វប្បធម៌​ចែករំលែក និង​សាមគ្គីភាព ដែល​ផ្តើមចេញពី​ភាព​គំរូ​នៃ​ប្រមុខ​ដឹកនាំ​

324
ចែករម្លែក

ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ សម្តេច​អគ្គម​ហាស​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លិខិត ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថា ដោយសារ​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​នៅតែ​មិនទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ សម្តេច​សូម​សំដែង នូវ​សមានចិត្ត តាមរយៈ​ការស្ម័គ្រចិត្ត​ជូនទៅ​គណៈ កម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នូវ​ប្រាក់បៀវត្ស​របស់​សម្តេច ជា​នាយករដ្ឋមន្ត្រី ចំនួន​ប្រាំពីរ​ខែ ដោយ​រាប់​ចាប់តាំងពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។​

​ជា​បន្តបន្ទាប់​មាន​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ក្នុង​រាជរដ្ឋាភិបាល ចាប់តាំងពី​ថ្នាក់​ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន រដ្ឋ​ជាច្រើន រួមទាំង​អភិបាល អភិបាលរង រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ រហូតដល់​ឃុំ​សង្កាត់ បានប្រកាស​ពី​ការបរិច្ចាគ​ប្រាក់ខែ​របស់ខ្លួន ខ្លះ​មួយខែ បី​ខែ ប្រាំ​ខែ ប្រាំ​មួយខែ ខ្លះទៀត​ប្រាំ​ខែ និង​ខ្លះទៀត កាត់​ចំណែក​ប្រាក់ខែ​មួយ​លាន​រៀល ពីរលាន​រៀល​រហូត​ប្រាំ​លាន​រៀន​បរិច្ចាគ ជូន​ដល់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ប្រើប្រាស់ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ នៅពេលនេះ​។ នៅក្នុង​ប្រទេស​កម្ពុជា​យើង នាយករដ្ឋមន្ត្រី ទទួលបាន​ប្រាក់ខែ ១០​លាន​រៀល ស្មើ​ប្រមាណ ២៥០០​ដុល្លារ​អាម៉េរិក​។ រីឯ​រដ្ឋមន្ត្រី មាន​ប្រាក់ខែ​ប្រមាណ​ប្រាំ​លាន​រៀល ស្មើនឹង ១២៥០ ដុល្លារ​។​
​ ​
​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័នរដ្ឋ ដែលមាន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​បរិច្ចាគ​ប្រាក់ខែ​ជូន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ គឺត្រូវធ្វើ​ដោយ​ស្ម័គ្រចិត្ត តាមរយៈ​បុគ្គល​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ សរសេរ​លិខិត​ប្រកាស​ខ្លួនឯង ដោយ​គ្មាន​ការចាប់​បង្ខំ​ឡើយ​។​

ការអំពាវនាវ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រកាស​ផ្តល់​វិភាគទាន ដោយ​បរិច្ចាគ​ប្រាក់ នេះ​បង្ហាញ​នូវ​វប្បធម៌​ចែករំលែក ខ្មែរ​ជួយ​ខ្មែរ​ផង និង​ក៏​បង្ហាញ​ពី​ទឹកចិត្ត​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​យើង ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ១៩​មិនមែន​ចូលរួម​តែ មាត់​ទេ​។ ប៉ុន្តែ​យើង​ចូលរួម​ដោយមាន​ទាំង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​បម្រើ ប្រជាពលរដ្ឋ ដែល​នេះ ក៏​បង្កើត​នូវ​ជំនឿ​ជាមួយ​ប្រជា ពលរដ្ឋ ហើយក៏​បង្កើន​នូវ​ជំនឿ​ទុកចិត្ត របស់​គ្រូពេទ្យ ដែល​ព្យាបាល​ប្រជាពលរដ្ឋ តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ និង​ថ្នាក់ដឹកនាំ ដែល​រំលែក​ថវិកា ចេញពី​ប្រាក់​បៀរ​វត្ស​របស់ខ្លួន​។​
​ ​
​ដោយឡែក​សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន ចាប់តាំងពី​ព្រះមហាក្សត្រ សម្តេចម៉ែ រួមទាំង​អ្នក ឧកញ៉ា ឧកញ៉ា មហាសេដ្ឋី ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​សាមញ្ញ បាន​ចូលរួម​វិភាគ បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់ ដែល​មកដល់​ថ្ងៃទី​២​មេសា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ថវិកា​ជាង ១១​លាន​ដុល្លារ​ហើយ​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣១​មីនា​កន្លងទៅ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​សាជាថ្មី​ម្តង​ទៀតថា ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩​នេះ នឹងមិន​ត្រូវ​យកមក​ផ្គត់ផ្គង់​បុគ្គលិក​សុខាភិបាល​ឡើយ តែ​ត្រូវ​យកទៅ​ទិញ សម្ភារៈ​បរិក្ខារ​ផ្សេងៗ ជាអាទិ៍ ម៉ាស់ និង​អាល់កុល សម្រាប់​ចែកជូន​ប្រជាជន និង​មន្ទីរពេទ្យ​។​

​ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ជា​ទិញ​ម៉ាស ចំនួន ៥,២​លាន ក្នុងនោះ ពី​ក្រៅប្រទេស ចំនួន​បួន​លាន និង​ទិញ​ពី​រោងចក្រ​ផលិត​ម៉ាស់ នៅ​ខេត្ត​ព្រះសីហនុ ចំនួន​១,២​លាន​ដើម្បី​ត្រៀម ចែកជូន​ប្រជាពលរដ្ឋ និង​ផ្តល់ជូន​មន្ទីរពេទ្យ​មួយចំនួន​។ ជាង នេះទៅទៀត​ក្រៅពី​សំលៀក បំពាក់​ពេទ្យ ដែល​ត្រូវបាន​ផលិត​នៅ​ខេត្តស្វាយរៀង រាជរដ្ឋាភិបាល​ក៏បាន​បញ្ជា​ទិញ​ម៉ាស់ សម្រាប់​ពេទ្យ​ចំនួន​ជាង ២០​ម៉ឺន​បន្ថែមទៀត​ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ខាង​ផ្នែក​វេជ្ជសាស្ត្រ នាពេលខាងមុខ​។​

​ជាការ​ពិត តាម​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ រាជរដ្ឋាភិបាល កម្ពុជា​មិនមែន​ខ្វះ​លុយ​ទេ​។ ប៉ុន្តែ​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​យើង​មានការ​ចូលរួម​ខ្លាំងក្លា​ណាស់ ។

​វប្បធម៌​ចែករំលែក ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន រួមទាំង​ពលរដ្ឋ​ខ្មែរ យើង​ធ្វើ​តាំងពី​យូរយារ​ណាស់​មកហើយ​។​ថ្មី​នេះ​កាលពី​ខែមករា ក្នុង​ព្រឹត្តិការណ៍​បាក់​រលំ​អគារ នៅ​ខេត្ត​កែប ក៏មាន​សប្បុរសជន​យ៉ាងច្រើន បាន​ចូលរួម​ថវិកា ដែល​ប្រមូលបាន​រាប់សែន លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ជួយ​ជនរងគ្រោះ​។ ក្នុងនោះ ហេតុការណ៍​បាក់​រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រួមទាំង​ចលនា​អំពាវ នាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក៏មាន​សប្បុរសជន យ៉ាងច្រើន បាន​ចូលរួម​ថវិកា រហូតដល់​ចូល​ខ្ទង់លាន​ដុល្លារ​។​

​ជាងនេះទៅទៀត ការចូលរួម​បរិច្ចាគ​ថវិកា តាមរយៈ​ប្រាក់ខែ​រដ្ឋ ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ នេះ ដើម្បី​ជួយ​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ គឺជា​កាយវិការ​ដ៏​ប្រពៃណី របស់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់ ពេលវេលា​។​

​ការបរិច្ចាគ​ប្រាក់ខែ​មន្ត្រីរាជការ​ក៏ត្រូវ​បាន​ប្រទេស​មួយចំនួន​បាន​អនុវត្ត​ក្នុងពេល​សកលលោក​ជួបប្រទះ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។​ឧទាហរណ៍​ដូចជា​នៅពេល ដែល​ប្រទេស​សិង្ហ​បុរី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី​នេះ​លោក​ប្រធានាធិបតី​គណៈរដ្ឋមន្ត្រី​និង​អ្នក​កាន់​ការិយាល័យ​នយោបាយ​នឹងធ្វើ​ការកាត់បន្ថយ​ប្រាក់ខែ​មួយខែ​ដើម្បី​«​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​សិង្ហ​បុរី​ដទៃទៀត​»​។​នៅ​ប្រទេស​ថៃ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​លះបង់​ប្រាក់ខែ​របស់ លោក​រយៈពេល​មួយខែ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ជំងឺ​កូ​វីដ -១៩ ។ ប្រា​យុទ្ធ​បានផ្តល់​ការ គាំទ្រ​ដល់​ការបង្កើត​មូលនិធិ​ជាមួយនឹង​ប្រាក់ខែ ១២៥.៥៩០ បាត (៤.០០០ ដុល្លារ​) ។ ក្នុងនោះ មន្ត្រី​ខុទ្ទកាល័យ ក៏​បរិច្ចាគ​ប្រាក់ខែ​ដែរ​។ នៅ​ប្រទេស ម៉ាឡេស៊ី ការិយាល័យ​នាយក រដ្ឋមន្ត្រី និយាយថា​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​និង​អនុរដ្ឋមន្ត្រី​ទាំងអស់​នឹងចូលរួម​ចំណែក​ប្រាក់ខែ​ពីរ​ខែ​ដល់​មូលនិធិ Covid-19 ។ សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៦ មីនា​) ក៏បាន​និយាយ​ផងដែរ​ថា​គណៈរដ្ឋមន្ត្រី​ដែលមាន​សមាជិក ៣២ រូប​និង​អនុរដ្ឋមន្ត្រី​ចំនួន​៣៨​រូប​នឹងត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​របស់​ពួកគេ​ដោយ​កាត់​ដោយ​ស្វ័យ ប្រវត្តិ និង​បញ្ជូនទៅ​មូលនិធិ​។​

​យ៉ាងណាក៏ដោយ នៅ​កម្ពុជា ត្រូវបាន​សម្តេច​តេ​ជោ ណែនាំ​យ៉ាងច្បាស់​ហើយ​ថា ការចូលរួម បរិច្ចាគ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ នាពេលនេះ ត្រូវធ្វើឡើង​ដោយ ស្ម័គ្រចិត្ត គ្មាន​ការបង្ខិតបង្ខំ​ឡើយ​។ សូម​រួមគ្នា ទាំង​កម្លាំងកាយ​ចិត្ត រួមទាំង​ថវិកា​ចូលរួម​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩៕ ដោយៈ ម៉េង​ឆៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម