ត្រាំពន្លះអង្គការសុខភាពពិភពលោកថាលម្អៀងទៅរកចិននិង គំរាមកាត់ជំនួយ

398
ចែករម្លែក

ប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី៧មេសា បានគំរាមបង្កកមូលនិធិរបស់ សហរដ្ឋអាម៉េរិកដល់អង្គការសុខភាពពិភពលោក ដោយនិយាយថា ក្រុមអង្គការ សុខភាពអន្ដរជាតិមួយនេះអំពាវនាវយឺតយ៉ាវអំពីជំងឺរាតត្បាតកូវីដ១៩។

លោកត្រាំក៏បាននិយាយសម្រាលអំពីការចេញផ្សាយអនុស្សរណៈមួយកាលពីខែមករាពីទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ដែលព្រមានជាមុនអំពីការរីករាលដាលនៃជំងឺរាតត្បាត ដែលអាចកើតមានឡើង ដោយនិយាយថា គាត់មិនបានឃើញអនុស្សរណៈនៅគ្រា នោះទេ។ ប៉ុន្តែគាត់បានបង្វែរកំហឹងរបស់គាត់មកលើអង្គការសុខភាពពិភពលោក ដោយប្រកាសថាគាត់នឹងកាត់ផ្តាច់មូលនិធិរបស់សហរដ្ឋអាម៉េរិកសម្រាប់អង្គការនេះ បន្ទាប់មកនិយាយបញ្ជាក់ម្តងទៀតថា គាត់នឹងពិចារណាយ៉ាងខ្លាំងចំពោះចំណាត់ការ បែបនេះ។

លោកត្រាំបាននិយាយថា ក្រុមអង្គការសុខភាពអន្ដរជាតិបាន “ហៅឈ្មោះខុស” លើវីរុសនេះ ហើយអង្គការនេះគឺ “លម្អៀងទៅចិនពេកហើយ” នៅក្នុងវិធីសាស្រ្តរបស់ខ្លួន ដោយបកអាក្រាតថាអង្គការសុខភាពពិភពលោក បានចូលរួម ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងកាលពីប៉ុន្មានខែមុន ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត។ អង្គការសុខភាពពិភពលោក បានកោតសរសើរប្រទេសចិនចំពោះតម្លាភាពរបស់ចិនចំពោះវីរុសនេះ ទោះបីជាមានហេតុផលត្រូវជឿថា មនុស្សស្លាប់ដោយសារកូវីដ១៩មានច្រើនជាង ចំនួនផ្លូវការរបស់ចិនក៏ដោយ។

លោកត្រាំបាននិយាយអំពីមន្រ្តីអង្គការសុខភាពពិភពលោកយ៉ាងដូច្នេះថា “ពួកគេ ច្បាស់ជាដឹង ហើយពួកគេប្រហែលជាបានដឹងហើយ”។

ពេញមួយអាណត្តិប្រធានាធិបតីរបស់គាត់ ត្រាំបានសម្តែងការសង្ស័យចំពោះអង្គការ អន្តរជាតិជាច្រើននិងបានមើលងាយលើអង្គការសុខភាពពិភពលោកម្តងហើយម្តងទៀត។ នៅក្នុងសំណើថវិកាថ្មីបំផុតរបស់ខ្លួនក្នុងខែកុម្ភៈ រដ្ឋបាលត្រាំបានអំពាវនាវឱ្យ កាត់បន្ថយ ការចូលរួមវិភាគទានរបស់សហរដ្ឋអាម៉េរិកដល់អង្គការសុខភាព​ពិភពលោកពីប្រមាណ ១២២,៦ លានដុល្លារមកនៅត្រឹម ៥៧,៩ លានដុល្លារ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំគំរាមកាត់បន្ថយជំនួយដល់អង្គការសុខភាពពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម