នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបញ្ជូនទៅនៅមន្ទីរពេទ្យក្រោយរោគសញ្ញាកូវីដ១៩មិនព្រមថមថយ

537
ចែករម្លែក

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បី​ធ្វើតេស្តបន្ថែមទៀតកាលពីថ្ងៃអាទិត្យទី៦មេសា នៅក្នុងអ្វីដែលវិមានរដ្ឋាភិបាល​និយាយថាជា “ជំហានប្រុងប្រយ័ត្នជាមុន” ព្រោះគាត់បានបង្ហាញរោគសញ្ញា​ឥតស្រាកស្រាន្ត១០ថ្ងៃនៃមេរោគកូរ៉ូណា ក្រោយតេស្តវិជ្ជមានមេរោគនេះ។

ដំណឹងនេះនាំឱ្យមានប្រតិកម្មជាច្រើនដើម្បីបង្ហាញពីក្តីបារម្ភអំពីសុខភាពរបស់លោក។

ប្រធានាធិបតីត្រាំ បាននិយាយថា “ខ្ញុំចង់បង្ហាញការបួងសួងឱ្យមានសុខភាពល្អពី​សហរដ្ឋអាម៉េរិកចំពោះនាយករដ្ឋមន្ត្រីបូរីស ចនសុន ខណៈគាត់ផ្ទាល់កំពុងប្រយុទ្ធនឹង​មេរោគកូរ៉ូណា។ ពលរដ្ឋអាម៉េរិកទាំងអស់បន់ស្រន់ឱ្យគាត់ឆាប់ជា។ គាត់ជាមិត្តរបស់ខ្ញុំ គាត់ជាសុភាពបុរសអស្ចារ្យ និងជាមេដឹកនាំអស្ចារ្យ ហើយដូចដែលអ្នកបានដឹងស្រាប់ គាត់បានទៅមន្ទីរពេទ្យថ្ងៃនេះ ប៉ុន្តែខ្ញុំសង្ឃឹមនិងជឿថាគាត់នឹងមិនអីនោះទេ។ គាត់ជាបុរសខ្លាំង និងជាមនុស្សខ្លាំង”។

លោកឃើ ស្តាមមឺ មេបក្សប្រឆាំងអង់គ្លេស (បក្សពលករ) បាននិយាយថា “សូមជូនពរលោកនាយករដ្ឋមន្ត្រីមានសុខភាពល្អ និងឆាប់ជាសះស្បើយ”។

លោកម៉ាត់ ហានខក់ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសនិយាយថា “សូមបូរី​ឆាប់ជាសះស្បើយ”។

រាជវាំងបាក់ឃីងហែម និយាយថា ម្ចាស់ក្សត្រិយអេលីហ្សាបេតបានជ្រាបដំណឹង​នេះហើយ ប៉ុន្តែទ្រង់ពុំមានបន្ទូលអ្វីទេ។

លោកជេរ៉េមី ហាន់ អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស និង អតីតគូប្រជែងក្នុងបក្ស​អភិរក្ស​ជាមួយគ្នា និយាយថា “ជូនពរបូរីសឆាប់ជានៅល្ងាចនេះ។ មិនថាមាននិន្នាការ​នយោបាយយ៉ាងណានោះទេ ប្រទេសទាំងមូលរួមគ្នាជាធ្លុងមួយចង់ឱ្យលោក​នាយករដ្ឋមន្ត្រីឆាប់ជាសះស្បើយយ៉ាងរហ័សបំផុតតាមដែលអាចធ្វើទៅបាន”។

ឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនទៀតក៏បានជូនពរលោកបូរីស ចនសុន​ឱ្យឆាប់ជាសះស្បើយដែរ ក្នុងនោះមាន នាយករដ្ឋមន្ត្រីស្កុតលែន នីកូឡា ស្តួហ្គិន អភិបាលក្រុងឡុងដ៍ លោក សាឌីក ខាន់ និងលោក អេដ ដាវី មេដឹកនាំស្តីទីនៃ​គណបក្សប្រជាធិបតេយ្យសេរី (បក្សប្រឆាំង)៕ ដោយ៖ កញ្ញាដាលីស/Ha

លោក បូរីស ចនសុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ក្រោយរោគសញ្ញាមិនព្រមថមថយ ១០ ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម