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិក ចំនួន ៦៨ នៅក្នុងនោះ ៤៩ ប្រទេសមកពីតំបន់នេះ៕/B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ