ធនាគារ ADB ព្រមានថា ការខាតបង់សេដ្ឋកិច្ចសកលលោកពីជំងឺកូវីដ១៩អាចមានចំនួន៤លានលានដុល្លារ

277
ចែករម្លែក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមាននៅថ្ងៃសុក្រទី ៣ មេសានេះថា ជំងឺរាតត្បាតប្រភេទកូវីដ១៩អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ចំនួន ៤,១ លានលានដុល្លារ ខណៈវាកំពុងវាយលុកនៅសហរដ្ឋអាម៉េរិកអឺរ៉ុបនិងប្រទេសសេដ្ឋកិច្ចធំៗដទៃទៀត។

ផលប៉ះពាល់ដែលបានប៉ាន់ស្មានគឺស្មើនឹងជិត៥ភាគរយនៃទិន្នផលទូទាំងពិភពលោកដោយផ្អែកលើសេណារីយ៉ូជាច្រើនប៉ុន្តែស្ថាប័នផ្តល់ប្រាក់កម្ចីនេះបាននិយាយថា ការខាតបង់ពី “ជំងឺរាតត្បាតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍” អាចខ្ពស់ជាងនេះ។

ធនាគារ ADB បាននិយាយថា “ផលប៉ះពាល់ដែលបានប៉ាន់ស្មានអាចជាការប៉ាន់ស្មានមិនពេញលេញ ព្រោះថាបណ្តាញបន្ថែមទៀតដូចជា…វិបត្តិសង្គមនិងហិរញ្ញវត្ថុដែលអាចកើតមាននិងផលប៉ះពាល់រយៈពេលវែងទៅលើការថែទាំសុខភាពនិងការអប់រំត្រូវបានដកចេញពីការវិភាគ”។

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះបាននិយាយថា បើជំងឺរាតត្បាតមានរយៈពេលខ្លី វាអាចបន្ធូរបន្ថយការខាតបង់បាន ២ លានលានដុល្លារ។

វិបត្តិនេះបានធ្វើឱ្យទីផ្សារមូលធនវិលវុលខណៈពួកពាណិជ្ជករមានការព្រួយបារម្ភចំពោះផលប៉ះពាល់យូរអង្វែងលើសេដ្ឋកិច្ចពិភពលោក ទោះបីជារដ្ឋាភិបាលនិងធនាគារកណ្តាលបានឈានជើងចូលដើម្បីបន្ធូរបន្ថយផលប៉ះពាល់ដោយសន្យាចាក់បញ្ចូលលុយ៥លានលានដុល្លារចូលសេដ្ឋកិច្ចនិងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុក៏ដោយ។

អ្នកឆ្លងកូវីដ១៩ដែលបានរាយការណ៍នៅទូទាំងពិភពលោកបានកើនឡើងដល់មួយលាននាក់កាលពីថ្ងៃព្រហស្បតិ៍ទី២មេសា ក្នុងនោះស្លាប់ជាង៥ម៉ឺននាក់ ខណៈមានការព្រមានថាចំនួនអ្នកស្លាប់នឹងផ្ទុះឡើងខ្លាំង នៅពេលជំងឺនេះនៅតែបន្តរាលដាលយ៉ាងឆាប់រហ័ស៕ ដោយ៖ កញ្ញាដាលីស

ជំងឺកូវីដ១៩អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ ៤​ លានលានដុល្លារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ