ជប៉ុន​ប្រកាស​ដាក់​ក្រុង​តូ​ក្យូ​និង​តំបន់​៦​ទៀត​នៅក្នុង​ស្ថានភាព​គ្រាអាសន្ន​ដោយសារ​វីរុស​កូរ៉ូណា​

244
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មេសា បាន​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ និង​ផ្នែក​៦​ទៀត​នៃ​ប្រទេស​ជប៉ុន​នៅក្នុង​ស្ថានភាព​គ្រាអាសន្ន ដោយសារ​តែ​តំបន់​ទាំងនេះ​មាន​កំណើន​​អ្នក​កើត​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​លោក​អាបេ បាន​និយាយថា «​នៅ​ពេល​ខ្ញុំ​គិត​ថា​ស្ថានភាព​មួយ​ដែល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​និង​សេដ្ឋកិច្ច​ប្រទេស​បាន​កើតឡើង​…​ខ្ញុំ​សូម​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​»​។​

​វិធានការ​របស់​លោក​អាបេ​នៅ​មិន​ខ្លាំង​ដូច​ការបិទ​ខ្ទប់​ប្រទេស​ទាំងមូល​ដូច​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ទេ តែ​វា​ផ្តល់​សិទ្ធ​អំណាច​ដល់​បណ្តា​អភិបាលក្រុង​ខេត្ត​ប្រាប់​ទៅ​ប្រជាជន​មូលដ្ឋាន​អោយ​នៅ​ក្នុង​​ផ្ទះ​និង​ស្នើសុំ​អោយ​បិទ​ហាង​បិទ​ក្រុមហ៊ុន​។​

​គណៈរដ្ឋមន្ត្រី​របស់​លោក​ក៏​នឹង​សំរេច​កញ្ចប់​ថវិកា​ទ្រោល​សេដ្ឋកិច្ច​ជាមួយនឹង​ទឹកប្រាក់​១០៨​លាន​លាន​យេន​(​ជិត​១​លាន​លាន​ដុល្លារ​)​ស្មើនឹង​២០​ភាគរយ​នៃ​ទិន្នផល​សេដ្ឋកិច្ច​ជប៉ុន ដើម្បី​ទប់ទល់​ផលប៉ះពាល់​​ពី​ជំងឺឆ្លង​មក​លើ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​ក្នុង​លោក​នេះ​។​

​ចំនួន​នេះ​លើស​ថវិកា​ទ្រោល​សេដ្ឋកិច្ច​របស់​អាម៉េរិក​ដល់​ទៅ​១១​ភាគរយ និង​លើស​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​អាឡឺម៉ង់​៥​ភាគរយ​។​

​មុន​នេះ​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ខិតខំ​ពន្យល់​សាធារណជន​ថា ប្រទេស​នឹង​មិន​ខ្វះខាត​ទំនិញ​ទេ​និង​បាន​អំពាវនាវ​កុំអោយ​ប្រជាជន​ផ្អើល​នាំគ្នា​ទិញ​អីវ៉ាន់​ទុក​។​

​ក្រុង​តូ​ក្យូ ជួប​កំណើន​អ្នក​កើតកូ​វីដ​១៩​ទ្វេ​ដង​នៅ​មួយ​សប្តាហ៍​មក​នេះ​ធ្វើអោយ​អ្នក​ឆ្លង​សរុប​កើន​ដល់​ចំនួន​១.១១៦​នាក់ ហើយ​នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ឆ្លង​លើ​៤.០០០​នាក់​និង​៩៣​នាក់​ស្លាប់​គិត​​ត្រឹម​ថ្ងៃ​ចន្ទ​៕​ប្រែ​សម្រួល​៖​វាសនា​