រកឃើញរុយពាក់គ្នាជាប់ក្នុងជ័រឈើកាលពី៤១លានឆ្នាំមុននៅអូស្ត្រាលី

311
ចែករម្លែក

សត្វរុយពាក់គ្នាមួយគូ ដែលកកក្នុងលម្អងជ័រឈើកាលពី ៤១ លានឆ្នាំមុន បានស្ថិតក្នុងចំណោមសត្វហ្វូស៊ីលពាក់គ្នាចាស់ជាងគេបំផុតដែលគេរកឃើញ។

សត្វរុយទាំងពីរទំនងកំពុងមានតណ្ហាពុះកញ្ជ្រោល នៅពេលពួកវាជាប់នៅក្នុងជ័រឈើស្អិត និង រក្សាទុកបានយ៉ាងល្អនៅក្នុងជ័រនោះក្នុងស្ថានភាពពាក់គ្នាទោះបីងាប់បាត់ក៏ដោយ។

រាប់លានឆ្នាំកន្លងផុតទៅ ជ័រនោះប្រែជារឹងកកផ្អឹបជាប់រុយទាំងពីរក្នុងសណ្ឋានកំពុងពាក់គ្នាមកទល់សព្វថ្ងៃ។

ការពិតដែលថារុយពាក់គ្នាតែប៉ុន្មានវិនាទីនឹងបានសម្រេចនោះ រឹតតែធ្វើឱ្យហ្វូស៊ីល ដែលរកឃើញនៅរដ្ឋវីកតូរៀ ប្រទេសអូស្ត្រាលី កាន់តែក្លាយជារឿងកម្រ និង រឿងគួរឱ្យកត់សម្គាល់បំផុត។

អ្នកនិពន្ធការសិក្សានិងជាអ្នកសិក្សាខាងហ្វូស៊ីល លោក ជេហ្វហ្វើរី ស្ទីលវែល មកពីសាកលវិទ្យាល័យម៉ូណាស នៅទីក្រុងមែលប៊ន និយាយថា “អ្នកអាចនិយាយបានថា រុយជើងវែងទាំងពីរកំពុងពាក់គ្នា កាលពី៤១លានឆ្នាំមុន ដែលនេះជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន”។

លោកជឿជាក់ណាស់ថារុយទាំងពីរពិតជាបានកំពុងពាក់គ្នា នៅពេលវិភាគសេណារីយ៉ូបែបនេះជាលើកដំបូង ដែលក្រោយមកសហអ្នកនិពន្ធ លោក ដាន់ ប៊ីកគែល អ្នកជំនាញខាងសត្វរុយមកពីសារមន្ទីរអូស្ត្រាលី ក៏បានបញ្ជាក់ដែរថា វាពិតជាកំពុងពាក់គ្នាមែន៕ ដោយ៖ កញ្ញាដាលីស

រុយពាក់គ្នាកាលពី៤១លានឆ្នាំមុនបានជាប់ក្នុងជ័រឈើរហូតមកទល់សព្វថ្ងៃ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ