ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​៥​នាក់​

174
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នេះ បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​ថ្មី​ចំនួន​២​នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ថ្មី​មាន​ចំនួន​៥​នាក់ (​អ្នកជា​សរុប​កើន​ដល់​៦៣​នាក់​) និង​កំពុង​សម្រាក​ព្យាបាល​៥៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​១១៧​នាក់​។​

​តាម​សេចក្ដី​ជួន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បង្ហាញថា ករណី​ជាសះស្បើយ​ចំនួន​៥​នាក់ រួមមាន បុរស​ជនជាតិ​បារាំង​២​នាក់ ជា​អ្នកទេសចរ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ ហើយ​បុរស​ទាំងពីរ​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់ដោយឡែក ដើម្បី​រង់ចាំ​ជើងហោះហើរ​វិលត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​។ បុរស​ជនជាតិខ្មែរ​អា​យុ​៣៦​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​វិលត្រឡប់​ពី​ប្រទេស​ជប៉ុន​។ ស្ដ្រីជន​ជាតិខ្មែរ​អាយុ​៣៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​វិលត្រឡប់​ពី​ប្រទេស​បារាំង​។ បុរស​ជនជាតិខ្មែរ​អា​យុ​២៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ជា​អ្នករកស៊ី​ចេញចូល​នៅ​ច្រក​ប៉ោយប៉ែត​។ បុរស​ស្ដ្រីជន​ជាតិខ្មែរ​ទាំង​៣​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។​

​សេចក្ដីជូនដំណឹង​បន្តថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​២​នាក់ គឺ ស្ដ្រីជន​ជាតិខ្មែរ​អាយុ ៤៥​ឆ្នាំ និង​បុរស​ជនជាតិខ្មែរ អាយុ​៤៩​ឆ្នាំ ទាំងពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា រស់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល​សម្រេច​យក​ថ្ងៃ​ចន្ទ​រៀងរាល់​សប្ដាហ៍ នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​១៩​។ សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលបំណង​ជម្រាប​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​អំពី​ស្ថានភាព និង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​រាយការណ៍​ពី​ការ​រាតត្បាត និង​អន្តរាគមន៍​ឆ្លើយតប​ជំងឺ​នេះ​។ សន្និសីទ​ក៏​នឹង​ផ្តល់ព័ត៌មាន​ស្តីពី​វិធានការ​ទប់ស្កាត់​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​ពាក់ព័ន្ធ​ផងដែរ​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ