ឆ្លងប្រព័ន្ធភ្លើង រថយន្តបំពាក់​ហ្គាស ឆេះសន្ធោសន្ធៅ សំណាងល្អមនុស្សក្នុងរថយន្ត២នាក់រត់ទាន់

172
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ់ ៖ រថយន្តកាមេរីហើមមួយគ្រឿង បំពាក់ប្រព័ន្ធហ្គាស បានឆ្លងចរន្តភ្លើង បែកផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ ចំណែកបុរស២នាក់​ដែលនៅក្នុងរថយន្តបានចុះចេញទាន់ពេល ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់​អគ្គិភ័យអន្តរាគមន៍មកបាញ់ពន្លត់ កាលពីវេលាម៉ោង ១៩និង២០នាទី យប់ថ្ងៃទី៦ មេសា ២០២០ ស្ថិតនៅតាមផ្លូវណតប្រ៊ីត ក្បែរស្ពានអាកាសផ្សារដីហុយ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។

តាមប្រភពីបុរសម្ចាស់រថយន្តផ្ទាល់ដែលគាត់សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា គាត់និងបុរសម្នាក់ទៀតធ្វើដំណើរចេញពីភ្នំឧត្តុង ដោយធ្វើដំណើរតាមផ្លូវជាតិ៥ និងបត់មកតាមផ្លូវហាណូយ ពីជើងទៅត្បូង លុះឆ្លងស្តុបក្រោមស្ពានអាកាស​ផ្សារដីហុយបានប្រហែល១០០ម៉ែត្រ ចូលផ្លូវណតប្រ៊ីត ស្រាប់តែធំុក្លិនឈ្ងៀម ចេញពីផ្នែកម៉ាស៊ីនខាងមុខ គាត់ក៏បានឈប់រថយន្តមើល ភ្លាមនោះក៏មានហុយផ្សែង បម្រុងនឹងចេញជាអណ្តាតភ្លើង គាត់និងបុរសម្នាក់ទៀត បានប្រញាប់ប្រញាល់ ប្រមូលអីវ៉ាន់មានតម្លៃចេញពីរថយន្ត បានបន្តិចក្រោយមកក៏ឆេះជាភ្លើងតែម្តង។

តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ដែលឈរនៅគោលក្រោមស្ពាន បានឲ្យដឹងថា គ្រាន់តែដឹងថាមានរថយន្តឆេះភ្លាម ពួកគាត់បានប្រកាសតាមវិទ្យុទាក់ទងហៅរថយន្ត ពន្លត់អគ្គិភ័យ ចេញមកបាញ់ភ្លាមតែម្តង។

ចំពោះហេតុការណ៍ខាងលើនេះប្រើប្រាស់រថយន្ត៤គ្រឿង បាញ់ទឹកអស់៣គ្រឿង ដោយមានអន្តរាគន៍ពីនគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ប្រើបច្ចេកទេសចូលទៅមួលបិទក្បាល​ធុងហ្គាសនៅខាងក្រោយនៃរថយន្តទើបរលត់ទៅវិញ១០០ភាគរយ ចំណែករថយន្តខូចខាតទាំងស្រុង នៅម៉ោង ១៩និង៥៥នាទីថ្ងៃដដែល៕/B/hA