កូនង៉ែត​ពាក់​ម៉ាស់ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រកាស​បំរាម​គោចរ​ដើម្បី​ប្រឆាំង​នឹង​កូវី​ដ​១៩

193
ចែករម្លែក

​ក្មេង​ទើប​កើត​ម្នាក់​ត្រូវបាន​បំពាក់​ម៉ា​ស់មុខ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃ​០២​មេសា ក្រោយ​ពី​វា​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ក្នុង​ពិភពលោក​ដែល​កំពុង​ជួប​វិបត្តិ​សុខភាព​។​

​វា​ត្រូវ​រុំ​កន្ទប​ជុំវិញ​ខ្លួន​ដោយ​សល់​តែ​ប្រឡង់​មុខ​ដែល​ត្រូវ​ការពារ​ដោយ​ក្បាំងមុខ​ដើម្បី​ធានា​សុវត្ថិភាព​ពី​ការឆ្លង​វីរុស​កូរ៉ូណា នៅ​មន្ទីរពេទ្យ​BNH ក្នុង​ក្រុង​បាងកក​។​

​ការបង្ហាញ​រូប​កូនង៉ែត​ការពារ​ដោយ​ក្បាំងមុខ​នេះ​កើតឡើង​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​ថៃ ប្រកាស​បំរាម​គោចរ​ពេលយប់​នៅ​ទូទាំង​ប្រទេស ដោយ​លោក​ថា​ប្រជាជន​ត្រូវ​ចេះ​សម្រប​ខ្លួន​ដើម្បី​រស់​។​

​ក្មេង​ទើប​កើត ស្ថិតក្រោម​ក្បាំងមុខ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​០២​មេសា

​បំរាម​គោចរ​ពី​ម៉ោង​១០​យប់​ដល់​៥​ព្រឹក ត្រូវ​ចាប់​អនុវត្ត​កាលពី​ថ្ងៃ​០២​មេសា សំរាប់​រយៈពេល​មិន​កំណត់​។​វា​ជា​វិធានការ​ចុងក្រោយ​បំផុត​មួយ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការហាម​ការជួប​ជុំ និង​តំរូវ​អោយ​​ប្រជាជន​នៅក្នុង​ផ្ទះ​អោយបាន​ច្រើន​តាម​លទ្ធភាព​អាចធ្វើ​បាន​។​

​ការលើកលែង​សំរាប់​បំរាម​គោចរ​នេះ រួម​មាន​អ្នក​ដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​បុគ្គលិក​ពេទ្យ ដែល​ធ្វើដំណើរ​ទៅ​និង​មក​ពី​ធ្វើការ​។​

​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់អូចា ប្រកាសបំរាមគោចរទូទាំងប្រទេស

​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ក៏​បាន​និយាយថា លោក​នឹង​ធានាថា បណ្តា​មន្ទីរពេទ្យ​នឹង​ទទួលបាន​អ្វី​ដែល​ជា​តំរូវការ​សំរាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ហើយ​បាន​ពណ៌នា​បុគ្គលិក​ពេទ្យ​ថា​ជា​«​ឆ្មាំ​ប្រឆាំង​​នឹង​សត្រូវ​មើលមិនឃើញ​»​។​

​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍ លោក​ប្រា​យុទ្ធ ក៏​បាន​ស្នើសុំ​ជនជាតិ​ថៃ​នៅ​បរទេស​សូម​ពន្យារ​ពេល​វិល​ចូល​មក​ក្នុងប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​១៥​មេសា​ដើម្បី​បញ្ឈប់​ការនាំ​ចូល​ករណី​ឆ្លងកូវី​ដ​១៩​។​ក្រៅពី​​អំពាវនាវ​ប្រជាជន​ថៃ​នៅ​ឃ្លាត​ពី​គ្នា​ដើម្បី​កុំអោយ​ឆ្លង​វីរុស លោក​ក៏​ប្រាប់​កុំអោយ​ប្រជាជន​ថៃ​ភិតភ័យ​និង​ទិញ​ទំនិញស្តុក​ទុក​ដោយ​បណ្តា​ហាង​នៅ​បើក​លក់ទំនិញ​ពេល​ថ្ងៃ​។​

​ចាប់តាំងពី​ថ្ងៃ​០១​មីនា ថៃ​ជួប​កំណើន​អ្នក​កើតកូ​វីដ​១៩​ចូលមក​ពី​បរទេស និង​មនុស្ស​ជិត​២.០០០​នាក់​ដែល​បាន​ទាក់ទង​ពួកគេ​ត្រូវបាន​នាំ​ទៅ​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​សុខភាព​។​

​កាលពី​សប្តាហ៍​មុន ថៃ​បិទ​ព្រំដែន​មិន​អោយ​មនុស្ស​ចូល លើកលែង​តែ​ជនជាតិ​ថៃ អ្នក​ការទូត​និង​សមាជិក​គ្រួសារ​របស់​គេ រួមទាំង​ជន​បរទេស​ដែល​មាន​លិខិត​ធ្វើការ​នៅ​ថៃ​។​

​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​០២​មេសា បាន​រាយការណ៍​ករណី​ឆ្លង​១០២​នាក់​បន្ថែម​និង​មនុស្ស​៣​នាក់​ទៀត​ស្លាប់ ដែល​ធ្វើអោយ​អ្នកស្លាប់​សរុប​នៅ​ថៃ​កើន​ដល់​១៥​នាក់ និង​១.៨៧៥​ឆ្លង​៕​ប្រែ​សម្រួលៈ វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ