ក្រសួង​អប់រំ ប្រកាស​ពន្យា​ពេល​ប្រឡង​បាក់​ឌុប និង​ឌី​ប្លូ​មនា​ឆ្នាំនេះ​

197
ចែករម្លែក
ទិដ្ឋភាពប្រឡងបាក់ឌុបកាលពីឆ្នាំទៅមិញនៅរាជធានីភ្នំពេញ(រូបថតគន្ធា)

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ក្រសួង​អប់រំ​យុវជន និង កីឡា​បានប្រកាស​ពី​ការពន្យារពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​នោះទេ ។​ការប្រកាស​នេះ​បន្ទាប់ពី​មានការ​វាយលុក​ដោយ​មេរោគ កូ​វីដ​-១៩​មិនទាន់​ថមថយ​នៅឡើយ​។​
ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែល​បាន​ចុះហត្ថលេខា​ដោយ បណ្ឌិត ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​បានបញ្ជាក់​ថាៈ​
១.​ការពន្យា​ពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២២០​ដល់​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​។​ក្រសួង​នឹង​កំណត់ និង​ជម្រាបជូន​អំពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅពេល​ក្រោយ​។
២.​ពន្យា​ពេល​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) តាម​ការគ្រោង​នឹងធ្វើ​ចាប់ពី​ថ្ងៃទី ១៧ សីហា ដល់​ថ្ងៃទី​៩​កញ្ញា ឆ្នាំ​២០២០​។​ក្រសួង​នឹង​កំណត់ និង​ជម្រាបជូន​អំពី​កាលបរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេ​ក្រោយ​។​
៣.​កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​និង​ការផ្តល់​សំណុំលិខិត​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​បេក្ខជន​គ្រប់​ប្រភេទ​(​ទាំង​Hard​និង Soft copy) ត្រូវ​បញ្ជូនមក​ក្រសួង​(​នាយកដ្ឋាន​កិច្ចការ​ប្រឡង​)​តាម​ការកំណត់​ដើម្បី​រៀបចំ​ការប្រឡង​នៅពេល​ក្រោយ​។​
​ជុំវិញ​ការពន្យា​ពេល​នៃ​ការប្រឡង​របស់​សិស្សានុសិស្ស​ទាំង​២​កម្រិត​នេះដែរ ក្រសួង​អប់រំ​បាន​បញ្ជាក់ថា​ការពន្យារ​ពេលនេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ដើម្បី​ឲ្យ​ស្របតាម​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ចំពោះ​ការប្រឡង​គ្រប់​ប្រភេទ​។
​ទោះបីយ៉ាងណា​ក្តី​ដើម្បី​ពង្រឹង​លើ​ការសិក្សា​របស់​សិស្ស​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស ត្រូវ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ ដោយ​ប្រើប្រាស់​សៀវភៅ​គោល និង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​(E-Learning) ដែលមាន​នៅក្នុង​គេហទំព័រ​ផ្លូវការ​ក្រសួង ដែល​រួមមាន YouTube និង Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ ឬ​មជ្ឈមណ្ឌល​សិក្សា​អេ​ឡិ​ត្រូ​និក elearning.moyes.gov.kh រួម​ជាមួយនឹង​ប្រព័ន្ធ E-School Cambodia, ប្រព័ន្ធ Wiki School ទាំង​នៅលើ​កម្មវិធី​ទូរ​សព្ទ​ដៃ និង​មាន​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១, ទូរទស្សន៍ OneTV ប៉ុស្តិ៍​លេខ ៦, ទូរទស្សន៍​ខ្សែកាប SkyOne ប៉ុស្តិ៍​លេខ​៣៥, ទូរទស្សន៍ Wiki School TV ជាដើម និង​ប្រភព​ផ្សេងៗ​ទៀត​៕​សរន​

ទិដ្ឋភាពប្រឡងបាក់ឌុបកាលពីឆ្នាំទៅមិញនៅរាជធានីភ្នំពេញ(រូបថតគន្ធា)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ