លោកស្រី មិថុនា ភូថង នៅតែគិត គូរពីកងទ័ព ទោះមានជំងឺកូវីដក៏ដោយ

459
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ លោកស្រីអភិបាលខេត្តកោះកុង ដឹកនាំគណៈប្រតិភូថ្នាក់ខេត្តចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារដល់យោធិនដែលសម្ព័ន្ធមេត្រីភាពនៅតំបន់ប្រតិបត្តិការសឹករងខេត្ត និងសឹករងស្រុកមណ្ឌលសីមា ទោះមមាញឹកនឹងការងារទប់ស្កាត់ជំងឺកូវីដក៏ដោយ។

នៅទីបញ្ជាការផ្នែកសឹករងស្រុកមណ្ឌលសីមា លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង បានណែនាំដល់កងទ័ពដែលកំពុងឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវបង្កើនការថែរក្សាសុខភាពឱ្យបានរឹងមាំ។

លោកស្រីអភិបាលខេត្តកោះកុង សង្កត់ធ្ងន់នៅព្រឹកថ្ងៃទី៧ ខែមេសា ២០២០ថា ជាចំណែកទប់ស្កាត់ និងការឆ្លងរីករាលជំងឺកូវីដ ស្រឡាញ់គ្នាឱ្យនៅឆ្ងាយពីគ្នា ក្នុងរយៈពេលនេះ សូមកងទ័ពដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនទាំងអស់ ចាំបាច់ព្យាយាមឱ្យនៅឆ្ងាយពីគ្នាបន្តិច ពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬទឹកសាប៊ូ គ្រប់ពេលវេលា ដើម្បីជៀសផុតពីជំងឺផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩នេះតែម្តង ខណៈដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតាមដាន ទប់ស្កាត់ និងព្យាបាល។

ទាក់ទិននឹងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ លោកស្រី មិថុនា ភូថង បញ្ជាក់ជាថ្មីទៀតថា គឺមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាដុំធំអ្វីទេ ដោយយ៉ាងហោចណាស់ រក្សាឱ្យបាននៅឆ្នាំក្រោយ តាមរយៈការរក្សានូវភាពស្ងៀមស្ងាត់ទាំងអស់គ្នាផងដែរ។

ទន្ទឹមនោះ លោកស្រីក៏ជឿជាក់ថាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ អនុវត្តបានយ៉ាងល្អប្រសើរ ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីរក្សាសន្តិភាព សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិមាតុភូមិឱ្យរីកចម្រើនបន្ត។

រីឯលោក សូ សាវ៉ាត មេបញ្ជាការសឹងរកស្រុកមណ្ឌលសីមា បានថ្លែងអំណគុណចំពោះការលើកទឹកចិត្តរបស់រដ្ឋបាលខេត្ត។ ទោះបីជារវល់ការងារយ៉ាងណាក៏ដោយ ក៏ឆ្លៀតពេលរបស់លោកស្រីអភិបាលខេត្ត និងមន្ទីរអង្គភាពជំនាញ តែងគិតគូរសុខទុក្ខអ្នកនៅសមរភូមិជួរមុខ និងទ្រទ្រង់នូវជីវភាពចាំបាច់របស់កងទ័ពដែលជាកម្លាំងចលករតតាំងសត្រូវ។

យោងតាមបទបញ្ជាក្រសួងការពារជាតិ បញ្ជាការសឹងរងខេត្ត សម្រាប់លោកមេបញ្ជាការសឹងរងស្រុកមណ្ឌលសីមា បុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ វត្តមានកម្លាំងទ័ពគឺត្រូវស្នាក់នៅបន្ទាយទាំងអស់ ថ្វីត្បិតគ្មានការប្រមូលគ្នាក៏ដោយ។

សព្វថ្ងៃ លោក និងកងកម្លាំងក្រោមឱវាទបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើការថែរក្សាអនាម័យសុខភាពស្ទើរគ្រប់ពេលវេលា ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដោយមានក្រុមគ្រូពេទ្យតេស្តកម្តៅសុខភាពក្នុង១ថ្ងៃម្តង ចាញ់ថ្នាំអាល់កុល និងពាក់ម៉ាស់ជាដើម។

ហើយបើនិយាយពីស្ថានការណ៍នៃខ្សែបន្ទាត់ព្រំដែនវិញ កម្លាំងទ័ពដែលចាយាមប្រចាំការ បានយកចិត្តទុកដាក់ដើរល្បាតការពារបូរណភាពទឹកដីភូមិសាស្រ្តខេត្តកោះកុងជាមួយភាគីអាជ្ញាធរខេត្តត្រាតថៃខ្លាំងណាស់។ ពោលគឺ មានភាពល្អប្រសើរជាធម្មតាទេក្រោមកិច្ចសហការប្រតិបត្តិការរវាងប្រទេសតំបន់ព្រំដែន ក្នុងន័យសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ