ពួកល្បីៗចោលម្សៀតត្រូវគេពន្លះលើ Instagram រឿងយកម៉ាស់ត្រូវការចាំបាច់ទៅធ្វើជាឈុតប៊ីគីនីបង្អួតអ្នកគាំទ្រ

421
ចែករម្លែក

ពួកមនុស្សល្បីៗនៅលើ Instagram កំពុងប្រឈមការរិះគន់យ៉ាងជូរចត់ ក្រោយប្រើម៉ាស់ធ្វើជាឈុតប៊ីគីនី ដែលគេហៅថា “ក្វារ៉ាន់គីនី”​ ដែលជាផ្នែកមួយនៃនិន្នាការដ៏គួរឱ្យស្រឡាំងកាំងបំផុត ដែលកំពុងបាចសាចពេញបណ្តាញសង្គមចំពេលកំពុងផ្ទុះកូវីដ១៩។

មនុស្សជាច្រើននាំគ្នាទិញម៉ាស់ស្តុកទុកដើម្បីការពារមេរោគយកតែប្រាស់អាយុ ខណៈមនុស្សរាប់លាននាក់ទៀតនៅទូទាំងពិភពលោកត្រូវដាក់ខ្លួនឯងនៅឯកោដោយសារតែមេរោគកូរ៉ូណា ស្របពេលបុគ្គលិកពេទ្យនៅជុំវិញពិភពលោកកំពុងខ្វះឧបករណ៍ការពារដោយសារតែការទិញម៉ាស់ស្តុកទុកបែបនេះ។

ទោះយ៉ាងណា ខណៈបុគ្គលិកពេទ្យជាច្រើនសុំអង្វរឱ្យអ្នកទាំងនោះទុកម៉ាស់សម្រាប់អ្នកដែលត្រូវការចាំបាច់បំផុត ស្រាប់តែមានក្រុមមួយហៅថា “ពួកជនល្បីចោលម្សៀតសម័យកូរ៉ូណា” បានយកម៉ាស់ដែលត្រូវការចាំបាច់ទៅច្នៃធ្វើជាឈុតប៊ីគីនីដើម្បីបង្អួតអ្នកគាំទ្រយ៉ាងឥតប្រយោជន៍ទៅវិញ។

ជនមានឥទ្ធិពលលើបណ្តាញសង្គមទាំងអស់នោះភាគច្រើនបានថតរូបខ្លួនឯងក្នុងឈុតប៊ីគីនីធ្វើពីម៉ាស់ ដែលគេហៅនិន្នាការនេះថា “ក្វារ៉ាន់គីនី”។

និន្នាការចម្លែកលើអនឡាញនេះកើតឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកស្នើសុំឱ្យមនុស្សដែលមានសុខភាពល្អកុំពាក់ម៉ាស់ព្រោះភស្តុតាងបង្ហាញថាវាជួយបានតិចតួចណាស់ ហើយគួរទុកម៉ាស់ឱ្យបុគ្គលិកពេទ្យនិងអ្នកជំងឺកូវីដ១៩ពាក់ល្អជាង។

ក្នុងចំណោមតារាបណ្តាញសង្គមល្បីៗដែលរងការរិះគន់ទាំងនោះក៏មាននាង យូលីយ៉ា យូសាកូវ៉ា ជនជាតិរុស្ស៊ីផងដែរ ដោយនាងត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងចំពោះការយកម៉ាស់ច្នៃធ្វើជាឈុតប៊ីគីនីដើម្បីតែបង្អួតអ្នកគាំទ្រ។

អ្នកលេង Instagram ម្នាក់សរសេរថា “ក្នុងប្រទេសនេះគ្មានម៉ាស់គ្រប់គ្រាន់ទេ ប៉ុន្តែម៉ាស់មកនៅទីនេះទាំងអស់…”។

ម្នាក់ទៀតបន្ថែមថា “យូលីយ៉ាអើយ…នេះជាការប្រមាថខ្លាំងណាស់។ នាងគួរឱ្យម៉ាស់ទៅយាយរបស់នាងល្អជាង”។

តារាបណ្តាញសង្គមដែលរងការរិះគន់ដូចទឹកបាក់ទំនប់ដទៃទៀតរួមមាននាង យ៉ាណា កូស៊ីនកា ជនជាតិរុស្ស៊ី និង នាងជេដ ម៉ារី ជនជាតិអូស្ត្រាលី៕ ដោយ៖ កញ្ញាដាលីស