បរិយាយ​លេខ​នេះ​៖ ៣​ថ្ងៃ​ជាប់​គ្នា កម្ពុជា គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ តែ​ក៏​មិន​បន្ធូរដៃ​ឡើយ​!

286
ចែករម្លែក

ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា គិត​ចាប់​តាំ​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ក្រសួង​សុខាភិ​បាល បានប្រកាសថា នៅ​ទូទាំងប្រទេស​កម្ពុជា​យើង មិនមាន​ករណី​ថ្មី នៃ​វីរុស​កូ​វីដ ១៩ នោះទេ​។ ទន្ទឹមនឹងនេះ ក៏​គ្មាន​អ្នក​ឆ្លង​ថ្មី ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ចំនួន​អ្នក ដែលបាន​ព្យាបាល​ជាសះស្បើយ មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែមេសា អ្នកជា​សះស្បើយ បាន​កើន​ឡើងដល់ ៥៣ នាក់​ហើយ​។​
​ ​
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​អ្នក​ព្យាបាលជាសះស្បើយ​ពី​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន​កើន​ដល់ ៥៣​នាក់ ស្មើនឹង​ជាង ៤៦​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ ចំណែក​អ្នក​ដែល​កំពុង​សម្រាកព្យាបាល បាន​ថយ​ចុះមក​នៅត្រឹម ៦១ នាក់ ដែលមាន​ស្ត្រី ២០​នាក់ និង​បុរស ៤១​នាក់​។​
​ ​
​ទោះបី​ជាមាន​សញ្ញា​វិជ្ជមាន ដូច្នេះ​ក៏ដោយ ក៏ប៉ុន្តែ​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យើង​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេចំពោះ​ការមិន​មាន​អ្នក​ឆ្លង​ថ្មី នៃ​វីរុស​កូ​វីដ ១៩ នៅ​កម្ពុជា​យើង​ក្នុង​រយៈពេល ៣​ថ្ងៃ​មកនេះ​។ យើង​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ណាស់ ក្នុងដំណាក់កាល​នេះ ព្រោះ​តាម​បច្ចេកទេស គ្រាន់តែ​ជាការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង ជា​បណ្តើរៗ​តែប៉ុណ្ណោះ​។ តែ​ស្ថានភាព នៅ​ផុយស្រួយ​ណាស់​។​
​ ​
​លោកស្រី ឱ វណ្ណឌី​ន បាន​បន្ថែមថា​៖ «​យើង​ត្រូវធ្វើ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ នៅតែ​ជា​កូនសោ​គន្លឹះ នៃ​ការ​វាយបក​ទៅលើ​ការចម្លង​វីរុស​កូ​វីដ​១៩ សំដៅ​ទៅរក​ភាពជោគជ័យពិតប្រាកដ​បាន​។ បើ​យើង​ភ្លេចខ្លួន សត្រូវ​នេះ នឹង​វាយលុក​មកយើង​វិញ ក្នុង​រយ​:​ពេល​ដ៏​ខ្លី​បំផុត​។ ពេលខ្លះ មានការ​ស្ងប់ស្ងាត់​បន្តិច តែ​ក៏​អាច​មានការ​រាតត្បាត ជា​បន្តទៀត​ដែរ ដែល​គេ​ហៅថា second wave ។ ដូច្នេះ ត្រូវ​បោះជំហាន​សកម្ម​ទប់ស្កាត់​ជាបន្តទៀត ទើប​អាច​សង្កត់ សត្រូវ​វីរុស​កូ​វីដ​១៩​នេះ​បាន​»​។​

​ជាមួយគ្នានេះ តែ​ប៉ុន្មាន​ម៉ោង មុន​សន្និសីទកាសែត​លើក​បង្ហាញ​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស នូវ​បទបញ្ជា​អោយ​ក្រសួងសុខាភិបាល ត្រៀម​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព និង​ត្រៀម​បម្រុងសម្ភារ​គ្រប់គ្រាន់ ជូន​ពលករ​មកពី​ប្រទេស​ថៃ ដែល​ត្រូវដាក់​ឲ្យនៅ​ដាច់ដោយឡែក ១៤ ថ្ងៃ តាម​ស្រុកភូមិ​នានា នៅ​ទូទាំងប្រទេស​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​លើកឡើងថា បងប្អូន​កូនក្មួយ​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់ មកពី​ប្រទេស​ថៃ​កន្លងមក មាន​ចំនួន​ប្រមាណ ៥ ម៉ឺន​នាក់ ហើយ​ដែល​ចំនួន​នេះ នឹងមាន​មកជាបន្តបន្ទាប់​ទៀត ដែល​អាច​នឹង​កើន​ទៅដល់ ៦ ម៉ឺន​នាក់​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ដំឡើង​ប្រាក់ឧបត្ថម្ភ​បន្ថែម និង​ផ្តល់​ភាព កក់ក្តៅ​ដល់​ក្រុមគ្រូពេទ្យ ក្នុងពេល​បំពេញការងារ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ផងដែរ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ចេញ​បញ្ជា​អោយ​ផ្អាក​ការនាំ​ត្រី​ចេញ បន្ទាប់ពី​សម្តេច បានដាក់​បទបញ្ជា ហាមឃាត់​ការនាំចេញ​អង្ករ​។ ទន្ទឹមនឹងនេះ គឺ​សម្តេច​ប្រមុខ​ដឹកនាំ បាន​បញ្ជាឲ្យ​អាជ្ញាធរ​គ្រប់គ្រង នៅតាម​ទីផ្សារ មិនឲ្យ​ឡើងថ្លៃ​ត្រី​ឡើយ​។ វិធានការ​នេះ ដើម្បី​រក្សាទុក​អង្ករ និង​ត្រី សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ក្នុងពេល​ប្រទេសយើងជួប​បញ្ហា​ជំងឺ​កូ​វីដ​១៩​។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​ចាត់ចែង​រោងចក្រ​ផលិត​មី​ក្នុងប្រទេស ដើម្បី​ផលិត​មី​ជូន​រាជរដ្ឋាភិបាល សម្រាប់​ផ្គត់ផ្គង់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អត់​ស្បៀង អាហារ​។ រោងចក្រ​ផលិត​ទឹកបរិសុទ្ធ ក្នុងប្រទេស ក៏ត្រូវ​ត្រៀម​ផលិត​ទឹកស្អាត​ដប ដើម្បី​បម្រុង​ទុក សម្រាប់​ជួយ​ផ្គត់ផ្គង់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​ការត្រៀម​បម្រុង​សម្ភារ និង​បរិក្ខារ​ពេទ្យ ក្នុង​ស្តុក​រួច ស្រេច​ហើយ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​-១៩​។ នោះ​គឺ​សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យបន្ថែម​នូវ​ស្តុក​ម៉ាស​ចំនួន​១០ លាន​ម៉ាស​, ខោអាវ​គ្រូពេទ្យ ចំនួន​៥​ពាន់​កំ​ប្ល៉េ​, ម៉ាស​គ្រូពេទ្យ​៥០​ម៉ឺន​, ម៉ាស​ប្រភេទ N-95 ចំនួន​៥​ពាន់​, និង​ទឹក​អាល់កុល​ចំនួន ១ លាន​លីត្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “ យើង​ត្រៀម​ថវិកា​នេះ​( ថវិកា​ពី​សប្បុរសជន​និង​ប្រាក់ខែ មន្ត្រីរាជការ ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ ) សម្រាប់​យកទៅជួយ​ប្រជាពល រដ្ឋ​ក្នុង​ស្ថានការណ៍ដែល​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដូចជា​ទិញ​ម៉ាស និង​សម្ភារ​បរិក្ខារ​របស់​គ្រូពេទ្យ ទិញ​អាល់កុល និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​ប្រជា ពលរដ្ឋ ទៅតាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​បន្ទាន់​“ ។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​កម្ពុជា ពេលនេះ គឺ​កំពុង​បញ្ចេញ កម្លាំង​ខិតខំ​ធ្វើ​ការងារ ដើម្បី​ជា​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​យើង​។ កុំ​ទុកឲ្យ​ប្រជា​ពល រដ្ឋ​ណា​ម្នាក់ស្លាប់​ដោយ​យើង​មិន​បានដឹង ហើយ​មិនបាន​ដោះស្រាយ​។ មិនមែន​គ្រាន់តែ​បញ្ហា កូ​វីដ​-១៩​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ប្រជាពលរដ្ឋ​យើង ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀង អាហារ​ឲ្យ​ពួកគាត់​ជាបន្ទាន់​ឆាប់​បំផុត​។ កុំឲ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ អោយសោះ ក្នុងពេលដែល​សភាពការណ៍ មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុងប្រទេស គឺ​ត្រូវ​គ្រប់ គ្រង​អ្វីៗ ដែលមាន​ក្នុងប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់ ដែលមាន ក្នុងប្រទេស​របស់​យើង សម្រាប់​ជួយ និង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង ឱ្យបាន​ទាន់ពេល​”​។​
​ ​
​ចំពោះមុខ​របាយការណ៍​សុខាភិបាល ដែល​មិនមាន​អ្នក​ឆ្លង​ថ្មី និង​វិធានការ​ចំពោះមុខ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នាពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​សូម បន្ត​វិធានការ​ការពារ​ខ្លួន អនាម័យ លាងដៃ ពាក់​ម៉ាស់ ដូច​អ្វីដែល​ក្រសួងសុខាភិបាល បានប្រកាស​ណែនាំ កន្លងមក​។​ ​

​ក្នុងនោះ ពលករ ដែល​ទើបបាន​វិលត្រឡប់ មកពី​ប្រទេស​ថៃ និង​ពី​ប្រទេស​ដទៃៗ​ទៀត ក៏​សូម​បន្ត​ចូលរួម​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ដាក់ខ្លួន និង​ក្រុមគ្រួសារ​ឲ្យនៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ ក្នុងពេលដែល​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យសុខភាព​។​

​ការដាក់​ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក ជា​បណ្តោះអាសន្ន​មួយរយៈ​នេះ គឺ​ដើម្បី​សុខភាព​ផ្ទាល់ ខ្លួន​ផង និង​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការរីក​រាលដាល នៃ​ការឆ្លង​មេរោគ​ពី​គេ​មក​យើង​ផង នឹង​ពី​យើង​ទៅ​គេ​ផង​។​

​អំឡុងពេល​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង កុំ​ជួបជុំ​គ្នាច្រើននៅតាម​ស្រុកភូមិ​។ សូម​ទ្រាំ​បន្តិច ចាំ​ដល់ពេល​ជំងឺ​កូ​វីដ ផុតរលត់ គឺ​បងប្អូន​យើង​មានឱកាស ជួបជុំគ្នា ផឹកស៊ី រាំ​សប្បាយ ពេលណា​ក៏បាន​។ តែ​ពេលនេះ សំខាន់​រក្សា​សុខភាព កុំ​ឲ្យ​កូ​វីដ​១៩ ឬ​កូ​រ៉ូ​ណា យាយី​បងប្អូន និង​ក្រុមគ្រួសារ​ឲ្យ​សោះ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ