ជិះម៉ូតូធ្លាក់ពីលើស្ពាន:ប្តីរបួសធ្ងន់ប្រពន្ធស្លាប់នៅនឹងកន្លែង

174
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ។ចំណែកស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗដោយសារជិះម៉ូតូជ្រុលធ្លាក់ពីលើស្ពានកាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នៅភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់។

មន្ត្រីនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតឈ្មោះ អ៊ំ អ៊ន អាយុ ៥៥ឆ្នាំ។ ចំណែកបុរសជាប្តីឈ្មោះ គឹម គុំ អាយុ ៥៧ឆ្នាំ។ គ្រួសារនេះមានទីលំនៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលបន្តថាមុនគ្រោះថ្នាក់កើតឡើងប្តីប្រពន្ធជិះម៉ូតូលើផ្លូវលំមួយខ្សែស្ថិតក្នុងភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់កន្លែងកើតហេតុដែលជាចំណុចស្ពានរួមតូច ម៉ូតូបានជ្រុលធ្លាក់ទៅក្រោមតែម្តង។ ពេលអ្នកជិតខាងនាំគ្នារត់ទៅជួយស្រាប់តែឃើញស្ត្រីរងគ្រោះស្លាប់ភ្លាមៗ ចំណែកបុរសជាប្តីរងរបួសធ្ងន់ទើបទំនាក់ទំនងហៅសមត្ថកិច្ចមកកាន់កន្លែងកើតហេតុជាបន្ទាន់៕/B/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ