បង្គន់ឆ្លាតអាចស្គាល់អ្នកប្រើតាមរយៈ “ក្រយៅរន្ធគូថ” និងអាចរកឃើញជាមុននូវសញ្ញានៃជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម

838
ចែករម្លែក

បង្គន់ឆ្លាតដែលអាចរកឃើញសញ្ញាព្រមាននៃជំងឺជាច្រើនមុខនៅក្នុងលាមកនិងទឹកនោមកំពុងត្រូវបានផលិតដោយអ្នកវិទ្យាសាស្ត្រ។

ឧបករណ៍នេះត្រូវបានបំពាក់ទៅលើចានបង្គន់ព័រសឺឡែនធម្មតា និង ប្រើកាមេរ៉ា ប្រដាប់ធ្វើតេស្ត និងសិនស័រ ដើម្បីកំណត់សញ្ញាព្រមាននៃជំងឺរហូតដល់១០មុខរួមមានទាំងជំងឺមហារីក ជំងឺបេះដូង និង ជំងឺទឹកនោមផ្អែម។

បច្ចេកវិជ្ជានេះប្រើប្រាស់ការរួមបញ្ចូលគ្នារវាងការស្កែនក្រយៅដៃលើដងចុចទឹក និង រូបភាពរន្ធគូថរបស់អ្នកប្រើប្រាស់នីមួយៗនៅពេលអង្គុយលើចានបង្គន់។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ដែលផលិតបង្គន់នេះនៅសាកលវិទ្យាល័យស្តែនហ្វត បានឱ្យដឹងថា ទិន្នន័យពីការធ្វើតេស្តត្រូវបានរក្សាទុកនៅក្នុង Cloud Server ដ៏មានសុវត្ថិភាពមួយសម្រាប់ការធ្វើវិភាគ។

លោកវេជ្ជបណ្ឌិត សានជីវ ហ្គាមបៀ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស្តែនហ្វត និយាយថា “យើងដឹងថាវារាងចម្លែក ប៉ុន្តែលទ្ធផលចេញមកបង្ហាញថា ក្រយៅរន្ធគូថរបស់អ្នកគឺមានលក្ខណៈពិសេសខ្លាំងណាស់។ ការស្កែន ទាំងក្រយៅដៃ និង ក្រយៅរន្ធគូថ ត្រូវបានប្រើដើម្បីធ្វើជាប្រព័ន្ធសម្គាល់មួយដើម្បីផ្គូរផ្គងអ្នកប្រើបង្គន់ទៅនឹងទិន្នន័យជាក់លាក់របស់ពួកគេ”។

បង្គន់នេះគឺភ្ជាប់ទៅនឹង App មួយ ដែលបញ្ជូនព័ត៌មានទៅក្រុមវេជ្ជបណ្ឌិត ដែលចុចឈ្មោះដោយអ្នកជំងឺសម្រាប់ការធ្វើរោគវិនិច្ឆ័យពេញលេញ និង ការធ្វើតេស្តបន្ថែមទៀត ប្រសិនបើចាំបាច់។

ការការពារទិន្នន័យគឺជារឿងសំខាន់សម្រាប់ឧបករណ៍នេះ ដែលបានប្រមូលទិន្ន័យឯកជនបំផុតនិងមានលក្ខណៈរសើបបំផុត ហើយលោកសាស្ត្រាចារ្យហ្គាមបៀនិយាយថា ក្រុមរបស់លោកបានយករឿងនេះធ្វើជាអាទិភាពកំពូល៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ