កូ​វីដ ១៩ នៅ​កម្ពុជា ៖ ថ្ងៃទី ៣ ខែ មេសា ឆ្លង​ថ្មី ៤ នាក់ ជាសះស្បើយ ម្នាក់​

279
ចែករម្លែក

ដោយៈសុផល,មេសាៈក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា​ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​៤​ករណី​គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣ខែមេសា ហើយ​ករណី​ជាសះស្បើយ​មួយ​ករណី​។​


យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​ព្រឹក​ថ្ងៃទី​៣​ខែមេសា ឆ្នាំ​២០២០ បានឱ្យដឹងថា​ បាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​៤​នាក់​។ ដូច្នេះ​សរុបមក​ទល់នឹង​បច្ចុប្បន្ន​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​កើន​ដល់​១១៤​នាក់​។​អ្នក​ដែល​ឆ្លង​ថ្មី​នេះ គឺ​បុរស​ជនជាតិ​បារាំង អាយុ​៦៧​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បារាំង​អាយុ​៦៧​ឆ្នាំ​ដូចគ្នា​។​បច្ចុប្បន្ន កំពុង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​បុគ្គល​ទាំងពីរ​នាក់​នេះ ជា​ទេសចរ​បារាំង​ក្នុង​ក្រុម​ទេសចរ​ជនជាតិ​បារាំង​ជាង​៣០​នាក់ ដែល​មួយចំនួនធំ​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩​នាពេល​កន្លងទៅ​។​


​ចំណែក​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​មួយ​រូប​ទៀត​គឺ​ស្ត្រី​ជនជាតិ​បារាំង​អាយុ​៥៩​ឆ្នាំ ជា​អ្នក​នៅក្នុង​ក្រុម​ទេសចរ​បារាំង​ចំនួន​៤​នាក់​ផ្សេងទៀត និង​កំពុង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​អ្នក​ទី​៤​គឺជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​អាយុ​៤០​ឆ្នាំ​។​គាត់​ជា​អ្នកដំណើរ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម​។​បុរស​រូបនេះ ជា​ក្រុម​មក​ធ្វើការ​សាសនា មាន​គ្នា​៨​នាក់ ដែល​៧​នាក់​មុន បាន​ត្រូវ​រកឃើញ​មាន​វីរុស​កូ​វីដ​១៩​នៅ​ស្រុក​កងមាស​ដែរ​។​


​ចំណែក​ករណី​ជាសះស្បើយ​ម្នាក់​គឺ​ទារក​អាយុ​៤​ខែ កូនបង្កើត​របស់​ជន​ជាតិ​បារាំង​ដែល​ទើបបានជា​សះស្បើយ​ដែរ ត្រូវ​បានឱ្យ​ចេញពី​មន្ទីរពេទ្យ​កុមារ​ជាតិ​។​
​សូម​អាន​លម្អិត​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​

ក្រុមគ្រូពេទ្យកម្ពុជា(រូបឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម