អាជ្ញាធរជំនាញនៅកោះកុង បង្កើនការស្វែងរកឧបករណ៍តេស្តជំងឺកូវីដ និងគុណភាពអាល់កុល

146
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ដើម្បីជាការទប់ស្កាត់ក្រុមជនខិលខូចឆ្លៀតឱកាសនិយមដែលតែងតែបោកប្រាស់ក្លែងបន្លំដោយផ្ទាល់ និងតាមប្រព័ន្ធOline ក្រុមមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំប្រចាំខេត្តកោះកុង បន្តតាមដានចុះពិនិត្យរកឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ និងគុណភាពផលិតផលអាល់កុលដាក់លក់លើទីផ្សារ។

ពុំមែនទើបអនុវត្តនៅថ្ងៃទី៣ ខែមេសា នេះទេ ពោលគឺក្រុមអាជ្ញាធរជំនាញបានចុះអប់រំណែនាំផ្សព្វផ្សាយជាច្រើនលើកច្រើនសារមកហើយអំពីការលក់អាល់កុលមិនសុទ្ធល្អ ម៉ាស់ឡើងតម្លៃក្នុងភូមិសាស្រ្តខេត្តកោះកុង។

លោក ហ៊ុយ ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៅខេត្តកោះកុង បានគូសបញ្ជាក់ក្រោយពីត្រួតពិនិត្យនៅតាមបណ្តាឱសថស្ថាន និងហាក់លក់ទំនិញក្នុងក្រុងខេមរភូមិន្ទប្រមាណ១០ទីតាំងថា តបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារជំនាញរបស់លោក កំពុងបង្កើនការត្រួតពិនិត្យយ៉ាងយកចិត្តទុកខ្ពស់ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងយុទ្ធនាការរកឧបករណ៍តេស្តជំងឺកូវីដ១៩ តម្លៃម៉ាស់ និងទឹកលាង សម្រាប់សម្លាប់មេរោគ។

តាមលទ្ធផលនៃប្រតិបត្តិការពិនិត្យ លោក ហ៊ុយ ភារម្យ អះអាងយ៉ាងច្បាស់ៗថា គឺពុំរកឃើញទីតាំងណាមួយលួចលក់ឧបករណ៍ធ្វើតេស្ដ covid 19 ទេ។ ចំពោះគុណភាពអាល់ កុល ទាំង៥គំរូ មានគុណភាពសុទ្ធល្អគ្មានជាតិមេតាណុល រីឯតម្លៃម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគ ក៏មិនមានឡើងថ្លៃអ្វីច្រើនគួរឲ្យកត់សំគាល់ដែរ។ ករណីមានការលួចលាក់លក់មែននឹងប្រឈមចំពោះមុខច្បាប់ជាធរមាន។

ទោះយ៉ាងនេះក៏ដោយចុះ លោកនៅបន្តជំរុញដល់អាជីវករលក់ដូរអាល់កុលមួយចំនួនតូចដែលមានចំណុចខ្វះចន្លោះ ចាំបាច់ត្រូវទិញតាំងលក់ផលិតផលណាដែលមានគុណភាព និងមានផ្លាកសញ្ញាអនុញ្ញាតឱ្យត្រឹមត្រូវ ដើម្បីចៀសវាងការទិញរបស់ក្លែងក្លាយ និងគ្មានគុណភាពដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

ពាក់ព័ន្ធនឹងរបរលក់ផលិតផលខាងលើ ត្រូវក្រុមអាជីវករលក់ម៉ាស់ អាល់កុល និងទឹកលាងសម្អាតដៃ លើកឡើងតបថា ពួកគាត់ទិញផលិតផលពីក្រុមហ៊ុនដែលមានការអនុញ្ញាតត្រឹមត្រូវ ពុំមានការក្លែងបន្លំអ្វីឡើយ។

អាជីវករ បន្តថា រាល់តម្លៃលក់ចេញនូវផលិតផល រួមមាន៖ ទឹកលាងដៃ អាល់កុល និងម៉ាស់ នៅលើទីផ្សារ គឺអនុវត្តទៅតាមការណែនាំអប់រំក្រសួង និងអាជ្ញាធរជំនាញ។ បើនិយាយពីឧបករណ៍តេស្តជំងឺកូវីដនោះ គឺពួកគាត់មិនបានប្រព្រឹត្តអាជីវកម្មនោះទេ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ