កម្មករ​ធ្វើ​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​ផ្អាក​មួយរយ​:​ដោយមាន​អ្នកជំងឺ​កូ​វីដ​.១៩​នៅ​ស្រុក​ក្រូចឆ្មារ​

216
ចែករម្លែក

ដោយ​:​គង់​ហេង​/ត្បូង​ឃ្មុំ​:​កម្មករ​ស្ថាបនា​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​ដែល​រស់នៅ​ជិត​ការដ្ឋាន​សាងសង់​ស្ពាន​នេះ​ខាង​ស្រុក​ក្រូចឆ្មារ​បាន​ផ្អាក​ការងារ​មួយរយ​:​ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​រស់នៅ​ជិត​ទីនោះ​បាន​ផ្ទុក​ជំងឺ​កូ​វីដ​.១៩​ក្រោយពី​ត្រឡប់​មកពី​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​នាពេល​ថ្មីៗ​នេះ​។ ខណ​:​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​មួយ​នេះ​ស្ថាបនា​បាន​ចំនួន​ជាង​៨៥​ភាគរយ​មកដល់​ខែមីនា ឆ្នាំ​២០២០​។​
​លោក​សុខ​ស្រ៊ុន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៩​ខែមេសា​ថា​ខាង​ការដ្ឋាន​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​បាន​ផ្អាក​ការងារ​កម្មករ​ដែលរ​ស់​នៅ​ជិត​ការដ្ឋាន​ត្រើយ​ខាង​ក្រូចឆ្មារ ស្ថិតក្នុង​ភូមិ​ទ្រា​២ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មួយរយ​:​សិន​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ការផ្អាក​កម្មករ​រស់នៅ​ក្នុងភូមិ​ខាងលើនេះ​គឺ​បន្ទាប់​មាន​ប្រជាពលរដ្ឋ​ជា​ជនជាតិខ្មែរ​យើង​ចំនួន ពីរ នាក់​បាន​ទៅ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​ភូមិ​នេះ​វិញ​ខាង​ក្រុមគ្រូពេទ្យ​យើង​បាន​រកឃើញ​ពួកគាត់​ទាំងពីរ​មាន​ផ្ទុកមេរោគ​ជំងឺ​កូ​វីដ​.១៩​។​

លោក​តេះ​ហ៊ីម​មេឃុំ​ទ្រា​បានឱ្យដឹង​នៅ​ថ្ងៃទី​១០​ខែមេសា​ថា​នៅ​ភូមិ​ទ្រា​២​ឃុំ​ទ្រា​ពិត​ជាមាន​ប្រជាពលរដ្ឋ​ជា​បុរស​ចំនួន​ពីរ​នាក់​បានកើត​ជំងឺ​កូ​វីដ​.១៩​នេះ​មែន​។​បច្ចុប្បន្ន​គ្រូពេទ្យ​បញ្ជាក់ថា​ពួកគាត់​បានជា​សះស្បើយ​ហើយ​បន្ទាប់ពី​យក​សំណាក​ទៅពិនិត្យ​ចំនួន​ពីរលើក​។​ប៉ុន្តែ​នៅតែ​ឱ្យ​រស់នៅ​បន្ទប់​ដាច់ដោយឡែក ហើយ​ថ្មីៗ​នេះ​ខាង​គ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​លើក​ទី​៣ រក​មេរោគ​កូ​វី​.១៩​។​

លោក​សុខ​ស្រ៊ុន​នៅបាន​ឱ្យដឹងថា​គិត​ត្រឹម​ខែមីនា​ឆ្នាំ​២០២០​នេះ​គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​សម្រេចបាន​ប្រមាណ ៨៥,៦៥ ភាគរយ ហើយ​។ ក្នុងនោះ​ការងារ​សំខាន់ៗ ដែល​បាន​អនុវត្តន៍​រួច គឺ​ការចាក់ដី​លើកកម្ពស់​ផ្លូវថ្នល់​សម្រេចបាន​ប្រមាណ​៩៣,៨​ភាគរយ​ការងារ​សាងសង់​ប្រព័ន្ធ​បង្ហូរទឹក​នៅតាម​ទីតាំង​ផ្លូវ​មេ និង​ផ្លូវ​ខ្នែង​សម្រេចបាន​ចំនួន ៨១,១​ភាគរយ​។

ការងារ​សង់​បានសម្រេច​នូវ​សសរស្ពាន​ទី​១១,១៣,១៥​និង​១៦​និង​បាននិងកំពុង​ដំឡើង​សរសៃដែក​កម្រាល​បេតុង​នៅ​ក្បាលស្ពាន​ត្រើយ​ខាងលិច​ស្ទឹងត្រង់​។​លោក​បាន​បន្តថា​ទំនង​ស្ពាន​នេះ​អាច​នឹង​ហើយ​រួចរាល់​ក្នុង​រង្វង់​ចុងឆ្នាំ​២០២០​នេះ​គឺ​ការងារ​ដាក់​ធ្នឹម​សសរស្ពាន​ចំនួន​បី​ប្រឡោះ​និង​ការងារ​ប្រព័ន្ធ​ផ្លូវថ្នល់​សងខាង​ស្ពាន​។​

សូមបញ្ជាក់ថា​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៩​ខែកុម្ភ​:​ឆ្នាំ​២០១៨​។​ស្ពាន​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ា​ង​ហៃ មានតម្លៃ​ជាង ៥៦​លាន ដុល្លារ​អាមេរិក ដែលមាន​ប្រវែង ១.១៣១ ម៉ែត្រ និង​ទទឹង​ប្រវែង ១៣,៥០ ម៉ែត្រ​៕S/​