តារាចម្រៀងភីងប្រកាសថានាងកើតកូវីដ១៩និងបរិច្ចាគ១លានដុល្លារជួយសម្រាលការលំបាកដល់ជនរងគ្រោះដោយសារជំងឺនេះ

251
ចែករម្លែក

តារាចម្រៀងភីងនិយាយកាលពីថ្ងៃសុក្រទី៣មេសាថា នាងបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយនាងក៏ប្រកាសដែរថា នាងនឹងបរិច្ចាគមួយលានដុល្លារទៅមូលនិធិសង្គ្រោះបន្ទាន់ចំនួន ២ (ម្នាក់៥០ម៉ឺនដុល្លារ)។

នៅក្នុងសារ Twitter ចំនួនពីរ នាងនិយាយថា នាងនិងកូនប្រុសអាយុ៣ឆ្នាំរបស់នាងបានចេញរោគសញ្ញាពីរសប្តាហ៍មកហើយ ហើយនាងបានធ្វើតេស្តវិជ្ជមានក្រោយទទួលបានការធ្វើតេស្តតាមរយៈគ្រូពេទ្យថែទាំសុខភាពបឋមម្នាក់។ នាងនិយាយថា គ្រួសារនាងបានជ្រកកោននៅក្នុងផ្ទះ ហើយនឹងបន្តធ្វើដូច្នេះទៀត។ អ្នកទាំងពីរបានធ្វើតេស្តម្តងទៀត “កាលពីប៉ុន្មានថ្ងៃមុន” ហើយលទ្ធផលចេញមកលើកនេះគឺ អវិជ្ជមាន។

សិល្បការិនីម្ចាស់ជ័យលាភីពានរង្វាន់ Grammy Award និងជាម្ចាស់បទល្បីៗដូចជា “Get the Party Started”, “What About Us”, “Raise Your Glass” និង “Just Give Me a Reason” រូបនេះ បានអំពាវនាវឱ្យមានការធ្វើតេស្តទូលំទូលាយជាងនេះដោយឥតគិតថ្លៃ។

នាងបានសរសេរថា “វាពិតជាគួរឱ្យស្អប់ខ្ពើមជាទីបំផុត និង ជាបរាជ័យរបស់រដ្ឋាភិបាលយើងដែលមិនមានការធ្វើតេស្តឱ្យបានទូលំទូលាយ។ ជំងឺនេះមានភាពធ្ងន់ធ្ងរខ្លាំងណាស់។ មនុស្សទាំងអស់ត្រូវដឹងថា ជំងឺនេះប៉ះពាល់គ្រប់គ្នាមិនថាចាស់ឬក្មេង មិនថាអ្នកមានសុខភាពល្អឬសុខភាពមិនល្អ មិនថាអ្នកមានឬអ្នកក្រ ហើយយើងត្រូវតែមានការធ្វើតេស្តទូលំទូលាយនិងឥតគិតថ្លៃដើម្បីការពារកូនៗរបស់យើង គ្រួសាររបស់យើង មិត្តរបស់យើង និងសហគមន៍របស់យើង”៕ ដោយ៖ កញ្ញាដាលីស

ភីងនិងកូនប្រុសអាយុ៣ឆ្នាំកើតកូវីដ១៩