ថៃ​ដែល​យក​បន្លា​លួស​ទៅ​រាំងផ្លូវ​មិនឱ្យ​ពលរដ្ឋ​កម្ពុជា​ចូល​ដងទឹក​នោះ​ឥឡូវ​ប្រើប្រាស់​ធម្មតា​វិញ​ហើយ​​

109
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ស៊ូ​សេរី​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដោះស្រាយ​បញ្ហា​អណ្ដូងទឹក​នៅ​ច្រក​អានសេះ​។​អណ្តូងនោះ​ស្ថិតក្នុង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដែល​ទាហាន​ឈុតខ្មៅ​ថៃ​យក​លួស​បន្លា​មក​បិទផ្លូវ​មិនឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នេះ​ទៅ​ដងទឹក​យកមកប្រើ​ប្រាស់​។​

លោក​ស៊ូ​សេរី​អភិបាលរង​ខេត្តព្រះវិហារ​បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ថា​រឿង​ដែល​ថៃ​បាន​បិទ​លួស​បន្លា​នោះ​តាំងពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​មកម្ល៉េះ​។​លុះដល់​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ទើប​ខាងយើង​បានដឹង​។​លោក​ស៊ូ​សេរី​បន្តថា​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ពី​ប្រជាពលរដ្ឋ​ភ្លាម​គណៈកម្មការ​សម្របសម្រួល​ព្រំដែន​ក៏បាន​ចុះទៅ​សាកសួរ​ពី​មូលហេតុ​។​

​ភាគី​ថៃ​បានបញ្ជាក់​ថា​គឺ​មេ​របស់​ពួកគេ​ជា​អ្នកបញ្ជា​ឱ្យធ្វើ​យ៉ាង​ដូច្នេះ​។​ព្រោះ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ម្នាក់​បានមក​សង់​ខ្ទម​នៅ​តំបន់ហាមឃាត់​ទាំងសង្ខាង​។​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​បន្ទាប់ពី​លោក​បាន​ទំនាក់ទំនង​ទៅ​ថ្នាក់លើ​របស់​ពួកគេ​និង​បន្ទាប់ពី​ប្រជាពលរដ្ឋ​យើង​យល់ព្រម​រុះ​ខ្ទម​គាត់​ចេញ​ភាគី​ថៃ​ក៏​យល់ព្រម​ដក​បន្លា​លួស​ចេញ​ដែរ​។​ដូច្នេះ​ស្ថានការណ៍​ក៏​វិល​មក​ដូចដើម​វិញ​ហើយ​។​

​សូមបញ្ជាក់ថា​ចំពោះ​អណ្ដូងទឹក​នេះ​កាលពីដើម​រៀងមក​គឺជា​អណ្ដូងទឹក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់ប្រើ​។​ស្រាប់តែ​បច្ចុប្បន្ននេះ​បែរជា​ស្ថិតនៅ​ដំបន់​”​ស​”​ទៅវិញ​។​មកដល់​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នៅ​វា​លា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ភាគី​ថៃ​បាន​ដក​កងទ័ព​ចេញ​និង​ដក​បន្លា​លួស​ចេញ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ដងទឹក​ប្រើប្រាស់​បាន​ធម្មតា​វិញ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ