ផែនការ​ថ្មី​ប្រឆាំង​កូ​វីដ​១៩៖ បញ្ជា​ទិញ​ម៉ាស​ស្តុក​១០​លាន និង​អាល់កុល​មួយ​លាន​លីត្រ​

331
ចែករម្លែក
សម្តេច​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​

ដោយៈ​តារា​រិ​ទ្ធ/​​ភ្នំពេញៈ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ចេញ​ផែនការ​ថ្មី​ដោយ​បង្កើត​ស្តុក​រាជរដ្ឋាភិបាល ដោយ​តម្រូវឱ្យ​ស្តុក​នូវ​ម៉ាស​ចំនួន​មួយ​លាន​ម៉ាស​,​សម្លៀកបំពាក់​គ្រូពេទ្យ​ប្រាំ​ពាន់​កំ​ប្លេ ,​ម៉ាស N95​ចំនួន​ប្រាំ​ពាន់​ម៉ាស និង​ទឹក​អាល់កុល​ចំនួន​មួយ​លាន​លីត្រ ទុក​ប្រើប្រាស់​ក្នុងករណី​មានការ​វិវឌ្ឍន៍​មិនល្អ​ណាមួយ​លើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​។​នេះ​បើ​យោងតាម​គេហទំព័រ​ហ្វ្រេស​ញូ​វ​នៅ​ល្ងាច​ថ្ងៃទី​៤​ខែមេសា​នេះ​។​
​ប្រភព​ដដែល​ដោយបាន​អះអាងថា​ជាការ​ស្រង់​សារ​ជា​សំឡេង​បទបញ្ជា​ទៅកាន់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ថ្ងៃទី​៤ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើទោះបីថា​ស្ថាន​ការវិវឌ្ឍ​ន៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណាក្តី តែ​ដើម្បី​ប្រាកដថា​កម្ពុជា​មិន​ជួប​បញ្ហា​ខ្វះ​ម៉ាស​សម្លៀកបំពាក់​និង​ទឹក​អាល់កុល​សម្រាប់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ត្រូវបង្កើត​នូវ​ស្តុក​មួយ​សម្រាប់​រាជរដ្ឋាភិបាល​។​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា «​នេះ​ជាការ​ចាំបាច់ ព្រោះ​យើង​មិន​អាចឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ របស់​យើង​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​សូម​ចេញ​នូវ​បទបញ្ជា​បន្ថែម គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង​របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត​»​។​

​ប្រភព​ដដែល​បន្ត​ថាស​ម្តេច​តេ​ជោ​បាន​ណែនាំ​ថា ទាំង​ម៉ាស សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់ គឺ​ត្រូវ​ផលិត​យកមក​បំពេញបន្ថែម​ភ្លាម​។ ស្តុក​របស់​រាជរដ្ឋាភិបាល គឺ​រក្សា​នៅ​ក្រសួងសុខាភិបាល​ដដែល តែ​នៅពេល​យកទៅ​ប្រើប្រាស់​ត្រូវ​ដាក់សំណើ​ទៅកាន់​សម្តេច​។​

​គួរ​រំំ​លឹក​ថា​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែមេសា​មាន​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ សរុប ១១៤​នាក់​។ ប៉ុន្តែ​មាន​អ្នកជំងឺ​ចំនួន ៤៩​នាក់​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​និង​អ្នកជំងឺ​កំពុងតែ​ព្យាបាល​មាន​ចំនួន ៦៥​នាក់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម