គណៈសង្ឃ​នាយក​ប្រកាស​ឲ្យ​ផ្អាក​កម្មវិធី​បុណ្យចូលឆ្នាំថ្មី​តាមវត្ត

355
ចែករម្លែក
នៅពេលមានបុណ្យទានម្តងៗប្រជាជនកម្ពុជារមែងនាំគ្នាពពាក់ពពូនទៅវត្តអារាម។ប្រការនេះដែលមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ១៩(រូបឯកសារ,ថតគន្ធា)

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​ដោយយោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​នោះ សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បានចេញ​លិខិត​សូម​ពិត​ថេរ​ដីកា ព្រះ​មេគណ ព្រះគ្រូ​អនុគណ និង​ព្រះចៅអធិការ​គ្រប់​វត្ត ទាំង ២៥ រាជធានី​-​ខេត្ត ក្នុង​កម្មវត្ថុ​ស្តីពី ការផ្អាក​ការ​ប្រារព្ធ​កម្មវិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេល​ខាងមុខនេះ​។​
​ ​

ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែមេសា​ សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត លើកឡើងថា ករណី​ជំងឺ​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩​នៅតែ​ជា​បញ្ហា​ប្រឈម និង​បង្ក​ហានិភ័យ​ខ្ពស់បំផុត​ដល់​សុខភាព​សាធារណៈ និង​អាយុជីវិត​មនុស្សជាតិ ទូទាំង​សាកលលោក​។ ដើម្បី​ជាការ​ឆ្លើយតប​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ចន្ទ ៦​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ព​.​ស ២៥៦៣ គ​.​ស ២០២០ ខាងមុខនេះ នៅតាម​វត្ត​អារាម​ទាំងអស់ ទូទាំងប្រទេស ដើម្បី​ចៀសវាង កុំ​ឲ្យ​មានការ​ប្រមូលផ្តុំ​មនុស្សម្នា​ច្រើន​។

នៅពេលមានបុណ្យទានម្តងៗប្រជាជនកម្ពុជារមែងនាំគ្នាពពាក់ពពូនទៅវត្តអារាម។ប្រការនេះដែលមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ១៩(រូបឯកសារ,ថតគន្ធា)


​ ​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​អំពាវនាវ​សូម​ប្រជា​ពុទ្ធបរិស័ទ​គ្រប់រូប ចម្រើនមេត្តា​ភាវនា​ចំពោះ​សព្វ​សត្វ​ទាំងពួង បំពេញ​បុណ្យ​កុសល រក្សាសីល​តាម​ប្រពៃណី​ឲ្យ​បាន​ជាប់​ជានិច្ច និង​រៀបចំ​គ្រឿង​សក្ការបូជា មាន​ទៀនធូប​ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី ផ្លែឈើ ជាដើម គោរព​ជូន​មាតាបិតា ត្រកូល​រៀមច្បង ព្រមទាំង​រៀបចំ​ទទួល​ស្វាគមន៍ ទេវតា​ឆ្នាំ​ថ្មី នៅ​គេហដ្ឋាន​រៀងៗ​ខ្លួន តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


​ ​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ក៏​សូម​ឲ្យ​ព្រះ​មេគណ ព្រះគ្រូ​អនុគណ និង​ព្រះគ្រូ​ចៅអធិការ​គ្រប់​វត្ត នៅ​ទូទាំងប្រទេស ព្រះមេត្តា​សហការ​អនុវត្តតាម​សេចក្តី​ប្រគេន​ខាងលើនេះ ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​បំផុត​។


​ ​ជាការ​កត់សម្គាល់ កាលពី​ថ្ងៃទី​៧​មេសា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្អាក មិន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ឆ្នាំនេះ​ទេ និង​លើក​ពេល​ឈប់សម្រាក​បុណ្យជាតិ​នេះ​។ ពោលគឺ​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និយោជិត​កម្មករ បន្តធ្វើ​ការងារ​ធម្មតា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា​ហើយ​រាជរដ្ឋាភិបាល នឹង​សង​ថ្ងៃ​ឈប់សម្រាក​រយៈពេល​ប្រាំ​ថ្ងៃ​វិញ នៅពេល​វេលា​សមស្រប ក្រោយពេល​ជំងឺ​កូ​វីដ​១៩ ឆ្លង​រាលដាល​៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម