ពលករ​កម្ពុជា​ស្របច្បាប់ និង​មិន​ស្របច្បាប់​ធ្វើការ​នៅ​ថៃ​មាន​១​លាន​៥​ម៉ឺន​នាក់​

2112
ចែករម្លែក

(​ភ្នំពេញ​)៖ ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ចំនួន ១​លាន​៥​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ ពលករ​ដែល​ស្របច្បាប់​ទៅតាម​ប្រព័ន្ធ MOU និង​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ រស់នៅ​និង​ធ្វើការ​ងារ​នៅ​ថៃ​មាន​ចំនួន ៧៥​ម៉ឺន​នាក់​។ ហើយ​នៅ​​សល់​៣០​ម៉ឺន​នាក់ គឺ​មិនទាន់មាន​ឯកសារ​ស្របច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ នឹង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ នៅក្នុង​សន្និសីទកាសែត​កាលពី​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​វិល​​ត្រឡប់​មកពី​ទីក្រុង​បាងកក់ ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការងារ​ប្រទេស​ថៃ អំពី​បញ្ហា​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​លោក​អ៊ិត សំហេង បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​ថា បេសកកម្ម​របស់លោក​នៅ​ថៃ គឺ​ដើម្បី​ជួប​ជាមួយ​សម​ភាគី​ថៃ ដោះ​ស្រាយ​បញ្ហា​ជូនទៅ​ដល់​ពលករ​កម្ពុ​ជា​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ថៃ​។ លោក​បាន​បញ្ជាក់ថា មកដល់ពេលនេះ ពលករ​កម្ពុជា ​ដែល​កំពុងតែធ្វើការ​ងា​រ​នៅ​ប្រទេស​ថៃ មាន​ចំនួន​១​លាន ៥​ម៉ឺន​នាក់ ដែល​នេះ គឺជា​តួលេខ​ចុងក្រោយ​របស់​ក្រសួង​ការងារ​ថៃ​។ ក្នុង​ចំ​​ណោម ១​លាន ៥​ម៉ឺន​នាក់​នេះ គឺ​ចំនួន​ពលករ​កម្ពុជា​ដែល​ស្របច្បាប់​ទៅតាម​ប្រព័ន្ធ MOU និង​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ រស់នៅ និង​ធ្វើ​ការងារ​នៅ​ថៃ​មាន​ចំនួន ៧៥​ម៉ឺន​នាក់​។ ហើយ​នៅសល់​៣០​ម៉ឺន​នាក់ គឺ​មិនទាន់មាន​ឯកសារ​ស្របច្បាប់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា គោលបំណង​ដែល​លោក​ទៅ​បេសកកម្ម​នៅ​ថៃ​លើក​នេះ គឺ​ចាប់​ផ្តើមចេញពី​មាន​កំណែទម្រង់​ថ្មី​មួយ ទាក់ទង​​ច្បាប់​ស្តីពី​ការងារ គឺ​សម្រាប់​ពលករ​ទេស​ន្ត​ប្រវេសន៍​។ កំណែទម្រង់​ថ្មី​នេះ គឺ​បានរៀបចំ និង​បន្ថែម​មាត្រា​មួយចំនួន​ទាក់ទិន​ទៅ​និង​ការ​​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​និយោជក​ដែល​ប្រើប្រាស់​ពលករ​ទេសន្តរប្រវេសន៍​មិន​ស្របច្បាប់ ក៏ដូចជា​មានការ​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ពលករ​ដែល​​ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​។ ហើយ​បញ្ហា​នេះ ទើប​កើតឡើង​ថ្មី​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងច្រើន​នៅក្នុង​​ប្រទេស​ថៃ ក៏ដូចជា​ដៃគូរ ដែល​ក្នុងនោះ​មាន​កម្ពុជា ក៏ដូចជា​ប្រទេស​ឡាវ ម៉ី​យ៉ាន់​ម៉ា និង​ប្រទេស​ដែលមាន​ពលករ​កំពុង​ធ្វើការ​នៅ​ថៃ​។ ​ហើយ​សកម្ម​របស់លោក​នៅ​ថៃ​លើក​នេះ ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​ថៃ លើ​ប្រធានបទ​មួយចំនួន​។​

​លោក​បាន​បញ្ជាក់ថា កម្ពុជា​-​ថៃ នឹង​រួមគ្នា ផ្ដល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង ដោយ​មិន​ចាំ​​បាច់​វិលត្រឡប់ មក​ធ្វើ​នៅ​កម្ពុជា​នោះទេ​។​

​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ត្រូវបាន​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា កម្ពុជា​-​ថៃ នឹង​រួមគ្នា​ផ្ដល់​ភាព​​ស្របច្បាប់​ជូន​ពលករ​កម្ពុជា កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ផ្ទាល់​តែម្ដង ដោយ​មិនចាំបាច់​វិលត្រឡប់ មក​ធ្វើ​នៅ​កម្ពុជា​នោះទេ​។ ហើយ​បាន​​ឯកភាព​ដូចជា​៖ ១.​រដ្ឋាភិបាល​ថៃ​មិន​បណ្ដេញ​ពលករ​កម្ពុជា​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​នោះទេ​។​២.​រដ្ឋាភិបាល​ថៃ នឹងមិន​ដាក់ពិន័យ​និ​យោ​​ជក​ដែល​ប្រើប្រាស់​ពលករ​កម្ពុជា គ្មាន​ឯកសារ​នោះទេ​។ ៣.​រដ្ឋាភិបាល​ថៃ នឹង​បើក​ឲ្យ​មាន​ការិយាល័យ​ចុះបញ្ជី​ពលករ ដែល​មិនទាន់មាន​​ឯកសារ​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា នេះ​តទៅ និង​ទី​៤.​ភាគី​កម្ពុជា ក៏​នឹងធ្វើ​យុទ្ធនាការ​១០០​ថ្ងៃ ដើម្បី​ធ្វើ​ការបើក​ផ្ដល់​លិខិត​ធ្វើដំណើរ​ជូន​ពលករ​កម្ពុជា ចាប់ពី​ថ្ងៃទី​០១ ខែសីហា នេះ​តទៅ​៕ ​ដោយ ៖មុនី​រ័ត្ន​-​ម៉េង ឆៃ

(​ពីឆ្វេង​ទៅ​ស្តាំ​) លោក​អ៊ិត សំហេង ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​លោក​អ៊ិត សំហេង ធ្វើ​សន្និសីទកាសែត (​រូប​ថ​តៈ​មុនី​រ័ត្ន​)

ទីតាំងផ្សាយពាណិជ្ជកម្ម