​សម្តែង​សិល្បៈ​វាយ​ខែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​កួយ​

1509
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​នៅសល់តែ​តួ​ប្រាសាទ​សង់​ពី​ដីឥដ្ឋ​និង​ថ្មភក់​រូប​ព្រះ​គោ​លើ​ទួល​មួយ​ក្បែរ​ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត្រើយ ខាងលិច​ដង​ទន្លេមេគង្គ​នៃ​ខេត្តស្ទឹងត្រែង​។​រាល់​ឆ្នាំ​ឱ្យតែ​ដល់​ខែមីនា​ពោលគឺ​មុន​បុណ្យចូលឆ្នាំថ្មី​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​តែង​ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​នៅ​ទួល​នោះ​ដើម្បី រំលឹក​ដល់​ដូនតា​ជំនាន់​ដើម​និង​រំលឹក​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​បារមី​ចាំ​ថែរក្សា​ប្រាសាទ​ព្រះ​គោ​។​
​ ​
នៅក្នុង​ពិធីបុណ្យ​តាម​ទម្លាប់​តាំងពី​យូរលង់​មកហើយ​នោះ​មាន​រយះពេល​បី​ថ្ងៃ​។​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​មកពី​តាម​បណ្តា​ភូមិ​ដាច់ស្រយាល​មកជួបជុំ​គ្នា​ធ្វើបុណ្យ​ក្រោម​ការរៀបចំ​របស់​អាជ្ញា​ធរ​ស្រុក​និង​គណៈកម្មាការ​វត្ត​យ៉ាង​សប្បាយរីករាយ​។​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​នោះ​គឺ​គេ​តែងតែ​សម្តែង​សិល្បៈ​វាយ​ខែល​ដោយ​ជនជាតិដើម​ភាគតិច​កួយ​ទស្សនា​កម្សាន្ត​។​ក្រៅពីនេះ​ក៏មាន​ល្បែង​ប្រជាប្រិយ ប្រ​កូត​កីឡា ការប្រគុំ​តន្ត្រី​និង​កម្មវិធី​ជាច្រើន​ទៀត​។​
​ ​
ចាស់ទុំ​ក្នុងស្រុក​បាន​ប្រាប់​យើង​ថា ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ ត្រូវតែ​ធ្វើ​រាល់​ឆ្នាំ​ទោះបីជា​តូច ឬ​ធំក្តី​។​បើសិន​មិនបាន​ធ្វើ​ទេនោះ បារមី​ព្រះ​គោ ដែល​អ្នកស្រុក​គោរព​នឹង​កាច់​បង្កឱ្យមាន​រឿង​អាក្រក់​កើតឡើង​ទៅលើ​អ្នកស្រុក​ជាមិនខាន​ឡើយ​។​
​ ​
លោក​សួន ផុន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​និយាយថា​ទីតាំង​ទួលប្រាសាទ​ព្រះ​គោ​នេះ ជា​របស់​ដូនតា បាន​បន្សល់ទុក មកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ថែរក្សា​។​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិដើម​ភាគតិច​កួយ ប្រារព្ធ​ធ្វើឡើង​ជួបជុំគ្នា​រាល់​មួយឆ្នាំ​ម្តង​ពិសេស​មុនពេល​បុណ្យចូលឆ្នាំថ្មី​។​តួ​ប្រាសាទ និង​រូប​ព្រះ​គោ​គឺជា​បារមី​ដែល​ថែរក្សា​ដល់​អ្នកស្រុក​ឱ្យមាន​ភាពសម្បូរ​សប្បាយ​។​

​ជនជាតិ​កួយ​ម្នាក់​ឈ្មោះ កៅ ជួន​វ័យ​ជាង​៦០​ឆ្នាំ​បាន​រៀបរាប់ថា​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​ធ្លាប់​បាត់បង់​ម្តង​រួចមកហើយ​កាលពី​របប ប៉ុលពត គ្រប់គ្រង​។​ក្រោយពី​ប្រទេស​សុខសន្តិភាព​ក៏​មានការ​ប្រារព្ធ​ធ្វើបុណ្យ​ឡើងវិញ​។ លោ​កថា​កាលពីមុន​ប្រជាពលរដ្ឋ​បររទេះ​គោ​និង​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង មកពី​ភូមិ​ឆ្ងាយៗ​ដើម្បី​មក​ចូលរួម​កម្មវិធី​បុណ្យ​តាម​ការអញ្ជើញ​ពី​លោក​អភិបាលស្រុក​។​

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​ធ្វើដំណើរ​ឆ្លង​ទូក​កាណូត តាម​ដង​ទន្លេមេគង្គ​។​តែ​ឥឡូវនេះ​មាន​ស្ពាន​មេគង្គ​ត​ភ្ជាប់​ពី​ក្រុង​ស្ទឹងត្រែង​ទៅរក​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​មាន​ផ្លូវជាតិ​ផ្លូវលំ​ខ្វាត់ខ្វែង​ជាច្រើន​លែង​លំបាក​ទៀតហើយ​។​

​តាម​ការ​ឱ្យដឹងទៀតថា នៅក្នុង​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ គេ​តែង​សម្តែង​សិល្បៈ​វាយ​ខែល​របស់​ជនជាតិដើម​ភាគតិច កួយ ដើម្បី​អបអរ​បុណ្យ​ព្រះ​គោ​។​រាល់​ការសម្តែង​គេ​តែង​យក​រំពាត់​វាយ​គ្នា​ទៅវិញទៅមក​អ្នកចូលរួម​ស្រែក​ហូ​..​អ្នក​ប្រគុំ​បទ​ភ្លេង​សំអក​ឡក​ឡើយ​សប្បាយរីករាយ​។ ការសម្តែង​នេះ ក៏​ជាការ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​បងប្អូន​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច​កួយ​មាន​វប្បធម៌​ប្រពៃណី​ចេះ​សម្តែង​សិល្បៈ​វាយ​ខែល​ដែល​បន្សល់​តាំងពី​ដូនតា​មកម្ល៉េះ​។​

​ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់​យល់ឃើញថា ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ គឺ​ដើម្បី​រំលឹក​គុណបុណ្យ​ដូនតា​ជំនាន់​ដើម និង​ឆ្លុះបញ្ចាំង​ដល់​ប្រជាពលរដ្ឋ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​ប្រកាន់យក​ទម្លាប់​នេះ​ទៅមុខ​ជានិច្ច​។​ម្យ៉ាងទៀត​ការជួបជុំ​ក៏​ជា​ពិធីបុណ្យ​ដ៏​សប្បាយរីករាយ​មួយ​ផ្តល់ឱកាស​ប្រមូល​ថវិកា​យកទៅ​កសាង​វត្ត​ជាដើម​៕S/

សម្តែង​សិល្បៈ​វាយ​ខែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​កួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម