ហ្វីលីពីន​បន្ថែម​ពេល​បិទ​ប្រទេស​រហូត​ដល់​ចុងខែ​មេសា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​១៩

237
ចែករម្លែក

​មន្ត្រី​គណៈកម្មាធិការ​ដោះស្រាយ​វិបត្តិ​បាន​និយាយ​ថា​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​ថ្ងៃ​អង្គារ​ទី​០៧ ខែ​មេសា​បាន​អនុម័ត​ការបន្ថែម​ពេល​នៃ​ការបិទ​ប្រទេស​និង​វិធានការ​​ដាក់​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប ឱ្យ​នៅ​ដាច់​ដោយឡែក​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​ក្រុមមន្ត្រី​បាន​និយាយថា វិធានការ​នៃ​ការដាក់​ដោយឡែក​នេះ បានគ្រោង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​ប៉ុន្តែ នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃទី​៣០​ខែ​មេសា​។​

​គោលនយោបាយ​រឹតត្បិត​ចលនា​និង​ការប្រមូលផ្ដុំ​ជួបជុំ​សាធារណៈ បាន​បន្ត​អនុវត្ត​នៅក្នុង​និង​ជុំវិញ​ទីក្រុង​ម៉ានីល​ចាប់តាំងពី​ជិត​មួយ​ខែ​មុន​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការឆ្លង​ក្នុងស្រុក​លើកដំបូង​។

​ប្រទេស​ហ្វីលីពីន​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​ប្រកាន់យក​វិធានការ​តឹងរឹង​អំពី​ការ​ដាក់​នៅ​ដោយឡែក​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​០៦​ខែ​មេសា ប្រទេស​ហ្វីលីពីន មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៣.៦៦០​នាក់​និង​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ចំនួន​១៦៣​នាក់ ហើយ​មនុស្ស​៧៣​នាក់​បាន​ជាសះស្បើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​តាម​ផ្លូវ​មួយ​ដែល​គ្មាន​មនុស្ស​ធ្វើដំណើរ​នៅ​ទីក្រុង​ម៉ានីល​បន្ទាប់ពី​ការបិទ​ប្រទេស​នេះ