អង្គការ​សុខភាព​ពិភពលោក​ថា អាហ្វ្រិក​មិន​ជា​កន្លែង​សំរាប់​ពិសោធន៍​វ៉ាក់សាំង​ទេ​

171
ចែករម្លែក

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ថ្កោលទោស​ថា​ជា​សម្តី​រើសអើង​ជាតិ​សាសន៍​ពី​សំណាក់​វេជ្ជបណ្ឌិត​បារាំង​២​នាក់ ដែល​បាន​លើកឡើង​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​មួយ​អាច​ត្រូវសាក​​ពិសោធន៍​នៅ​អាហ្វ្រិក​។​

​លោក​បណ្ឌិត តេ​ដ្រូ​ស អា​ដា​ណូម ហ្គេ​ប្រេ​យេស៊ូ​ស ប្រធាន​អង្គការ​WHO​បាន​និយាយថា «​ទ្វីបអាហ្វ្រិក​មិនអាច ហើយ​នឹង​មិន​ជា​កន្លែង​សាក​ពិសោធន៍​វ៉ាក់សាំង​ណាមួយ​ទេ​»​។​

​ពួក​វេជ្ជបណ្ឌិត​បារាំង​បាន​និយាយ​អំពី​ការពិសោធន៍​វ៉ាក់សាំង​នេះ​នៅក្នុង​កម្មវិធី​ក្នុង​ទូរទស្សន៍​មួយ​ដែល​បាន​បង្ក​កំហឹង​ភ្លាមៗ ដោយសារតែ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ថា​ចាត់ទុក​ជនជាតិ​អាហ្វ្រិក​ជា​«​សត្វ​សំរាប់​ពិសោធន៍​»​។​

​ម្នាក់​ក្នុងចំណោម​គ្រូពេទ្យ​ទាំងពីរ ក្រោយមក​បាន​សុំទោស​។​

​នៅពេល​ត្រូវ​បាន​គេ​សួរ​អំពី​សម្តី​របស់​វេជ្ជបណ្ឌិត​ទាំងពីរ លោក​បណ្ឌិត តេ​ដ្រូ​ស ហាក់ដូចជា​ខឹង​និង​បាន​ហៅ​វា​ថា​ជា​«​សំណល់​នៃ​គំនិត​អាណានិគមនិយម​» និង​ថា​វា​ជា​ការ​អាប់យស​មួយ​ដែល​ឮ​សម្តី​បែបនេះ​​ពី​មាត់​អ្នកវិទ្យាសាស្ត្រ​នៅ​សតវត្សរ៍​ទី​២១​។​

​សូមបញ្ជាក់ថា​នៅ​ពេល​ចំនួន​ឆ្លង​ជំងឺ​កូវី​ដ​១៩​នៅ​អាហ្វ្រិក​បន្ត​កើនឡើង បណ្តា​រដ្ឋាភិបាល​នៅ​ទីនោះ​ក៏​កាន់តែ​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ដើម្បី​ពន្យឺត​ការឆ្លង​រាលដាល​។ ប្រធានាធិបតីកេន​យ៉ា បានចេ​​ញ​បញ្ជា​ហាម​ការធ្វើដំណើ​រទាំង​ចូល​និង​ចេញ​ពី​រដ្ឋធានី ណៃ​រ៉ូ​ប៊ី និង​ទីប្រជុំជន​ធំៗ​ផ្សេង​ទៀត​ចំនួន​៣​។​

​ក្នុងពេល​ជាមួយគ្នា សិល្បការិនី​ដ៏​ល្បី​របស់​នី​ហ្សេ​រី​យ៉ា នាង ហ្វាន់​កេ អា​គីន​ដេ​ឡេ ត្រូវ​ពិន័យ​២៦០​ដុល្លារ​ដោយសារ​តែ​ធ្វើ​ពិធី​ខួបកំណើត​អោយ​ប្តី​នៅ​ភូមិគ្រិះ​របស់​នាង ដោយ​មាន​ការចូលរួម​ពី​ពួក​តារា​​ហ្សេ​រី​យ៉ា​ជាច្រើន ចំ​ពេល​ប្រទេស​ហាម​ការជួបជុំ​។​

​នៅ​អាហ្វ្រិក​ខាងត្បូង គូស្រករ​ទើប​រៀបការ​មួយគូ ត្រូវបាន​ចាប់ខ្លួន​ចំពោះ​រំលោភ​បំរាម​ការជួបជុំ​ដោយសារតែ​ពួកគេ​នៅ​តែ​ធ្វើ​ពិធី​រៀបការ​ហៅភ្ញៀវ​មក​ចូលរួម​។​ប៉ូលិស​បាន​ទៅ​ដល់​រោងការ​របស់​ពួកគេ​ ក្រោយ​ទទួលដំណឹង និង​បាន​ចាប់​ឃាត់ខ្លួន​ភ្ញៀវ​ការ​៥០​នាក់ អាចារ្យ​រៀបចំ​ពិធី​ម្នាក់ និង​កូន​កម្លោះ​និង​កូនក្រមុំ​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​ម្នាក់​ពិនិត្យ​សុខភាព​អ្នកស្រុក​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្រុង​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ