«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ស្រ៊ុន សុងៈ អតីត​អ្នក​ថតរូប​

413
ចែករម្លែក
រូបថត ស្រ៊ុន សុង អាយុ​១២​ឆ្នាំ ពេល​នៅ​ជា​សិស្សសាលា ប្រហែល​នៅ​អំឡុង​ឆ្នាំ​១៩៦៨​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់
​ទ្រី ឃ​ន ជា​ម្ដាយ​របស់ ស្រ៊ុន សុង បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​ ​នៅ​ឆ្នាំ​១៩៧២ ពេលដែល​យើង​កំពុង​ហូបបាយ​ថ្ងៃត្រង់​ស្រាប់តែ​ប្រធានភូមិ និង អ្នកភូមិ​ផ្សេងទៀត​បានមក​ផ្ទះ​យើង ហើយ​ប្រាប់​កូនប្រុស​ខ្ញុំ​ឲ្យ​ចូល​បដិវត្តន៍​។ ខ្ញុំ​តប​ទៅវិញ​ថា​សុំ​ឲ្យ​វា​បាយ​រួចរាល់​សិន​សឹម​និយាយ​។ ប្រធានភូមិ​និយាយថា​អង្គការ និង​ផ្ដល់​អាហារ​ឲ្យ​វា​ច្រើនជាង​នេះ​ក្រោយ​វា​ចូលរួម​ក្នុង​បដិវត្តន៍​។ ខ្ញុំ​សួរ​មេភូមិ​ថា ចង់យក​កូនប្រុស​ខ្ញុំ​ទៅណា គាត់​ថា​«​កុំ​សួរ​ខ្ញុំ​អ​ញ្ជឹ​ង​»​។ ខ្ញុំ​យំ​មិនដឹងថា​គាត់​យក​កូនប្រុស​ខ្ញុំ​ទៅណា​ទេ​ឬ មួយ​ក៏​គាត់​យក​វា​ទៅ​សម្លាប់​។ ពីរ​ឆ្នាំ​ក្រោយមក សុង បាន​ធ្វើជា​យុទ្ធជន​ឃុំ​ព្រែក​ស្ដី​។ មាន​អ្នកភូមិ​បាន​ជួប​កូន​ខ្ញុំ​ហើយ​ប​ប្រាប់​ខ្ញុំ​ថា «​កូន​យាយ​ឯង​ស្គម​ខ្លាំងណាស់​»​។ ខ្ញុំ​និង​ប្ដី​របស់ខ្ញុំ​បាននាំគ្នា​ទៅលេង​កូន​ហើយ​បានឃើញ​វា​ឈឺ​ជា​ទម្ងន់​។ យើង​ស្នើសុំ​វា​ឲ្យ​នៅ​ជាមួយ​យើង ប៉ុន្តែ​ខ្មែរក្រហម​មិន​យល់ព្រម​។ ក្រោយមក​ប្ដី​ខ្ញុំ​បាន​លួច​យក​កូន​មក​ផ្ទះ​។ យើង​គ្មាន​លុយ​សម្រាប់​ទិញ​ថ្នាំពេទ្យ​ឬ ចំណីអាហារ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​បាន​យក​ស្ករស​ឲ្យ​វា​។ ក្រោយពី​វា​បាន​ហូប​ហើយ​វា​បាន​គ្រាន់បើ​ជាង​មុន​។ ខ្ញុំ​មានលទ្ធភាព​ដូរ​បាន​ថ្នាំសង្កូវ​ខ្លះ ព្រោះ​ខ្ញុំ​មាន​មាស​បន្តិចបន្តួច​ជាប់​នឹង​ខ្លួន​។


​ ​កន្លះ​ខែក្រោយ​មក ថ្ងៃមួយ​ពេលធ្វើ​ស្រែ​រួច​ខ្ញុំ​ហៅ​កូនប្រុស​របស់ខ្ញុំ តែ​អត់​ឮ​វា​ឆ្លើយ​សោះ ព្រោះ​ខ្មែរក្រហម​បានមក​លប​យក​វា​ត្រឡប់​ទៅ​សមរភូមិ​វិញ​។ វា​បាន​ត្រឡប់មកផ្ទះ​ម្ដងទៀត​ប្រហែល​១៥​ថ្ងៃ បន្ទាប់ពី​បដិវត្តន៍​ចាប់​ផ្ដើមឡើង​។ សុង ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​មាន​អង្គការ​មកសុំ​កូនប្រុស​ម្នាក់ទៀត​ឲ្យ​ចូល​បដិវត្តន៍ ខ្ញុំ​មិនត្រូវ​យល់ព្រម​ទេ​។ ពេលដែល​វា​មកលេង​នឹង​ខ្ញុំ វា​បាន​យក​ដែកកេះ​មក​ឲ្យ​ខ្ញុំ​ដើម្បី​ទុកជា​អនុស្សាវរីយ៍​។ ក្រោយ​ឆ្នាំ​១៩៧៩ វា​ត្រឡប់មក​ម្ដងទៀត តែ​យើង​មិនបាន​ជួបគ្នា​ដោយសារ​ខ្ញុំ​ជាប់រវល់​ធ្វើការ ពេលដែល​ខ្ញុំ​ទៅរក​មើល​វា វាន​បាន​ត្រឡប់​ទៅវិញ​បាត់ទៅហើយ​។​
​ ​ក្រោយមក អ្នកភូមិ​ខ្ញុំ​មក​សួររក​ប្រវត្តិរូប​របស់​កូនប្រុស​របស់ខ្ញុំ ឈ្មោះ ស្រៀ​ន ហើយ​សួរ​ទៀតថា​តើ​មាន​បង​ប្រុង​ធ្វើការ​ជាជាង​ថតរូប នៅ​ភ្នំពេញ​ទេ​។ ខ្ញុំ​ប្រាប់ថា សុង មិនមែន​ធ្វើការ​នៅក្នុង​គុក​ទេ វា​ធ្វើការ​នៅ​ការិយាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ស្រៀ​ន ក៏ត្រូវ​បាន​ចាប់​ដាក់គុក​។


​ ​ក្រោយពេល​កងទ័ព​វៀតណាម​ចូលមក​រំដោះប្រទេស​កម្ពុ​ជា​នៅក្នុង​ឆ្នាំ​១៩៧៩ មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ថា សុង រស់​នៅឯ​ឃុំ​លើកដែក​។ ខ្ញុំ​ក៏​ទៅ​មើ​លវា តែ​អត់​ឃើញ​វា​នៅ​ទី​នោះទេ​។ មាន​អ្នក​ផ្សេងទៀត ថា​បានឃើញ សុង ជិះសេះ​នៅឯ​ភ្នំ​ហើយ​ថា​បាន​សុំ​ឲ្យ​វា​មក​ភូមិ​ជាមួយ​វិញ ប៉ុន្តែ សុង និយាយថា​ខ្លាច​កងទ័ព​វៀតណាម វា​មិន​ត្រឡប់មកវិញ​ទេ លុះត្រាតែ​កងទ័ព​វៀតណាម​ដកចេញ​ពី​ប្រទេស​កម្ពុជា​អស់​សិន​។ ខ្ញុំ​បាន​រង់ចាំ​វា​តាំងតែ​ពី​ពេលនោះ​រហូតមក​។

ក្រុមគ្រួសារ ស្រ៊ុន សុង​។ រូប​រាប់​ពីឆ្វេង ៖ គីម​, ទូច​, ទ្រី ខន​, លក និង ស៊ីម​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ស្រ៊ុន ស្រៀ​ន​៖ ខ្ញុំ​ចូល​បដិវត្តន៍ នៅ​ឆ្នាំ​១៩៧៤​។ ខ្ញុំ​ជា​យុទ្ធជន​នៅ​កងកុមារ ហើយ​កាលណោះ​ខ្ញុំ​ក៏មាន​កាំភ្លើង​មួយ​ដើម​ដែរ​។ ក្រោយពេល​រំដោះ​ខ្ញុំ​ទៅធ្វើជា​អ្នកយាម​ឲ្យ​កងពល​លេខ​១២​នៅ​ចាក់អង្រែ ទីក្រុង​ភ្នំពេញ​។


​ ​ក្នុង​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​ស្នើ​ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​ជាមួយ ឡេង ដែលជា​មេបញ្ជាការ​កងកាំភ្លើងធំ​។ ក្រោយមក ឡេង ត្រូវ​អង្គការ​ចាប់ខ្លួន​។ ដោយសារ​ខ្មែរក្រហម​បានដឹង​ជាមុន​ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ ឡេ ខ្មែរក្រហម​ក៏​បញ្ជូន​ខ្ញុំ​ទៅ​មន្ទីរ​០៨ នៅ​ភ្នំពេញ​។ សន្តិសុខ​គុក​បានដាក់​ខ្នោះ​ខ្ញុំ​ដោយ​ចោទថា​ខ្ញុំ​រត់ចោល​សមរភូមិ ហើយ​ថា​ខ្ញុំ​ជា​ទាហាន លន់ នល់ និង​ជា​ខ្សែបណ្ដាញ​របស់ ឡេ​។​
​ ​ខ្ញុំ​ត្រូវ​ខ្មែរក្រហម​បញ្ជូនទៅ​មន្ទីរ​សន្តិសុខ​ព្រៃ​ស​នៅ​ឆ្នាំ​ដដែល​។ ខ្ញុំ​ជាម​នុស្ស​ល្អ តែ​សន្តិសុខ​គុក​ប្រាប់​មេ​បញ្ជា​របស់ខ្ញុំ​ថា ខ្ញុំ​មិនល្អ ហើយ​ថែមទាំង​ចោទ​ខ្ញុំ​ថា​ជា​ខ្មាំង​ទៀត​។ សន្តិសុខ​គុក​ដាក់​ខ្នោះដៃ​ខ្នោះជើង​ខ្ញុំ​នៅពេល​យប់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សន្តិសុខ​គុក​សំពង​ក្បាល​ខ្ញុំ​នឹង​ដង​ពូ​ថោ ហើយ​ថែមទាំង​ឆក់​ខ្សែភ្លើង​ខ្ញុំ​ទៀត​។ សន្តិសុខ​ឈ្មោះ ឈួន បាន​ចងជើង​ខ្ញុំ​ព្យូ​រ​ឡើងលើ​។​


​ ​នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​បានឃើញ​បង សុង ជិះ​កង់​ទៅ​ថតរូប​អ្នកទោស​។ គាត់​ថតរូប​អ្នកទោស​នៅ​ទីក្រុង​ភ្នំពេញ និង​ពេលខ្លះ​នៅ​ព្រៃ​ស​។ ខ្ញុំ​បាន​ស្រែកហៅ​គាត់​។ គាត់​បាន​ប្រាប់​អ្នកយាម​ឲ្យ​ថែរក្សា​ខ្ញុំ ប៉ុន្តែ​អ្នកយាម​ទាំងនោះ​មិន​ជឿថា​យើង​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទេ ព្រោះ​បង​សុង មាន​សម្បុរ​ខ្មៅ ចំណែក​ខ្ញុំ​មាន​សម្បុរ​ជ្រះ​។ បង​សុង ក៏​តប​ទៅវិញ​ថា គាត់​កាត់​ទៅរក​ម្ដាយ​ហើយ​ខ្ញុំ​កាត់​ទៅរក​ឪពុក​។ ទីបំផុត​សន្តិសុខ​គុក​ក៏​ជឿ​គាត់​។
​ ​ពីមុន ខ្ញុំ​បានទទួល​របប​បបរ​បី​កំប៉ុង​ក្នុង​មួយថ្ងៃ តែ​ក្រោយ​ពេលដែល​បងប្អូន​យើង​ជួបគ្នា ខ្ញុំ​ទទួលបាន​របប​បបរ​ច្រើនជាង​មុន​។ សន្តិសុខ​គុក​បាន​ដោះ​ខ្នោះ​ច្រវាក់​ចេញពី​ខ្ញុំ​និង​បញ្ជូន​ឲ្យ​ខ្ញុំ​ទៅធ្វើ​ស្រែ​។ បង​សុង ធ្លាប់បាន​ឲ្យ​ស្បែកជើង​មួយគូ​មក​ខ្ញុំ​ហើយ​ជួនកាល​ក៏​ឲ្យ​បារី​ដែរ​។ គាត់​បាន​ថតរូប​ឲ្យ​ខ្ញុំ​។ ខ្ញុំ​បានដាក់​រូបថត​នៅក្នុង​ហោប៉ៅ​រហូត​តែ​ក្រោយមក​ក៏​បាត់ទៅ​។ ក្រោយមកទៀត អង្គការ​បញ្ជូន​ខ្ញុំ​ទៅ​ឃ្វាល​គោក្របី​នៅ​វត្ត​កណ្ដាល​។

ស្រ៊ុន សុង ស្ពាយ​កាំភ្លើង​អាកា​៤៧ ថត​ក្រោយ​ឆ្នាំ​១៩៧៥ នៅ​ភ្នំពេញ​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅរ​វាង​ឆ្នាំ​១៩៧៧ និង​១៩៧៨ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ទៅធ្វើ​ការ​នៅ​អាកាសយានដ្ឋាន​នៅ​ខេត្តកំពង់ឆ្នាំង​។ ខ្ញុំ​បាន​ព្យាយាម​ធ្វើការ​យ៉ាងសកម្ម និង​ចូលរួម​រាល់​ការប្រជុំ​នានា​។ នៅក្នុង​ឆ្នាំ​១៩៧៨ អង្គការ​បាន​ចាត់​ខ្ញុំ​ទៅ​ព្រៃ​ស​វិញ​ដោយ​ខ្ញុំ​មិនបាន​ដឹង​ពី​មូលហេតុ​ឡើយ​។ ខ្ញុំ​ឃ្វាល​គោក្របី នៅ​ព្រៃ​ស​។ ខ្ញុំ​ធ្វើការ​ជាមួយ​ក្រុម​ស្ត្រី​ចំណាស់​ដែល​ភាគច្រើន​មាន​វ័យ​ពី​៣០​ទៅ​៥០​ឆ្នាំ ខ្លះទៀត​មាន​វ័យចាស់​ជាង​នេះ​ក៏មាន​។ ខ្ញុំ​រស់នៅ​ព្រៃ​ស​រហូតដល់​ឆ្នាំ​១៩៧៩​។​
​ ​នៅពេល​កងទ័ព​វៀតណាម​វាយលុក​ចូល​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ចូល​ព្រៃ​។ ដោយសារ​ខ្វះ​ទឹក​និង​អាហារ​រយៈពេល​យូរពេក ខ្ញុំ​បាន​ផឹក​ទឹកនោម​ខ្លួនឯង ហើយ​សម្រេចចិត្ត​វិល​ត្រឡប់មកផ្ទះ​វិញ​។ បុរស​ម្នាក់​នៅក្នុង​ភូមិ​របស់ខ្ញុំ​បាន​វាយ​ខ្ញុំ​ហ្នឹង​ពូថៅ និង​ចោទ​ខ្ញុំ​ជា​ខ្មែរក្រហម​ហើយ​គាត់​ក៏​បើកឡាន​តូច​ចេញ​។​

ស្រ៊ុន សុង ថត​ក្រោយ​ឆ្នាំ​១៩៧៥ ។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ទ្រី ឃ​ន​៖ ផ្ទះ​ខ្ញុំ​ត្រូវ​ដុតបំផ្លាញ​នៅក្នុង​របប លន់ នល់​។ ទាហាន វៀតណាម​ចុះមក ភូមិ​យើង​តាម​ទូក​ទន្លេមេគង្គ ហើយ​ប្រើ​សាំង​ដុត​ផ្ទះ​ខ្ញុំ​។ ឃើញ​ដូច្នេះ ខ្ញុំ​និង​កូន​ខ្ញុំ​ឡើង​ឡាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ហើយ​បាន​ជួប​បងថ្លៃ​របស់ខ្ញុំ​នៅ​ទីនោះ​។ យើង​មានតែ​ខោអាវ​ដែល​ស្ពាយ​ពីក្រោយ​ខ្នង​ប៉ុណ្ណោះ​។ ប្ដី​ខ្ញុំ​មិនដឹងថា​ត្រូវ​រក​ការងារ​អ្វី​ធ្វើ​ឡើយ​នៅ​ភ្នំពេញ​។ គាត់​ក៏​ធាក់​ស៊ីក្លូ​។
​ ​នៅ​ឆ្នាំ​១៩៧២​ប្ដី​ខ្ញុំ​និយាយថា​«​ភ្នំពេញ​ពិបាក​រស់នៅ​ណាស់​»​ដូច្នេះ​យើង​ក៏​ត្រឡប់​ទៅ​ភូមិកំណើត​វិញ​។ ខ្ញុំ​ចង់ទៅ​បាត់ដំបង ប៉ុន្តែ​ប្ដី​របស់ខ្ញុំ​ចង់​រស់នៅ​ភូមិ​ព្រោះ​ងាយស្រួល​រក​ផ្លែឈើ​ហូប​។ ពេលដែល​យើង​មក​ផ្ទះ​វិញ​បែរជា​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ ហើយ​នៅតែមាន​ការទម្លាក់​គ្រាប់បែក​។ អ្នកភូមិ​ថា​ឲ្យ​ខ្ញុំ​ថា​នៅ​ដូច​ឆ្កែ​។ ដូច្នេះ​ខ្ញុំ​ពកូន​ប្រុស​ម្នាក់ ឈ្មោះ គីម រត់ទៅរក​អាហារ​នៅ​កន្លែង​ឆ្ងាយៗ​។ ខ្ញុំ​លួច​ស្រូវ​ហើយ​ខ្ចប់​ដាក់​ក្នុង​សំពត់​ឲ្យ​វា​។ ខ្ញុំ​ធ្វើ​ដូចនេះ​រាល់ថ្ងៃ បើ​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេវា​ពិតជា​ស្លាប់​។​


​នៅ​ភូមិ​អស់​រយៈពេល​៦​ខែ ខ្មែរក្រហម​បញ្ជូន​ខ្ញុំ​ទៅ​ដាក់គុក​ពោធិ​ទន្លេ​ដែល​នៅ​ត្រើយម្ខាង​ទៀត​។ ម្ដាយ​ខ្ញុំ​និង កូន​ទាំង​បួន​របស់ខ្ញុំ​ក៏​ទៅជា​មួយ​ខ្ញុំ​ដែរ​។ ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ តែ​អង្គ​ការប៉ង​សម្លាប់​ខ្ញុំ​នៅ​ទីនោះ​។ មួយ​សប្ដាហ៍​ក្រោយមក​មាន នរណាម្នាក់​ផ្ញើ​សំបុត្រ​ឲ្យ​ប្រធាន​មន្ទីរឃុំឃាំង​ថា ខ្ញុំ​មកពី​គ្រួសារ​ល្អ ទេ​ត្រូវតែ​ដោះលែង​។​
​ ​ខ្ញុំ​ធាក់​រហាត់ទឹក​ស្ទូងស្រូវ និង​ដាំ​បន្លែបង្ការ​ដូចជា​ពោត សណ្ដែក​។ បើ​មាន​អ្នកណាម្នាក់​លួច​សូម្បី​ពោត​មួយ​ផ្លែ​ទៅ​ប្រាកដជា​ត្រូវ​សម្លាប់ចោល​។​ខ្ញុំ​អាណិត​កូនស្រី​របស់ខ្ញុំ​ណាស់​។​នាង​មិនមាន​អ្វី​បរិភោគ​គ្រប់គ្រាន់ រីឯ​កូនស្រី​របស់​គណៈ​ភូមិ​បែរជា​មាន​មិន​ខ្វះ​។ ថ្ងៃមួយ​ខ្ញុំ​ធ្វើការ​នៅឯ​សហករណ៍​ចិញ្ចឹម​មាន់ និង​នៅផ្ទះ​បាយ ហើយ​បានឃើញ​ពោត​មួយចំនួន​។ ខ្ញុំ​ក៏​យក​ពោត​មួយ​ផ្លែ​ទៅ​ចម្អិន​លាយ​ជាមួយ​បាយ​។ ខ្ញុំ​ក៏បាន​ចែក​ប្រជាជន​ដ​ដៃ​ទៀត ប៉ុន្តែ​មិនបាន​ឲ្យ​កូនស្រី​ខ្ញុំ​ទេ​។ ក្រោយមក មាន​អ្នកចោទ​ខ្ញុំ​ថា​លួច​ពោត​ឲ្យ​កូនស្រី​ខ្លួនឯង​។ ខ្ញុំ​បាន​លួច​អង្ករ​ឲ្យ​កូនស្រី​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​មិន​សប្បាយចិត្ត​នឹងធ្វើ​ដូច្នេះ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​នាង​មានជីវិត​រស់​បន្តទៀត​។


​ ​មាន​ពេល​មួយ គណៈ​ភូមិ​បាន​ជ្រមុជ​ក្បាល​ខ្ញុំ​ទៅក្នុង​ទឹកទន្លេ ដោយ​ចោទ​ខ្ញុំ​ថា​លួច​ពងមាន់​។ ម្ដាយ​ខ្ញុំ​ឃើញ​ដូចនេះ​ក៏​ស្រែក​ឡើង ហើយ​គណៈ​ភូមិ​ក៏​ដោះលែង​ខ្ញុំ​។ បន្ទាប់​មកពី​នោះ​ខ្ញុំ​ក៏​រៀន​ហែល​ទឹក ព្រោះ​ខ្ញុំ​ខ្លាច​ត្រូវ​ជ្រមុជ​ទឹក​ម្ដងទៀត​៕សរន

ស្រ៊ុន សុង អំឡុង​ឆ្នាំ​១៩៧៥ ។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
រូប​រាប់​ពីឆ្វេង ៖ ស៊ីម​, យាយ​របស់ ស្រ៊ុន សុង និង ទូច ក្នុងអំឡុង​ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ស្រ៊ុន សុង ក្រោយ​ឆ្នាំ​១៩៧៥ ។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ