សក្ដានុពល នៃ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​

305
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​/
​ភ្នំពេញ​៖
ពហុ​កីឡដ្ឋាន មរតក​តេ​ជោ នឹង​បញ្ចេញ​នូវ​អំណួត​របស់ខ្លួន នា​ឆ្នាំ​២០២៣ ខណៈដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​លើកដំបូង​។​

​ដោយ​មិន​និយាយ​ពី កីឡាបាល់ទាត់ ដែល​កម្ពុជា ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ធំៗ ទាំង​កម្រិត​ទ្វីប តំបន់ និង​ពិភពលោក​នោះ ក្នុងការ​ប្រកួត​ជា​លក្ខណៈ ពហុ​កីឡា​កម្ពុជា ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ តែម្ដង​គត់ នា​ឆ្នាំ​២៩៦៦ គឺ​ការប្រកួត​កីឡា ហ្គា​ណេ​ហ្វូ ។​

​បន្ទាប់ពី​នោះមក កម្ពុជា លង់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម អស់​ជាង ៣០ ឆ្នាំ ។ ពេលនេះ ពហុ​កីឡដ្ឋាន មរតក​តេ​ជោ នឹង​ក្លាយជា​កន្លែង ប្រកួត​ពហុ​កីឡា​ដ៏​ធំ​មួយ ដែល​បាន​កើតឡើង ដោយ​អ្នកដឹកនាំ នា​សម័យនេះ​។​

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ គឺជា​ឱកាស ជា​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប សម្រាប់​ប្រទេស​របស់​យើង​។ ម្យ៉ាងវិញទៀត កីឡា និង​ពហុ​កីឡដ្ឋាន នឹង​បម្រើ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ស្វែងរក​ទីផ្សារ ឲ្យ​កម្ពុជា ជា​លក្ខណៈ​អន្តរជាតិ ក្នុងនាម​ជា​ប្រទេស “​ស្អាត និង​មាន​ពណ៌​បៃតង (Clean and Green )”​។​

​ពហុ​កីឡដ្ឋាន​នេះ មាន​កន្លែង​អង្គុយ រហូតដល់​ប្រាំមួយ​ម៉ឺន​កន្លែង នឹងមាន​រូបរាង ដូច​ដំបូលទូក គឺជា​ការ​រំលឹក​ទៅដល់ ការធ្វើដំណើរ​តាមផ្លូវ​ដឹកជញ្ជូន ពី​ជាង ៣០០០ ឆ្នាំមុន រវាង​ចិន និង កម្ពុជា ពេលដែល​ប្រទេស​ទាំងពីរ បាន​ចងសម្ព័ន្ធភាព ខាង​ផ្នែក​ជំនួញ និង​ការអភិវឌ្ឍ ។​

​នៅ​ឆ្នាំ​២០១៥ កម្ពុជា បាន​សហការ​ជាមួយ ប្រទេស​ចិន ដើម្បី​កសាង​ពហុ​កីឡដ្ឋាន​ធំ និង​ល្បីឈ្មោះ នេះ​ឡើង​។ ក្រុមការងារ រួមគ្នា​មកពី​ប្រទេស​ចិន និង​កម្ពុជា ត្រូវបាន​បង្កើតឡើង ដើម្បី​ត្រួត​ពិនិត្យមើល គម្រោង​សាងសង់​នេះ​។​

​បន្ទាប់ពី​កីឡា​ស៊ី​ហ្គេម ពហុ​កីឡដ្ឋាន​នេះ នឹង​បើកទ្វារ​ស្វាគមន៍ សម្រាប់​ព្រឹត្តិការណ៍​កីឡា និង​ការហ្វឹកហាត់ ផ្សេងទៀត​។ ក្រៅពីនេះ វា​នឹង​ត្រូវបាន​ប្រើប្រាស់ ផងដែរ សម្រាប់​គោលដៅ​ទេសចរណ៍ វប្បធម៌ អប់រំ និង​ការកំសាន្ត​នានា តាមរយៈ​ការ​ប្រារព្ធ ពិធី​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​នានា​។​

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ កីឡាករ កីឡាការិនី​កម្ពុជា ចំនួន​ប្រមាណ ប្រាំពីរ​រយ​នាក់ នឹង​ប្រកួត ជាមួយ​កីឡាករ​-​កីឡាការិនី ៧.០០០ នាក់ ផ្សេងទៀត មកពី​គ្រប់ទិសទី នៃ​តំបន់​អាស៊ីអាគ្នេយ៍​។ បន្ថែម​ពីលើ គ្រូបង្វឹក អាជ្ញាកណ្តាល និង​មាន​បុគ្គលិក ប្រមាណ ចំនួន ៣.០០០ នាក់ ដែល​ពេលនោះ គេ​រំពឹងថា ពហុ​កីឡដ្ឋាន​នេះ នឹង​បើកទ្វារ​ស្វាគមន៍​មនុស្ស ប្រមាណ​ជាង ១០.០០០ នាក់​។​

​ពហុ​កីឡដ្ឋាន​នេះ មាន​សមត្ថភាព ជម្លៀស​មនុស្ស តែ​ក្នុង​រយៈពេល ៧ នាទី​ប៉ុណ្ណោះ​។ ក្រៅពី​មាន មជ្ឈមណ្ឌល​ហែល​ទឹក លោតទឹក កន្លែង​ប្រកួត​កីឡា ក្នុង​សាល និង​ក្រៅ​សាល​នោះ មណ្ឌល​ទស្សនា បាល់ទាត់ មាន ៥ ជាន់ ដោយមាន​ជាន់​ផ្ទាល់​ដី ជាន់​កណ្ដាល និង ជាន់ខ្ពស់​បំផុត ។​

​ពហុ​កីឡដ្ឋាន ដែលមាន​តម្លៃ​ប្រមាណ ១៦០ លាន​ដុល្លារ​អាមេរិក​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់ នា​ចុងឆ្នាំ​២០២០​នេះ​តែម្ដង​៕v

ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ដែល​កំពុង​សាងសង់​

ទីតាំងផ្សាយពាណិជ្ជកម្ម