ហ្វីលីពីន​ទទួល​ការសន្យា​ផ្គត់ផ្គង់​អង្ករ​​ពី​វៀតណាម​

205
ចែករម្លែក

​ហ្វីលីពីន​ដែលជា​ប្រទេស​អ្នក​ទិញ​អង្ករ​ដ៏​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​មេសា​ថា ខ្លួន​បាន​ទទួល​បាន​សន្យា​ពី​ប្រទេស​វៀតណាម សម្រាប់​ការផ្គត់ផ្គង់​​អង្ករ​បន្ត ដែល​អាច​រាប់​បញ្ចូល​ការនាំ​ចូល​ចំនួន ៣០០.០០០​តោន ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​មាន​ស្រាប់​។​

​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​ធំ​លំដាប់​ទី​៣ នៅលើ​ពិភពលោក បញ្ឈប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​លក់​អង្ករ​នៅ​ពេល​ខ្លួន​ត្រូវ​ពិនិត្យ​​មើល​ថា​តើ​ខ្លួន​មាន​ស្រូវ​អង្ករ​សំរាប់​ការផ្គត់ផ្គង់​ក្នុងស្រុក​គ្រប់គ្រាន់​ដែរឬទេ​ក្នុងអំឡុង​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​វីលៀម ដា បាន​និយាយថា លោក​បាន​ទទួល​លិខិត​ពី​លោក ឡឹ គួ​ក ឌ័​ញ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​វៀតណាម ដែល​បង្ហាញ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​​ក្រុង​ហាណូយ​ក្នុង​ការគោរព​កិច្ចសន្យា​ផ្គត់ផ្គង់​ដែល​មាន​ស្រាប់​របស់ខ្លួន ជាមួយ​ក្រុមហ៊ុន​អ្នក​នាំចូល​ហ្វីលីពីន​។​

​លិខិត​នោះ​ត្រូវបាន​បញ្ជូន​មក​បន្ទាប់​ពី លោក វីលៀម ដា បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា អង្ករ​ប្រហែល​១,៣៨ លាន​តោន ដែល​បាន​នាំ​ចូល​ដោយ​ពាណិជ្ជករ​ហ្វីលីពីន មិនទាន់​បាន​បញ្ជូន​មក​នៅ​​ឡើយ​ទេ​ដោយ​ក្នុងនោះ រួមបញ្ចូល​ទាំង​អង្ករ ចំនួន​១.២៥ លាន​តោន ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម​៕​ប្រែ​សម្រួល​៖​សុខា​/sn

កាលពី​ឆ្នាំមុន វៀតណាម​នាំ​ចេញ​អង្ករ​៦,៣៧​លាន​តោន ដោយ​ហ្វីលីពីន​,​កូដ​ឌី​វ័រ ម៉ាឡេស៊ី​និង​ចិន​ជា​ទីផ្សារ​ធំជាងគេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ