សៀមរាប ជា​គំរូ សម្រាប់​អ្នក​ចំណូល​ថ្មី​!

231
ចែករម្លែក

កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បានចេញ​សេចក្តី ណែនាំ ស្តីពី ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរចូល ឬ​ឆ្លងកាត់​ខេត្តសៀមរាប​។ នោះ​គឺ​អ្នក​ចំណូល​ថ្មី​ត្រូវបាន​យកទៅដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។​
​ ​
​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វិដ​១៩ ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​ត្រូវបាន អភិបាលខេត្ត​សៀមរាប ណែនាំ​បី​ចំណុច រួមមានៈ មួយ​. កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​ការត្រួតពិនិត្យ នៅ​ច្រក​ព្រំប្រទល់​រវាង​ខេត្តសៀមរាប ជាមួយ​ខេត្ត​ជាប់​ព្រំប្រទល់​ទាំងអស់​ដោយ​បិទ​ការធ្វើដំណើរ​ចូល​ឬ​ឆ្លងកាត់​ខេត្ត​លើកលែងតែ​ករណី​៦​ចំណុច​ដែលមាន​ចែង​ក្នុង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។ ពីរ​. បងប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយណា​ដែល​ធ្វើដំណើរ​ចូល​ឬ​ឆ្លងកាត់​ខេត្ត​អាជ្ញាធរ មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល នឹង​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​និង​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ ឡែក​រយៈពេល ១៤​ថ្ងៃ នៅ​ទីតាំងដែល​អាជ្ញាធរ​បានកំណត់​។​បី​.​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តតាម​អនុក្រឹត្យ បទបញ្ជា សេចក្តីសម្រេច ឬ​សេចក្តីណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ត្រូវ​បន្តធ្វើ​ការងារ​តាម​ទីកន្លែង​ដដែល​មិនត្រូវ​មានការជួបជុំ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​ការពារ​ការឆ្លង ឬ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុងសហគមន៍​។​
​ ​
​នៅ​ខេត្ត​ផ្សេងទៀត ក៏​គួរតែមាន​វិធានការ ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ សម្រាប់បងប្អូន ដែល​ធ្វើដំណើរ​ចូល ឬ​ឆ្លងកាត់​ខេត្ត​រាជធានី ក្នុងពេល​រាជរដ្ឋាភិបាល សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងខេត្ត​មួយ ទៅ​ខេត្ត​មួយ នៅ​អំឡុងពេល​ចូលឆ្នាំ​នេះ​។​
​ ​
​ប៉ុន្តែ​នៅ​ខេត្តសៀមរាប ក៏ដូចជា​បណ្តា​ខេត្ត​ផ្សេងទៀត រួមទាំង​នៅតាម​ភូមិ​ឃុំ​ស្រុក គួរតែមាន កម្លាំង​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​សេចក្តីណែនាំ​ស្តី ពី​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ សម្រាប់​បងប្អូន ដែល​ធ្វើដំណើរ​ចូល ឬ​ឆ្លងកាត់​ខេត្ត​ក្នុងអំឡុងពេល​ចូល​ឆ្នាំនេះឲ្យ​បាន​ហ្មត់ចត់​។
​ ​
​កន្លងមក បទបញ្ជា និង​សេចក្តីណែនាំ​មាន​ហើយ តែ​ក៏មាន​មន្ត្រី​អ្នកអនុវត្ត​ថ្នាក់ក្រោម​មួយចំនួន ដូចជា​ករណី​ពលករ​ខ្មែរ ទើប​មកពី​ក្រៅប្រទេស ជាពិសេស​មកពី​ប្រទេស​ថៃ គឺ​តំបន់​ខ្លះ អ្នក​ចំណូល​ថ្មី​ទាំងនោះ បន្ត​រស់នៅ​ឡូ​កលំ​ជាមួយ​អ្នកផ្ទះ អង្គុយ​ឱបរឹត​កូនចៅ​រដូក​រណែលលើ​គ្រែ​ក្រោមផ្ទះ ដោយ​ស្និទ្ធស្នាល​ដដែល​។ នេះ​សំណាង​ហើយ ដែល​អ្នក​ទើប​មកពី​ថៃ និង​ពលករ​ក្រៅប្រទេស​ទាំងនោះ មិនមាន​ជំងឺឆ្លង​កូ​វីដ​១៩​។ ចុះបើ​អ្នក​ទាំងនោះមាន​ជំងឺ តើ​នឹង​ឆ្លង​នៅ​សហគមន៍​ភូមិ​ឃុំ​ស្រុក​យើង​តាម​ជនបទ​បែបណា​?
​ ​
​យ៉ាងណាក៏ដោយ ក្នុងអំឡុង​ពេលកន្លងមក អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​ក្រុង ខេត្ត​រាជធានី បាន​ចុះ​អប់រំ ផ្សព្វផ្សាយ ណែនាំ ចាក់​មេក្រូ អំពី​វិធានការ​ការពារ​ជំងឺឆ្លង​កូវ​ដី​១៩​តាមរយៈ ការ​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល ហើយ​បើ​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ ដោយ​អាជ្ញាធរ សមត្ថកិច្ច​យើង មាន​ទាំង​ចែក​ម៉ាស់ ក្រមា អាល់កុល និង​ជែ​ល​សម្រាប់​លាង​សម្អាត​ដៃ​ដោយ មាន​ទាំង​ក្រុមយុវជន ចូលរួម​យ៉ាង​សស្រោកសស្រាំ​នៅ​ទូទាំងប្រទេស​។​
​ ​
​ប៉ុន្តែ​សម្រាប់​អំឡុងពេល​ចូលឆ្នាំ​នេះ បើសិនជា​នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើដំណើរ ឆ្លងខេត្ត ដើម្បី​ទៅ​ស្រុកកំណើត​ទៀត គឺ​នៅ​គ្រប់​ខេត្ត​គួរតែ​អនុវត្ត​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ សម្រាប់​បងប្អូន ដែល​ធ្វើដំណើរ​ចូល ឬ​ឆ្លងកាត់​ខេត្ត​ទាំងនោះ​។ អាជ្ញាធរ​សមត្ថកិច្ច រៀបចំ​សាលារៀន ដាក់​មុង​ក​ន្ទ្រេល​ខ្នើយ ជូន​ពួកគាត់​សម្រាកនៅក្នុង​នោះ ដើម្បី​តាមដាន​សុខភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​ ​
​ដូច្នេះ​ដើម្បី​ចូលរួម​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ ដែល​រស់នៅ ស្នាក់នៅ​កន្លែង​ណា ត្រូវ​បន្ត​រស់នៅ ស្នាក់នៅ​កន្លែង​នោះ​។ ប្រជាពលរដ្ឋ​យើង ក៏​ត្រូវតែ​បន្តការងារ​តាម​ធម្មតា​ប្រចាំថ្ងៃ នៅ​អំឡុងពេល​ចូលឆ្នាំ​នេះ​។ ធ្វើ​ដូច្នេះ​ទើប​បងប្អូន មិនត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ​ក្នុងពេល​ធ្វើដំណើរ​ទៅស្រុក​ផង ហើយ​ពេល​វិល​ត្រឡប់មក​ភ្នំពេញ​វិញ​ក៏​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ១៤​ថ្ងៃ​ថែមទៀត​។ នេះ​ជា​វិធានការ​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ដែល​ក្រសួង​សុខាភិ​បាល និង​ក្រសួង​ការងារ បានប្រកាស​ណែនាំ ហើយ​ក្រុមហ៊ុន និង​ស្ថាប័នរដ្ឋ​បានប្រកាស​បន្ត អនុវត្ត​រួចរាល់​ហើយ​ដែរ​។​
​ ​
​ចូរ​កុំភ្លេចថា បើសិនជា​ប្រជាពលរដ្ឋ​ម្នា​ក់ណាឆ្លង​ជំងឺ​កូ​វីដ​១៩ នោះ​គឺ​មិន​ត្រឹមតែ​ម្នាក់​នោះទេ ដែល​រងគ្រោះ ត្រូវ​យកទៅ​ពេទ្យ ពិនិត្យ​តាមដាន និង​ព្យាបាល​ជួយសង្គ្រោះ គឺ​អ្នកផ្ទះ​ទាំងអស់ ក៏ត្រូវ​បាន​យកទៅ​តាមដាន​ពិនិត្យ​សុខភាព​យ៉ាងហោចណាស់ ក៏ ១៤​ថ្ងៃ​ដែរ​ហើយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត រក​ជំងឺ​កូ​វីដ​១៩ ផងដែរ​។

​ដូច្នេះ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារតែ​ការធ្វេសប្រហែស មួយពេល​នេះ​សូម​បងប្អូន ប្រជាពលរដ្ឋ មេត្តា​បន្ត​ស្នាក់នៅ និង​ធ្វើការ​នៅតាម​ទីតាំង​រៀងៗ​ខ្លួន​។ នៅពេល​ចូលឆ្នាំ នៅពេល​ជំងឺ​កូ​វីដ​១៩ លែង​ឆ្លង​រាតត្បាត គឺ​ប្រជាពលរដ្ឋ​យើង អាចធ្វើ​ដំណើរ ទៅលេង​ស្រុកណា​ក៏បាន ព្រោះ​យើង​មាន​ផ្លូវ​ស្អាត​ល្អ មាន​ស្ពាន​ឆ្លងទន្លេ ដែល​ងាយស្រួល​ចង់ទៅម៉ោង​ណា​ក៏បាន​ដែរ​៕ ដោយ​:​ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ