សិល្បៈវាយខែលនៅក្នុងពិធីបុណ្យប្រាសាទព្រះគោ

147
ចែករម្លែក

ដោយៈសុខុម/ស្ទឹងត្រែង ៖ របាំវាយខែលគឺជារបាំមួយប្រភេទដែលសំដែងឡើងដោយជនជាតិដើមភាគតិចកួយ។អាជ្ញាធរស្រុកថាឡាបរិវ៉ាត់តែងប្រារពពិធីនៅក្នុងបុណ្យប្រាសាទព្រះគោកំឡុងខែមីនាមុនពេលបុណ្យចូលឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណី។
ចាស់ៗក្នុងស្រុកថាឡាបរិវ៉ាត់បានលើកឡើងថា រាល់មុនពេលបុណ្យចូលឆ្នាំខ្មែរពោលគឺក្នុងខែមីនាមុនខែមេសាអ្នកស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងតែងតែធ្វើពិធីបុណ្យប្រាសាទព្រះគោ។ រំលឹកដល់បុព្វបុរសខ្មែរកាលសម័យដើម និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិជួយដល់អ្នកស្រុកអោយមានក្តីសុខសម្បាយ។

អភិបាលស្រុកនៅទីនេះបានបង្កើតគណកម្មការមួយរួមមានព្រះសង្ឃអាចារ្យវត្តចាស់ទុំកំណត់ថ្ងៃបុណ្យដែលមានរយៈពេលបីថ្ងៃដើម្បីប្រារព្ធពិធីបុណ្យប្រាសាទព្រះគោ។ សំណង់​ប្រាសាទព្រះគោសង់ឡើងអំពីថ្មដីឥដ្ឋនិងមានរូបថ្មព្រះគោបែរមុខមកទិសខាងកើតមានប្រវត្តិទាក់ទង ក្នុងសម័យសង្គ្រាមខ្មែរសៀម។

អ្នកស្រុកនៅទីនេះចាត់ទុកថា ព្រះគោគឺជាយានជំនិះរបស់មេទ័ពខ្មែរកាលពីសម័យដើមហើយមានបុណ្យបារមីពូកែស័ក្តិសិទ្ធិណាស់។ ហេតុដូច្នេះហើយទើបគេនាំគ្នាធ្វើបុណ្យប្រាសាទ​ព្រះគោ រំលឹកគុណដល់មេទ័ពសម័យដើម និងសូមឲ្យបារមីព្រះគោ ជួយថែរក្សាសុខសម្បាយកុំឱ្យមានជំងឺផ្សេងៗកើតឡើងមកលើអ្នកស្រុកថាឡាបរិវ៉ាត់។

ទាក់ទងពិធីបុណ្យនេះដែរចាស់ៗបានលើកឡើងថាមុនពេលបុណ្យចូលឆ្នាំថ្មីប្រជាពលរដ្ឋជួបជុំគ្នាធ្វើបុណ្យក៏សម្បាយរីករាយម្យ៉ាងដែរ។ ជាមួយបុណ្យដែលមានរយៈពេល៣ ថ្ងៃក៏មានការសម្ដែងសិល្បៈវាយខែលដោយជនជាតិដើមភាគតិចកួយយ៉ាងសម្បាយរីករាយ។ ក្រៅពីនេះកីមានកីឡាជាច្រើនទៀត ដូចជាកីឡាបាល់ទាត់បាល់ទះនិងល្បែងប្រជាប្រិយប្រពៃណីខ្មែរ។ល។ ក៏ប៉ុន្តែនៅឆ្នាំ២០២០នេះពិធីបុណ្យប្រាសាទព្រះគោពុំត្រូវបានធ្វើឡើងឡើយ។ការអាកខាននេះដោយសារតែមិនអោយមានការជួបជុំព្រោះខ្លាចជំងឺឆ្លងCovid-19៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ